ភ្នំពេញៈ មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់​ពី​ម្សិលមិញ​ថា បុរស​ ២ ​នាក់​ ក្នុងចំណោម​បក្ខពួក​ ៤-៥ ​នាក់​ ត្រូវបាន​កម្លាំង​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​បង្ក្រាប​ចាប់ខ្លួន​ភ្លាមៗ ក្រោយពី​ពួកគេ​បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​ប្រឆាំង​នឹង​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ១ ​កន្លែង​នៅ​សង្កាត់​បឹងកក់ ​២ កាលពី​យប់​ថ្ងៃ​ទី​ ២៣ ​ធ្នូ​។

លោក​ ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរស​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នា​យប់នោះ​រួមមាន​ឈ្មោះ​ មាស សិលា អាយុ​ ២៧ ​ឆ្នាំ​ ជា​អ្នកបើករថយន្ត និង​ម្នាក់ទៀត​ឈ្មោះ​ គិត ម៉េងលី អាយុ​ ១៨ ​ឆ្នាំ ជា​និស្សិត​។ អ្នក​ទាំង​ ២ ​រស់នៅ​ក្នុង​ភូមិ ​៧ សង្កាត់​បឹងកក់​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

លោក​ វណ្ណៈ ​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​ក្រុម​សមត្ថកិច្ច​យើង​បាន​តាមដាន​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។ នៅពេល​នេះ​ជនសង្ស័យ​ទាំង​ ២ ​កំពុង​ស្ថិតក្រោម​ការសួរចម្លើយ​ពី​មន្ត្រីនគរបាល​ជំនាញ​»​។

បើ​តាម​លោក​ វណ្ណៈ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កាលពី​យប់​ថ្ងៃ​ចន្ទ​នោះ​ក្រុម​សមត្ថកិច្ច​បាន​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​ដែល​មាន​គ្នា​ ៤-៥ ​នាក់ ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​ម្ដុំ​មន្ទីរពេទ្យ​លោកសង្ឃ​។

ពេលនោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ពី​កម្លាំង​សមត្ថកិច្ច​តាមបណ្ដោយ​ផ្លូវ​ ៥៩៨ ​ឆ្ពោះ​ទៅ​ផ្សារ​មាន់អាំង ហើយ​ជនសង្ស័យ​ ២ ​នាក់​ បាន​បត់​ម៉ូតូ​ចូល​ទៅ​ផ្ទះ​របស់​ពួកគេ​ដែល​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​ ៣១៥ ក្នុង​ភូមិ​ ៧ សង្កាត់ បឹងកក់​ ២ ខណ្ឌទួលគោក​។ ខណៈនោះ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់​មកលើ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​គ្រាប់ ប៉ុន្តែ​មិន​បង្ក​ឲ្យ​កម្លាំង​នគរបាល​ណា​ម្នាក់​រងរបួស​នោះទេ​។

លោក​បន្តថា បន្ទាប់ពី​មាន​ការផ្ទុះអាវុធ​ កម្លាំង​ការិយាល័យ​ (​ក​៦) ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ទាក់ទង​ស្នើ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ជួយ​អន្តរាគមន៍​ និង​ឡោម​ព័ទ្ធចាប់​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​ដោយ​បាន​ដកហូត​អាវុធខ្លី​ ១ ​ដើម​ម៉ាក SIGSOWER P320 មាន​គ្រាប់​ ៦ ​គ្រាប់ និង​ម៉ូតូ ​១ ​គ្រឿង​ម៉ាក Honda Dream C125 ស៊េរី 2016 ពាក់​ស្លាក​លេខ ភ្នំពេញ​ 1GD- 4729 និង​គ្រឿងញៀន​មួយចំនួន​។ ជាមួយ​គ្នា​នេះ​ក្រុម​សមត្ថកិច្ច​ក៏បាន​រកឃើញ​សម្បក​កាទូស​ចំនួន​ ៤ ​គ្រាប់​នៅ​កន្លែង​កើតហេតុ​ផងដែរ​។

តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កម្លាំង នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ចំនួន​ ២០ ​ករណី​ ចាប់ខ្លួន​ជនសង្ស័យ​ ៤៨ ​នាក់ និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​ប្រភេទ អៃស៍មេតំហ្វេតាមីន​ ៦២,៤៩ ​ក្រាម​, កេតាមីន​ ០,៩២​ ក្រាម​, អ៊ិចស្តាស៊ី ១,៥៣ ​ក្រាម និង​ម៉េតំហ្វេតាមីន​ចំនួន​ ០,២៩ ​ក្រាម​។

របាយការណ៍​ថា​ក្នុងចំណោម​ជនសង្ស័យ​ ៤៨ ​នាក់​នោះ​មាន​ ១៧ ​នាក់​ ជា​មុខសញ្ញា​ចាស់​ជួញដូរ​គ្រឿងញៀន​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ និង ៣១ ​នាក់​ទៀត​ជា​អ្នកប្រើប្រាស់​៕