កំពង់ស្ពឺៈ ឧកញ៉ា​ក្លែងក្លាយ​ម្នាក់​ត្រូវបាន​កងរាជ​អាវុធហត្ថ​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន​ពី​ម្សិលមិញ​តាម​ដីកា​បង្គាប់​របស់​តុលាការខេត្ត​ពី​បទ​លក់​ដី​បោកប្រាស់​កាលពី​ឆ្នាំ​ ២០១៨​។ ឧកញ៉ា​ក្លែងក្លាយ​នេះ​គឺ​ត្រូវបាន​គេ​ប្ដឹង​ទៅ​តុលាការ បន្ទាប់ពី​ទទួល​បាន​លុយ​កក់ ហើយ​គ្មាន​ដី​ប្រគល់​ឱ្យ​អ្នកទិញ​។

លោក​ ធី រ៉ាស៊ី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ស្រុក​ឧដុង្គ​ប្រាប់​កាលពី​ថ្ងៃ​ទី​ ១៦ មិថុនា ថា​បុគ្គល​ឈ្មោះ​ សូ សារឹម អាយុ​ ៤១ ​ឆ្នាំ ​មុខរបរ​គ្រូពេទ្យ​រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ​ដែល​អះអាង​ថា ខ្លួន​ជា​ឧកញ៉ា​គឺ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​តុលាការ និង​បាន​បញ្ជូន​ទៅកាន់​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

លោក​ប្រាប់​ថា​៖ «​យើង​ចាប់ខ្លួន​គាត់​ទៅ​តាម​តែ​ដីកា​ទេ ហើយ​ដីកា​ហ្នឹង​សរសេរ​បញ្ជាក់​ខ្លី​អត់​មាន​បញ្ជាក់​ពី​អី​ច្រើន​ពាក់ព័ន្ធ​ថា​ប្រព្រឹត្ត​បទល្មើស​អី​ម៉េច​ទេ​»​។

កាលពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក​ ជូ សារុន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​លោក​ ខៃ សម្ភស្ស ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បានទេ ដោយសារ​ពួកលោក​មិន​លើក​ទូរស័ព្ទ​។ រីឯ​លោក​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​បញ្ជាក់ថា លោក​មិនទាន់​ទទួល​បាន​របាយការណ៍​នេះ​នៅឡើយ​។

ប៉ុន្តែ​យោង​តាម​សារព័ត៌មាន ANN បាន​ចុះផ្សាយ​ថា បុគ្គល​ឈ្មោះ​ សូ សារឹម ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឆបោក​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ បន្ទាប់ពី​បុគ្គល​រូបនេះ​បាន​លក់​ដី​ចំនួន​ ២ ​ប្លង់​មាន​ទំហំ​សរុប​ចំនួន​ ៥ ​ហិកតា​ដែល​ស្ថិតនៅ​ឃុំ​ព្រះស្រែ និង​ឃុំ​វាលពង់ ស្រុក​ឧដុង្គ​។

សារព័ត៌មាន​នោះ​បន្តថា ដី​ទាំង​ ២ ​ប្លង់​នេះ​ត្រូវបាន​លក់​ទៅ​ឲ្យ​ឈ្មោះ​ ហម សាវុធ ដោយ​បាន​កក់​ប្រាក់​មុន​ចំនួន​ ៧ ​ម៉ឺន​ដុល្លារ ប៉ុន្តែ​ក្រោយ​មក​ឈ្មោះ​ សូ សារឹម គ្មាន​ដី​ប្រគល់​ឱ្យ​ទើប​មាន​ការប្ដឹងផ្ដល់​គ្នា​។

បុគ្គល​ សូ សារឹម ធ្លាប់​ត្រូវបាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​ម្ដង​ហើយ​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ស្ពឺ​ពាក់ព័ន្ធ​នឹង​ការលួច​លក់​ដី​ពលរដ្ឋ​នៅ​ឃុំ​ព្រះស្រែ ប៉ុន្តែ​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​៕