ភ្នំពេញៈ រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​លើស​ទម្ងន់​ជិត​ ៣០០ ​គ្រឿង​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឃាត់ និង​ពិន័យ​បាន​ថវិកា​សរុប​ជាង​ ៥០០ ​លាន​រៀល​ក្នុង​ខែមេសា ខណៈ​រយៈពេល​ ២០ ​ថ្ងៃ​នៃ​ខែឧសភា​នេះ សមត្ថកិច្ច​បាន​ផាកពិន័យ​យានយន្ត​ ៣០៦៥៨ ​គ្រឿង​ក្នុងនោះ​ម៉ូតូ​ ២២៥៦០ ​គ្រឿង និង​រថយន្ត ៨០៩៨ ​គ្រឿង​។

សេចក្ដី​ប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​ ២០ ឧសភា ឲ្យ​ដឹងថា ពេញ​ ១ ​ខែ​មេសា ឆ្នាំ​ ២០២០ មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាប់​បាន​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​ដឹក​លើស​ទម្ងន់​សរុប​ចំនួន​ ២៩៨ ​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន​ ៥០៥ ៧០០ ០០០ ​រៀល​។

របាយការណ៍​បន្តថា ក្នុង​ចំណោម​ស្ថានីយ​ថ្លឹង​ចំនួន​ ២៨ មាន​ស្ថានីយ​អង្គស្នួល​ក្នុង​ខេត្ត​កណ្តាល​ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន​ ៣៧ ​គ្រឿង ស្ថានីយ​មានជ័យ​ក្នុង​ខេត្តក្រចេះ​ចាប់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន​ ៣៧ ​គ្រឿង ស្ថានីយ​ប្រាសាទ​ខេត្ត​កំពង់ធំ​ចាប់​បាន​ ២៧ ​គ្រឿង ស្ថានីយ​លង្វែក​ខេត្ត​កំពង់ឆ្នាំង ២៤ ​គ្រឿង​។ ចំនួន​នេះ​គឺ​ច្រើនជាង​ស្ថានីយ​ផ្សេងៗ​ទៀត​។

លោក​ ហ៊ាង សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ផែនការ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់​បន្ថែម​តាម​គោលដៅ​សំខាន់ៗ​មួយចំនួន​ទៀត​។ ក្រៅពី​នេះ​ក៏​ដាក់​តាម​ផ្លូវជាតិ​ដែល​បាន​ស្ថាបនា​រួចរាល់​ដើម្បី​កាត់បន្ថយ​ការខូចខាត​ផ្លូវ​មុន​អាយុកាល ដោយសារ​អ្នក​ដឹកទំនិញ​មិន​ព្រម​គោរព​ច្បាប់​។

លោក​ថា ក្រៅពី​ប្រើប្រាស់​ជញ្ជីង​ប្រចាំការ​នៅតាម​គោលដៅ​សំខាន់ៗ​នោះ​ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​ក្រុម​ជញ្ជីង​ចល័ត​បន្ថែម​ ១ ​ក្រុម​ទៀត ដើម្បី​ដាក់​ចល័ត​បន្ថែម​នៅតាម​ស្ថានីយ​ណា​ដែល​មាន​រថយន្ត​ច្រើន​កំពុង​កកស្ទះ​ខ្លាំង​ហើយ​ជញ្ជីង​ប្រចាំការ​នៅ​ទីនោះ​ថ្លឹង​មិនទាន់​។

លោក​បញ្ជាក់ថា​៖ «​ហើយ​ក្រុម​ជញ្ជីង​ចល័ត​នេះ​ក៏​សម្រាប់​តាមដាន​ទៅលើ​ស្ថានីយ​មួយណា​ដែល​ធ្វើការ​មិន​ប្រក្រតី គឺ​យើង​ដាក់​កម្លាំង​ជញ្ជីង​ចល័ត​ទៅ​ត្រួតពិនិត្យ​យ៉ាង​សម្ងាត់​»​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ ស៊ុន ចាន់ថុល ធ្លាប់​បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ​មាន​រថយន្ត​ដឹកទំនិញ​លើស​ ១០ ​តោន​គេ​យក​ ១០ ​គុណ​ ១០ ​ស្មើ ១០០ គេ​យក​ ១០០ ​គុណ​ ១០ ​ស្មើនឹង ១០០០ គេ​យក​ ១០០០ ​គុណ​ ១០ ស្មើនឹង​ ១ ​ម៉ឺន​។ ដូច្នេះ​រថយន្ត​តែ​ ១ គ្រឿង​បាន​បើក​លើផ្លូវ​នោះ គឺ​ស្មើនឹង​រថយន្ត​ធុន​តូច​ ១ ​ម៉ឺន​គ្រឿង​បើក​ចុះឡើងៗ​នៅលើ​ផ្លូវ​នោះ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​សូមមេត្តា​អាណិតអាសូរ​ដល់​រាជរដ្ឋាភិបាល​យើង​ដែល​ខិតខំ​ប្រឹងប្រែង កៀរគរ​ថវិកា​ក្នុង​ការកសាង​ផ្លូវ​ទាំងអស់​ដែល​យើង​បំផ្លាញ​នេះ​។ អ៊ីចឹង​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ថែរក្សា​ផ្លូវថ្នល់​យើង​ជា​ទ្រព្យសម្បត្តិ​ជាតិ​យើង ដែល​ចេញ​ពី​ញើស​ឈាម​ពលរដ្ឋ​យើង​»​។

