ភ្នំពេញៈ ​ការ​វិវត្តបច្ចេក​វិទ្យា​ក្នុង​ដំណាក់​កាល​នៃ​បដិ​វត្ដន៍​ឧស្សា​ហកម្ម​ទី៤​ នឹង​បណ្ដាលឱ្យ​មាន​ការ​បាត់​បង់​ការងារ​ ហើយ​ក៏​បង្កើត​​ឲ្យ​​មាន​ប្រ​ភេទ​ការ​ងារ​ថ្មីៗ​ ប៉ុន្ដែ​អ្នក​ដែល​បាត់​បង់​ការងារ​ក្នុង​ដំណាក់​កាល​នេះ​ នឹង​មិន​អាច​ស្វែង​រក​ការ​ងារ​ធ្វើបាន​នោះ​ទេ ប្រសិន​បើ​ពួកគេ​មិនទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ឡើង​វិញ​និង​បង្កើន​សមត្ថភាព​ជំនាញ​ទេ​នោះ។

នេះ​បើ​តា​ម​សារ​លិខិត​របស់​ លោក​នា​យ​ក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន​ លើក​ឡើង​ក្នុង​ឱកាស​ ទិវា​ជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​លើក​ទី២​ ក្រោម​ប្រធាន​បទ​ Technical Vocational Education and Training (TVET)​ អាច​ធ្វើ​បាន​» ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១៥​ ខែ​ មិថុនា ​ស្អែកនេះ​នៅ​សាល​មហោ​ស្រពកោះ​ពេជ្រ។​

លោ​ក​នា​យក​រដ្ឋ​មន្រ្ដី​បង្ហាញ​តាមរ​យៈ​សារ​លិខិត​នេះ​ថា ​បច្ចុ​ប្បន្ន​កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ភាព​មិន​ស៊ី​គ្នា​នៃ​ជំនាញ​ និង​ការ​ផ្គត់​​ផ្គង់​ជំនាញ​ មិន​គ្រប់​គ្រាន់​ដោយ​សារ​តែ​ប្រព័ន្ធ​អប់រំ​បណ្ដុះ​បណ្ដាល​នៅ​មាន​កម្រិត​ និង​មិន​ទាន់​អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​កម្លាំង​ពលកម្ម​ដែល​កំពុង​ផ្លាស់​ប្ដូ​រ យ៉ាង​ឆាប់​រហ័ស។

​លោក​បាន​បញ្ជាក់​ថា​​៖​ «​ជាង​នេះ​ទៅ​ទៀត​ ការ​វិវត្ដ​បច្ចេកវិទ្យា​ក្នុង​ដំណាក់​កាល​នៃ​បដិវត្ដន៍​ឧស្សា​ហកម្ម​ទី៤ នឹង​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​ការងារ​ ហើយ​ក៏​បង្កើត​​ឲ្យ​មាន​ប្រ​ភេទ​ការ​ងារ​ថ្មីៗ​ផងដែរ។​ ប៉ុន្ដែ​អ្នក​ដែល​បាត់​បង់​ការងារ​ក្នុង​ដំណាក់​កាល​នេះ ​នឹង​មិន​អាច​ស្វែង​រក​ការងារ​បាន​នោះ​ទេ​ ប្រសិន​បើ​ពួក​គេ​មិន​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ឡើង​វិញ​និង​បង្កើន​សមត្ថភាព​ជំនាញ»។

​លោក​ ហ៊ុន​ សែន ថ្លែង​​ថា៖​ «យើង​មិន​អាច​មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្កើន​សមត្ថ​ភាព ជំនាញ​ដល់​កម្លាំង​ពល​កម្ម​ បង្កើន​ផលិត​ភាព​ បង្រួម​គម្លាត​ភាពមិន​ស៊ីគ្នា​នៃ​ជំនាញ​ ពង្រឹង​សេវា​ព័ត៌មាន​ទីផ្សារ​ការងារ​ និង​សេវា​រក​ការងារ​ឲ្យធ្វើ​ បង្កើន​គុណ​ភាព​អប់រំ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ដើម្បី​ចាប់​យក​អត្ថ​ប្រ​យោជន៍​ជា​អតិ​បរមា​និង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជ​មាន​នៃ​ការ​ប្រែ​ប្រួល​ពិភព​ការ​ងារ​និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជំនាញ​នា​ពេល​អនាគត»។​

លោក​នាយ​​ក​រដ្ឋ​បានឲ្យ​ដឹង​ថា ក្នុង​​រយៈ​ពេល​ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​​សិក្ខា​កាម​ សិស្ស ​និស្សិត​ និង​កម្ម​ករ​និយោជិត​ជាង ២០ ម៉ឺន​នាក់​ បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​លើ​ក​កម្ពស់​ជំនាញ​របស់​ខ្លួន តាម​ស្ថានភាព​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ​។ កម្ម​វិធី​បណ្ដុះ​បណ្ដាល​ត្រូវ​បាន​រៀប​ចំ​ឲ្យ​​មាន​ជា​រយៈពេល​ខ្លី​ និង​រយៈ​ពេល​វែង ក្នុ​ង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​ ហើយ​ត្រូវ​បាន​អនុវត្ដ​ធ្វើ​ឡើង​នៅ​តាម​គ្រឹះ​ស្ថាន​ សហ​គ្រាស ​សហ​គមន៍ និង​ចល័ត។

​លោក ទុន​ សុភ័ណ អ្នកសម្រប​សម្រួល​ជាតិ​នៃ​អង្គការ​ ILO​ បានថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីម្សិល​មិញ​ថា ការ​លើកឡើង​របស់​លោក​នា​យក​​រដ្ឋ​មន្រ្ដី​ គឺ​ជា​ការ​ពិត​ ព្រោះ​កាល​ពី​​ការ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើ​បញ្ហា​ជំនាញ​វិជ្ជា​ជីវៈនាពេល​ថ្មីៗ​កន្លងមកនេះ​ ក៏​បាន​លើក​ឡើង​ពី​ប្រធាន​បទ​ទាក់ទង​​ទៅ​នឹង​អនាគត​ការងារ​នៅ​កម្ពុជា​នេះ​ផងដែរ។​

​លោក​ សុភ័ណ បាន​ថ្លែង​ថា​៖ «​ការ​ជឿន​លឿន​លើផ្នែក​បច្ចេក​វិទ្យា បើ​យើង​អត់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទេ អត់​មាន​ជំនាញ​ទេ កម្ម​ករ​​ប្រឈម​នឹង​ការ​បាត់បង់​ការងារ»។

​ទោះ​ជា​យ៉ា​ងណា​ក៏ដោយ​លោក ​សុភ័ណ​ បាន​ឱ្យ​ដឹង​ថា តាម​ការ​សិក្សា​​របស់​អង្គការ​ ILO​ ប្រទេស​ កម្ពុជា​ ក្នុង​រយៈពេល​ពី ​១៥​-​២០ ​ឆ្នាំ ​ខាង​មុ​ខនេះ បើ​កម្លាំង​ពល​កម្ម​ក្នុង​ស្រុក​មិន​មាន​ការ​កែប្រែ ​ផ្លាស់​ប្ដូរ រៀន​ឲ្យ​​ទាន់​ តាម​ឲ្យ​ទាន់​ បច្ចេក​វិទ្យា​ថ្មី អ្នក​ដែល​បាត់​បង់​ការងារ​អាច​កើត​មាន​រហូត​ដល់​ ៥៧​ ភាគរយ ​នៃ​កម្លាំង​ពល​កម្ម​សរុប​នៅ​កម្ពុជា៕