ភ្នំពេញៈ រដ្ឋាភិបាល​ចិន​តាមរយៈ​ធនាគារ​ចិន​ និង​អនុព័ន្ធ​យោធា​ចិន​កាលពី​ម្សិលមិញ​បានផ្ដល់​សម្ភារ​បរិក្ខារវេជ្ជសាស្ដ្រ​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការពារ​ និង​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដែល​រួមមាន​ម៉ាស់ វែនតា​សុវត្ថិភាព ឧបករណ៍​ធ្វើតេស្ត ម៉ាស់ N-95, របាំង​វះកាត់​ និង​សម្លៀកបំពាក់​សុវត្ថិភាព​សម្រាប់​មន្ដ្រី​​សុខាភិបាល​សរុប​ជាង​ ២ ​តោន​ ដល់​ក្រសួងសុខាភិបាល​ និង​ក្រសួងការពារជាតិ​កម្ពុជា​។

នៅ​ចំពោះមុខ​លោក Wu Guoquan ទីប្រឹក្សា​ស្ថានទូត​ចិន​ផ្នែក​ពាណិជ្ជកម្ម ដែល​បាន​អញ្ជើញ​ជា​តំណាង​ទូត​ចិន​ប្រចាំ​កម្ពុជា​ក្នុងការ​ចុះហត្ថលេខា​ប្រគល់​ និង​ទទួល​សម្ភារ​បរិក្ខារ​វេជ្ជសាស្ដ្រ​ពី​ធនាគារ​ចិន​កាលពី​ម្សិលមិញ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​សម្ដែង​ការអបអរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មហាមិត្ត​ចិន ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​នូវ​ឧបករណ៍​វេជ្ជសាស្ត្រ​ទាំងនេះ​ដល់​កម្ពុជា ព្រោះ​សម្ភារ​បរិក្ខារ​វេជ្ជសាស្ដ្រ​ទាំងនេះ​បាន​ដើរតួនាទី​ដ៏សំខាន់​សម្រាប់​បម្រើ​ឲ្យ​ការទប់ស្កាត់ និង​ការឆ្លើយតប​ជាបន្ទាន់​ទៅ​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ជំនួយ​មនុស្សធម៌​របស់​ធនាគារ​ចិន​នេះ​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ពង្រឹងសមត្ថភាព ឆ្លើយតប​បន្ទាន់​ចំពោះ​បញ្ហា​កូវីដ ១៩ បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ត្រូវបាន​ប្រើប្រាស់ នៅពេល​ណា​ដែលមាន​ការផ្ទុះ​ការរាតត្បាត​នៃ​ជំងឺឆ្លង​ផ្សេងៗ​នាពេល​អនាគត ព្រមទាំង​ចូលរួម​ចំណែក​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​ផងដែរ​»​។

សម្ភារ​បរិក្ខារ​វេជ្ជសាស្ដ្រ​ដែល​ធនាគារ​ចិន​បាន​ផ្ដល់​ដល់​ក្រសួងសុខាភិបាល រួមមាន​ម៉ាស់​ចំនួន​ ១ ​ម៉ឺន វែនតា​សុវត្ថិភាព​ចំនួន​ ៥០០ ម៉ាស N-95 ចំនួន ​១ ​ពាន់ និង សម្លៀកបំពាក់​សុវត្ថិភាព​របស់​មន្ដ្រី​សុខាភិបាល​ចំនួន​ ២០០ ​សម្រាប់​។

ជាមួយ​គ្នា​នេះ​អនុព័ន្ធយោធា​ចិន​បាន​បញ្ជូន​នូវ​សម្ភារ​បរិក្ខារពេទ្យ​សរុប​ជាង​ ២ ​តោន​ដែល​រួមមាន ឧបករណ៍​ធ្វើ​តេស្តិ៍ ម៉ាស់​ N-95 របាំង​វះកាត់ ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​មក​ផ្ដល់​ជូន​ក្រសួង​ការពារជាតិ​កម្ពុជា​ផងដែរ​កាលពី​ព្រឹក​ម្សិលមិញ​។

លោក Geng Shuang អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​គូសបញ្ជាក់​ថា​៖ «​រដ្ឋាភិបាល​ចិន​នឹង​ប្រឹងប្រែង​ជួយ​កម្ពុជា​គ្រប់យ៉ាង ដើម្បី​ប្រយុទ្ធប្រឆាំង​ និង​ទប់ស្កាត់​ការរីករាលដាល​វីរុស COVID-19 នេះ​។ នោះ​ក៏​ព្រោះតែ​កម្ពុជា​បាន​បង្ហាញ​ការគាំទ្រ​ដល់​រដ្ឋាភិបាល​ចិន​ក្នុង​គ្រា​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 ដ៏លំបាក​កន្លងមក​»​។ បើតាម​លោក Geng Shuang រដ្ឋាភិបាល​ចិន​នឹង​ជួយ​កម្ពុជា​យក​ឈ្នះ​ជំងឺ​រាតត្បាត​កូវីដ​១៩​។

គិត​ត្រឹម​ថ្ងៃទី​ ១ ខែ​មេសា​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ចំនួន​ ១០៩ ​នាក់​ ក្នុងនោះ​ជាសះស្បើយ ២៥ ​នាក់​។ ចំណែក​ចិន​មាន​ឆ្លង​ជាង​ ៨១ ០០០ ​នាក់​ ក្នុង​នោះ​ស្លាប់​ជាង​ ៣ ៣០០ ​នាក់ និង​អ្នកជា​សះស្បើយ​ជាង​ ៧៦ ០០០ ​នាក់​៕