លោក​ ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​ដែល​ប្រចាំការ​នៅ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​បន្ត​អនុវត្ត​ច្បាប់​ទៅលើ​រថយន្ត​ដែល​ដឹកទំនិញ​លើស​ទម្ងន់​។ ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​ចំនួន​មាន​មន្ត្រី​នៅ​ប្រចាំការ​ជាប្រចាំ និង​កន្លែង​ខ្លះ​មាន​មន្ត្រី​ឆ្លាស់​វេន​គ្នា​ប្រចាំការ ដើម្បី​អនុវត្ត​ច្បាប់​។

លោក​ថា​ក្នុង​ខែ​មេសា សមត្ថកិច្ច​ឃាត់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ចំនួន​ ៧០ ​គ្រឿង​ក្នុង​នោះ​ស្ថានីយ​អង្គស្នួល​ចំនួន​ ៣៧​ គ្រឿង ស្ថានីយ​ព្រែកស្ដី​ [​ផ្លូវ​លេខ​ ២១]២០ ​គ្រឿង ស្ថានីយ​កំពង់ទួល​ ៨ ​គ្រឿង ស្ថានីយ​ក្រសាំង​ ៤ ​គ្រឿង​ និង​ស្ថានីយ​កំពង់​ភ្នំ​ ១ ​គ្រឿង​។ លោក​ថា​៖ «​ឥឡូវនេះ​យើង​នៅតែ​បន្ត​ការឃាត់​រថយន្ត​ដែល​ដឹកទំនិញ​លើស​ទម្ងន់​ដែល​ធ្វើឲ្យ​ខូច​ផ្លូវ ព្រោះ​យើង​ជា​អ្នកអនុវត្ត​ច្បាប់​។ ជាពិសេស​យើង​បានដាក់​បន្ថែម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ២១ ​មួយ​កន្លែង ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹងថា​ក្រសួង​យើង​គ្រោង​រក​កន្លែង​ណា​ផ្សេងៗ​ដាក់​បន្ថែមទៀត​ទេ​»​។

លោក​ ឆាយ គឹមខឿន អគ្គស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា រយៈពេល​ ២០ ​ថ្ងៃ​នៃ​ការរឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩ ពោលគឺ​ថ្ងៃទី​ ១-២០ ខែ​ឧសភា មន្ត្រីនគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​ ៣០៦៥៨ ​គ្រឿង​ក្នុង​នោះ​ម៉ូតូ​ ២២៥៦០ ​គ្រឿង និង​រថយន្ត​ ៨០៩៨ ​គ្រឿង​។

លោក​បន្តថា ចំពោះ​ថ្ងៃទី​ ២០ ខែ​ឧសភា​នេះ មន្ត្រីនគរបាល​ចរាចរណ៍​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​ ១៣៥២ ​គ្រឿង​។ ក្នុងនោះ​ម៉ូតូ​ ៩៨១ ​គ្រឿង​ (​ភាគច្រើន​នៃ​បទល្មើស​គឺ​គ្មាន​មួក ភ្លើង​សញ្ញា ប្រើប្រាស់​ទូរស័ព្ទ ស្រវឹង​) ​និង​រថយន្ត​ ៣៧១ ​គ្រឿង ហើយ​ភាគច្រើន​នៃ​បទល្មើស​គឺ​លើស​ល្បឿន គ្មាន​ខ្សែក្រវាត់ និង​ស្រវឹង​ជាដើម​។

លោក​ថា​៖ «​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ ៧ ​លើក​ក្នុង​នោះ​ស្លាប់​ ៤ ​នាក់​របួស​ ១១ ​នាក់​ដែល​ក្នុងនោះ​របួសធ្ងន់​ ៨ ​នាក់​ពោល​គឺ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​»៕