
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចុះចាប់រថយន្តពាក់ស្លាកលេខ ខ.ម. ១ គ្រឿង និងគោយន្ត ៣ គ្រឿង ដឹកឈើជាច្រើនគុបពីតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា។ រូបថត សហការី
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានឃាត់ទុករថយន្តដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម.) ១ គ្រឿង និងគោយន្តចំនួន ៣ គ្រឿង ដែលដឹកឈើជាច្រើនគុបចេញពីក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដើម្បីជាការព្រមានដល់ប្រជាពលរដ្ឋកុំឱ្យបន្តកាប់ឈើធ្វើអាជីវកម្មទៀត។
លោក សុខ ទូច បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា បន្ទាប់ពីលោកទទួលបានដំណឹងពីប្រភពដែលប្រាប់ថា មានគោយន្តចូលទៅកាប់ឈើនៅក្នុងឧទ្យាននោះ លោកក៏បានធ្វើដំណើរទាំងយប់ចេញពីភ្នំពេញ ឆ្ពោះទៅកាន់ព្រះវិហារទាំងយប់ ។ លុះព្រឹកឡើងលោក និងក្រុមការងារបានសម្រុកចូលទៅក្នុងព្រៃ បានឃាត់គោយន្តចំនួន ៣ គ្រឿង និងឃើញដើមឈើធំៗប្រភេទផ្ចឹកត្រូវបានកាប់អស់ប្រហែលជាង ១០ ដើម។
លោក សុខ ទូច បញ្ជាក់ថា មូលហេតុដែលឃាត់ទុកនេះ ព្រោះលោកបានណែនាំ និងអប់រំពលរដ្ឋដែលរស់នៅក្នុងឧទ្យានតេជោ សែន ឫស្សីត្រឹបនេះ អស់ជាច្រើនលើកច្រើនសារកុំឱ្យកាប់ដើមឈើ។ ប៉ុន្តែពលរដ្ឋទាំងនោះហាក់មិនរាងចាលនោះទេ ហើយនៅតែបន្តចូលកាប់ឈើក្នុងឧទ្យាននេះជាបន្តបន្ទាប់ ដោយប្រើប្រាស់គោយន្តដើម្បីដឹកឈើចេញ។
កាលពីមុន គឺឃាត់តែរថយន្ត ហើយបានបញ្ជូនទៅឱ្យមេព្រៃ ឬប៉េអឹម ដើម្បីដោះស្រាយ ប៉ុន្តែដំណោះស្រាយហាក់គ្មានប្រសិទ្ធភាព។ លើកនេះ ក៏មានការឃាត់រថយន្តដែលពាក់ស្លាកលេខ ខ.ម.ផងដែរ ។ បន្ទាប់ពីឃាត់គោយន្ត និងរថយន្តទុកនេះ លោកក៏បានឃើញឈើប្រមាណ ២ ទៅ ៣ គុបក្នុងគោយន្ត និងរថយន្តនីមួយៗ។ នេះជាការអះអាងរបស់លោក សុខ ទូច។
បើតាមលោក សុខ ទូច អ្នករស់នៅក្នុងឧទ្យាននេះ ត្រូវបានឃាត់ខ្លួនម្តងហើយបានណែនាំពួកគាត់កុំឱ្យកាប់ឈើបន្តទៀត និងឱ្យមានការងារធ្វើនៅក្នុងឧទ្យាន។ ប៉ុន្តែពួកគាត់នៅតែប្រព្រឹត្ត ដោយកន្លែងខ្លះបានកាប់អស់ជាង ៣០០ ដើម សុទ្ធតែដើមឈើផ្ចឹក និងសុក្រំ ហើយម្តងនេះ គឺឃាត់ទុក មិនអាចឱ្យយកទៅប្រើប្រាស់បានទៀតនោះទេ។
