
បាត់ដំបងៈ ឈើប្រណីតប្រភេទគ្រញូងប្រមាណ១០តោនដែលមានតម្លៃប្រមាណ១០ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចចម្រុះស្រុកសំឡូតចាប់បានកាលពីម៉ោង 00: ៣០ នាទីយប់ឈានចូលថ្ងៃអាទិត្យម្សិលមិញនៅចំណុចស្ពានអូរខ្លាឃ្មុំ ឃុំសំឡូត។
លោក ប៊ូ ស៊ីណា ប្រធានផ្នែកប្រត្តិបត្តិច្បាប់នៃមូលនិធិ ម៉ាដុកជូលីភីត (MJP) បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រោយពីទទួលបានព័ត៌មានសម្ងាត់ថា មានរថយន្តដឹកដំឡូងមីមានបង្កប់ឈើគ្រញូងនៅពីក្រោមមួយគ្រឿងបានបើកចេញពីចំណុច អូររថក្រោះ ភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ក្នុងគោលដៅយកទៅលក់នៅទីផ្សារប្រទេសវៀតណាម ក្រុមសមត្ថកិច្ចចម្រុះនៃមូលនិធិ MJP ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយកងរាជអាវុធហត្ថ នគរបាលព្រំដែន និងមន្ត្រីអភិរក្សបរិស្ថាន បានចុះប្រតិបត្តិការពួនស្ទាក់ឃាត់រថយន្តនោះបាននៅចំណុចស្ពានអូរខ្លាឃ្មុំ។
ក្រុមសមត្ថកិច្ចបានឆែកឆេររើបាវដំឡូងមីខាងលើចេញក៏ប្រទះឃើញឈើគ្រញូងទាំងនោះ ដែលពួកគេបានដាក់បង្កប់ពីខាងក្រោមដើម្បីលាក់បាំងបំភាន់ភ្នែកសមត្ថកិច្ច។ លោកបានថ្លែងថា៖«ក្រោយពីឆែកឃើញ យើងក៏បញ្ជាឲ្យអ្នកស៊ីឈ្នួលបើកបររថយន្តដឹកឈើខុសច្បាប់នេះទៅកាន់ទីស្នាក់ការរបស់យើង ដើម្បីធ្វើការសាកសួរបន្ថែម ដោយមានក្រុមការងាររបស់យើងបីនាក់ជិះជាមួយ ប៉ុន្តែនៅពាក់កណ្ដាលផ្លូវត្រង់ចំណុចអន្លង់ពស់ជនសង្ស័យបានលោតចុះពីរថយន្ត រួចរត់គេចខ្លួនបាត់»។
លោកបានបន្ថែមថា៖ «បច្ចុប្បន្ន រថយន្តនិងទំនិញរបស់ជនសង្ស័យ ត្រូវបានយើងរឹបអូសយកមករក្សាទុកក្នុងទីស្នាក់ការ MJP ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងស្រាវជ្រាវបន្តស្វែងរកចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់»។ លោកក៏បានឲ្យដឹងផងដែរថា រថយន្តដែលជាមធ្យោបាយដឹកជញ្ជូនឈើគ្រញូងខុសច្បាប់នោះ ម៉ាក Fuso ពាក់ស្លាកលេខកោះកុង 3A-0397 ។ លោកបន្តថា៖«តាមការប៉ាន់ប្រមាណរបស់យើងឈើគ្រញូងប្រមាណ១០តោននេះ មានតម្លៃទាបបំផុតមិនក្រោម១០ម៉ឺនដុល្លារនោះទេ»៕