ភ្នំពេញៈ មនុស្ស១៦នាក់ រាប់ទាំងឧកញ៉ានិងជនជាតិចិន ៣នាក់ផង ត្រូវមន្ត្រីប្រឆាំងគ្រឿងញៀនអះអាងថា ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញពីបទប្រើប្រាស់និង ចែកចាយគ្រឿងញៀន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក សឿង នុល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹង កាលពីម្សិលមិញថា លោកឧកញ៉ា តាន់ សេងហាក់ ប្រពន្ធ កូនស្រី និងកូនប្រុសបីនាក់ និងជនជាតិចិន៣នាក់ ក្នុងនោះ មានស្រីម្នាក់ និងមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្នុងពេលនគរបាលចុះបង្ក្រាបនៅភូមិគ្រឹះរបស់ឧកញ៉ា តាន់ សេងហាក់ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងប្រហែល ១១ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២។

លោកបានបន្ថែមថា ជនសង្ស័យ៤ នាក់ រាប់បញ្ចូលទាំងកូនប្រុសពីរនាក់របស់ឧកញ៉ា តាន់ សេងហាក់ និងបុរសពីរនាក់(កម្មករ) ត្រូវនគរបាលដោះលែងវិញនៅពេលក្រោយមកបន្ទាប់ពីការសាកសួរ ព្រោះពួកគេមិនពាក់ព័ន្ធនឹងករណីនេះឡើយ។
លោកបានបន្ថែមថា៖ «ពួកគេជាក្រុមអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន។ ពួកគេត្រូវបានចាប់ខ្លួន នៅពេលនគរបាលរបស់យើងបានចុះបង្ក្រាបភូមិគ្រឹះរបស់ឧកញ៉ា តាន់ សេងហាក់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី។
លោកបានបន្តថា ៖ «បន្ទាប់ពីការសាកសួរ ជនបួននាក់នៅក្នុងចំណោម ១៦ នាក់ នោះត្រូវបាននគរបាលដោះលែង ព្រោះពួកគេមិនពាក់ព័ន្ធនឹងរឿងក្តីនេះទេ»។
លោកបញ្ជាក់ បន្ថែមថា ដើម្បីបង្ក្រាបនៅភូមិគ្រឹះឧកញ៉ា តាន់ សេងហាក់ នគរបាលត្រូវបានដាក់ពង្រាយ និងឡោមព័ទ្ធភូមិគ្រឹះតាំងពីម៉ោង ៩ ព្រឹក ហើយដើម្បីបង្ការពួកគេកុំឲ្យរត់គេច នគរបាលក៏បានធ្វើការបាញ់កាំភ្លើងឡើងទៅលើគំរាមផងដែរ។
លោកបានបញ្ជាក់ថា៖ «ពួកគេ ត្រូវបានបង្ក្រាបដោយកម្លាំងនគរបាល ខណៈកំពុងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះឧកញ៉ា តាន់ សេងហាក់ ហើយដើម្បីចាប់ខ្លួនពួកគេ នគរបាលបានបាញ់ ៣ គ្រាប់ឡើងទៅលើមេឃក្នុងគោលបំណងដើម្បីបង្ការពួកគេកុំឲ្យរត់គេច ខ្លួន»។
លោកបានឲ្យដឹងថា បន្ទាប់ពីការចាប់ខ្លួន នគរបាលរឹបអូសយកបានថ្នាំកូកាអ៊ីនមួយកញ្ចប់ ធំ ថ្នាំមេតំហ្វេតាមីនមួយកញ្ចប់តូច បំពង់មួយកញ្ចប់ធំ ហើយនិងសម្ភារគ្រឿងញៀនពាក់ព័ន្ធដទៃទៀត លិខិតឆ្លងដែនពីរ ទូរស័ព្ទចល័ត ៩ គ្រឿង ម៉ាស៊ីនថតឌីជីថល៤គ្រឿង ម៉ូតូ៩គ្រឿង រថយន្តមួយគ្រឿង ប្រាក់ ២៥០០ ដុល្លារអាមេរិក និងគ្រឿងអលង្ការមួយចំនួនផង។
លោកបានបន្ថែថា៖ «ពួកគេត្រូវបានចោទប្រកាន់ជាបឋមដោយនគរបាល ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន»។
លោកបានឲ្យដឹងទៀតថា ជនសង្ស័យនៅសេសសល់១២នាក់ ឥឡូវនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្ថែម និងស្រាវជ្រាវ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់ ប៉ុន្មានថ្ងៃខាងមុខនេះ។
លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដែលបានដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបករណីគ្រឿងញៀនខាងលើ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
លោកឧត្តមសេនីយ ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ បានថ្លែងថា កងកម្លាំងប្រឆាំងគ្រឿងញៀនបានចំណាយពេលអស់ជាច្រើនខែ ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពរបស់ឧកញ៉ា តាន់ សេងហាក់ មុននឹងឈានដល់ការចុះបង្ក្រាប និងចាប់ខ្លួនពួកគេនៅភូមិគ្រឹះនេះកាលពីម្សិលមិញ។
លោកបាននិយាយឲ្យដឹងថា៖ « នេះជាជោគជ័យមួយទៀត ដែលនគរបាលយើងបានចុះបង្ក្រាបការជួញដូរថ្នាំញៀន ហើយបានចាប់ខ្លួនអ្នកជួញដូរនៅកម្ពុជា។ ដើម្បីបង្ក្រាបសកម្មភាពគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន នៅកម្ពុជា យើងនឹងបន្តខិតខំប្រឹងប្រែងតទៅទៀត»។
លោកឧកញ៉ា តាន់ សេងហាក់ និងក្រុមគ្រួសារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕ TK