ក្រចេះ: បុរស​វ័យ​ ៦០ ​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​ចិត្របុរី​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មគ្រែ​​ឃាត់​ខ្លួន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ជា​អនីតិជន​ដែល​ជា​កូន​របស់​អ្នកជិតខាង​។

លោក ប៊ុត នឿន អធិការនគរបាល​ស្រុក​ចិត្របុរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ថ្ងៃ​អង្គារ​ថា ជនសង្ស័យ​ឈ្មោះ គង់ អ៊ឹម អាយុ ៦០ ​ឆ្នាំ​ រស់នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្តក្រចេះ ត្រូវបាន​ចាប់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ ២៧ ​ខែ​មករា ​តាម​បណ្ដឹង​របស់​ឪពុកម្ដាយ​ក្មេងស្រី​រងគ្រោះ​ដែល​ជា​អ្នករស់នៅ​ជិតខាង​គា្ន​។

លោក​បាន​ថ្លែងថា តាមរយៈ​បណ្ដឹង​នោះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ​វ័យ​ ១៣ ​ឆ្នាំ​បាន​សម្រេច​ចំនួន​ ៣ ​លើក​ចាប់ពី​ខែ​វិច្ឆិកា​ដល់​ខែ​ធ្នូ​ឆ្នាំ ២០១៩ ក្នុង​គ្រា​ដែល​នាង​ចេញ​ទៅ​ឃ្វាលក្របី​នៅក្នុង​ព្រៃ ហើយ​ជួប​ជនសង្ស័យ​កំពុង​ដើររក​ឃ្មុំ​នៅ​តំបន់​នោះ​។

លោក នឿន បាន​បញ្ជាក់ថា​៖ «​ក្នុង​បណ្ដឹង​នោះ ជនរងគ្រោះ​បាន​រៀបរាប់ថា ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​​រំលោភ​លើ​រាងកាយ​នាង​រួច​បាន​គំរាម​​នាង​កុំ​ឲ្យ​ប្រាប់​គេឯង​ពី​រឿងអាស្រូវ​នេះ សូម្បីតែ​ឪពុកម្ដាយ​របស់​នាង និង​ក្មេងៗ​នៅក្នុង​ភូមិ​ក៏ដោយ បើ​ពុំ​នោះ​ទេ គាត់​នឹង​សម្លាប់​ឲ្យ​អស់​ ១ ​ពូជ​ [​នាង​ និង​ក្រុមគ្រួសារ​] បន្ទាប់ពី​គំរាម​រួច​ជនសង្ស័យ​ក៏បាន​ឲ្យ​ទឹកឃ្មុំ​ទៅ​កុមារី​រងគ្រោះ​ញ៉ាំ​ទុក​ជា​ការ​លួង​ចិត្ត​»​។

លោក នឿន បាន​បន្ត​ថា​ក្រោយ​ការឃាត់​ខ្លួន​មក​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា គាត់​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការចោទប្រកាន់​មែន ប៉ុន្តែ​បាន​បដិសេធ​ថា មិន​បាន​គំរាមកំហែង​ ឬ​ប៉ុនប៉ង​សម្លាប់​នាង និង​ក្រុមគ្រួសារ​នាង​ទេ​។

បើ​តាម​លោក នឿន កាលពី​ ៤-៥ ​ខែ​មុនពេល​ប្រព្រឹត្ត​បទល្មើស ជនសង្ស័យ​បាន​រករឿង​ឈ្លោះ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធ និង​បាន​សុំ​ប្រពន្ធ​លែងលះ​គ្នា​ដោយ​ចោទ​ថា ប្រពន្ធ​ស្ដីបន្ទោស និង​រករឿង​ប្រចណ្ឌ​គាត់​ដាក់​ក្មេងស្រី​រងគ្រោះ​ខុស​ទំនង​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​នៅ​ថ្ងៃ​នេះ​ (​ថ្ងៃ​អង្គារ​) ​លោក​បាន​បញ្ជូន​ជនសង្ស័យ​ និង​សំណុំរឿង​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​។

ជុំវិញ​ករណីនេះ​លោកស្រី នៅ រតនា ស្នងការរង​នគរបាល​ខេត្តក្រចេះ​ទទួល​បន្ទុក​ផ្នែក​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​នេះ​លោកស្រី​នៅ​មិនទាន់​បាន​​ពិនិត្យ​សំណុំ​រឿង​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ទទួល​សំណុំរឿង​នោះ​ហើយ​និង​សាកសួរ​ជនសង្ស័យ​ជុំវិញ​​ដំណើរ​រឿង​ចោទប្រកាន់​នោះ​។

លោកស្រី​បាន​ថ្លែងថា​៖ «​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ទទួល​សំណុំរឿង និង​ជនសង្ស័យ​នោះ​​ហើយ​និង​កំពុង​ស្ថិត​ក្រោម​នីតិវិធី​នៃ​​ការស៊ើបសួរ ប៉ុន្តែ​សំណុំរឿង​បែបណា​នោះ ខ្ញុំ​នៅ​មិនទាន់​បាន​ពិនិត្យ​ឲ្យ​ល្អិតល្អន់​នោះទេ​»៕