លោកបន្ថែមថា៖ «ខ្ញុំធ្វើនេះ គឺដើម្បីទុកឱ្យក្មេងជំនាន់ក្រោយស្គាល់ដើមឈើដែលមានទំហំ ៣ អោប ឬ ៤ ឱប ដូចជា ស្រឡៅ បេង នាងនួន និងផ្ចឹកយ៉ាងម៉េច។ គ្រាន់តែធ្នង់វិញ ឱ្យតែបានធំប៉ុនភ្លៅបន្តិច កាប់ខ្ទេចអស់អាលីងគ្មានសល់ ដោយពេលខ្លះមានកាប់ពី ៣ ០០០ ទៅ ៤ ០០០ ដើមក្នុង ១ យប់»។
លោកថ្លែងថា៖ «យើងបានអនុគ្រោះដល់ពួកគាត់ជាច្រើនលើកច្រើនសារមកហើយ ស្របពេលដែលការអប់រំក៏ត្រូវបានធ្វើឡើងអស់រយៈពេល ២ ឆ្នាំមកហើយ។ ចំណែកឯការបង្កើតមុខរបរផ្សេងទៀត ក៏យើងបានផ្ដល់ទៅដល់គាត់ផងដែរ ប៉ុន្តែពួកគាត់នៅតែបន្តកាប់បំផ្លាញព្រៃឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបន្តទៀត»។
ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ការឃាត់រថយន្ត ខ.ម. និងគោយន្តនេះ វាខុសច្បាប់ ប៉ុន្តែ វាសល់ឈើ។ ប្រសិនបើលោកអនុញ្ញាតឱ្យគោយន្តត្រឡប់ទៅវិញ ពួកគាត់នឹងបន្តកាប់ឈើនៅក្នុងឧទ្យាននេះបន្តទៀត។ មនុស្សក៏លោកបានកំណត់អត្តសញ្ញាណច្បាស់លាស់ដែរ គឺមានគ្នាសរុបទាំងអស់ ៦ នាក់ ប៉ុន្តែលោកពុំមានវិធានការអ្វីឡើយ គឺ ឃាត់តែរថយន្ត និងគោយន្តប៉ុណ្ណោះ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក សុក សាន្តតារ៉ា អភិបាលស្រុកឆែប ដើម្បីសុំធ្វើអត្ថាធិប្បាយបានទេ ពីម្សិលមិញដោយហៅទូរស័ព្ទចូលជាច្រើនលើក ប៉ុន្តែមិនមានអ្នកទទួល។
លោកស្រី ភោគ ហុង សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារនិយាយថា បទល្មើសព្រៃឈើនៅក្នុងតាមតំបន់ការពារ និងអភិរក្សមួយចំនួននៅខេត្តព្រះវិហារ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ ភាគច្រើន គឺធ្វើសកម្មភាពនៅពេលយប់ ដែលធ្វើឱ្យអ្នកការពារមានការលំបាកក្នុងការទប់ស្កាត់។
បើតាមលោកស្រីបទល្មើសភាគច្រើន គឺត្រូវបានប្រព្រឹត្តដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអ្នកមកពីខេត្តផ្សេងខ្លះ ហើយមួយចំនួនគឺជាឈ្មួញឈើ ជួលមនុស្សឱ្យធ្វើសកម្មភាពកាប់ដើមឈើយកចេញពីសហគមន៍ និងតំបន់ការពាររបស់រដ្ឋាភិបាល។
លោកស្រីថ្លែងថា៖ «បទល្មើសព្រៃឈើនៅក្នុងខេត្តព្រះវិហារ គឺអជ្ញាធរនៅតាមមូលដ្ឋានមួយចំនួនមិនបានចូលរួម និងយកចិត្តទុកដាក់ណែនាំ និងពន្យល់ដល់ពលរដ្ឋកុំឱ្យកាប់ឈើធ្វើអាជីវកម្ម ព្រមទាំងអភិរក្សទេ ប៉ុន្តែបែរជាគាត់និយាយថា បើមិនឱ្យពលរដ្ឋចូលព្រៃកាប់ឈើធ្វើអាជីវកម្ម តើពលរដ្ឋបានចំណូលមកពីណាដើម្បីចិញ្ចឹមជីវិត។ នេះជាចំណុចខុសធ្ងន់ណាស់»៕