ភ្នំពេញៈ នាយករដ្ឋមន្ត្រី​ចិន លី កឺឈាង ថ្លែងថា ចាប់ពី​ឆ្នាំ​ ២០២០ ​នេះ​ទៅ​ចិន​នឹង​ចែករំលែក​ព័ត៌មាន​អំពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ជាមួយ​ប្រទេស​ក្នុង​អនុតំបន់​មេគង្គ-ឡានឆាង​ឲ្យ​បាន​ទូលំទូលាយ​ ខណៈ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​ឲ្យ​ពន្លឿន និង​សម្រេច​ឲ្យ​បាន​នូវ​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​អនុតំបន់​នេះ​នៅពេល​ដែល​កំណើន​សេដ្ឋកិច្ច​សកល​ធ្លាក់ចុះ​។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ចំនួន ៦ ​នៅក្នុង​អនុតំបន់​មេគង្គ-ឡានឆាង ​ដែល​រួមមាន​ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​កាលពី​ព្រឹក​ម្សិលមិញ​បាន​បើក​កិច្ចប្រជុំ​កំពូល​លើក​ទី​ ៣ ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​កំពូល​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការលើកកម្ពស់​ភាព​ជា​ដៃគូ​ដើម្បី​វិបុលភាព​រួម​»​។

លោក​ លី កឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​ថ្លែងថា ចិន​នឹង​ជួយ​ដល់​ប្រទេស​នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​ក្នុង​ការប្រើប្រាស់​ធនធាន​ទឹក ហើយ​ចាប់ពី​ឆ្នាំ​ ២០២០ ​នេះ​ទៅ ចិន​នឹង​ចែករំលែក​ព័ត៌មាន​អំពី​ទឹកទន្លេ​មេគង្គ​ទៅ​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ពេញ​ ១ ​ឆ្នាំ​។ ការចែករំលែក​ព័ត៌មាន​ធនធានទឹក​នេះ​នឹង​ធ្វើឲ្យ​ទាន់​ពេលវេលា​ក្នុង​រដូវ​មាន​ទឹកជំនន់​ក៏​ដូចជា​រដូវ​រាំងស្ងួត​ និង​ដាក់ចេញ​នូវ​យន្តការ​ចែករំលែក​ទិន្នន័យ​សម្រាប់​ពេញ​ ១ ​ឆ្នាំ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ទន្លេ​ឡានឆាង-មេគង្គ ​ស្ថិតនៅ​ក្នុងប្រទេស​ចិន ដូច្នេះ​ប្រទេស​ចិន​ដើរតួនាទី​សំខាន់​ក្នុងការ​ដាក់ចេញ​នូវ​វេទិកា​ដែល​បើកចំហ​ដល់​ប្រទេស​ទាំង​ ៦ នៅក្នុង​យន្តការ​នេះ​។ ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​កម្ពស់​ទឹក​ក្នុង​ស្ថានការណ៍​ណាមួយ​នោះ ឬ​ប្រសិន​បើ​មាន​ការលំបាក​សម្រាប់​ប្រទេស​នីមួយៗ​ក្នុង​ការកត់ត្រា​ព័ត៌មាន​អំពី​ទឹកទន្លេ​នេះ យើង​ត្រៀម​ខ្លួន​ផ្ដល់​ទិន្នន័យ​ជា​ចំហ ហើយ​អញ្ជើញ​អ្នកជំនាញ​គ្រប់​ប្រទេស​ទាំងអស់ ដើម្បី​វិភាគ​ទិន្នន័យ ហើយ​ទិន្នន័យ​ទាំងអស់​នឹងមាន​សម្រាប់​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ការប្រើប្រាស់​ជា​ឯកសារយោង ដើម្បី​បង្កើត​ការឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក​បន្ត​ថា កិច្ចការ​នេះ​នឹង​តម្រូវ​ឲ្យ​មាន កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ធនធាន​ទឹក និង​វេទិកា​ទឹក​យ៉ាង​ទៀងទាត់​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា លោក​គាំទ្រ​ចក្ខុវិស័យ​ការងារ​របស់​ចិន ដែល​មាន​វិស័យ​អាទិភាព​រួមមាន កិច្ចសហប្រតិបត្តិការ​ធនធាន​ទឹក ការតភ្ជាប់​តាមរយៈ​ការកសាង​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-ឡានឆាង និង​ការជំរុញ​ថាមភាព​ជាមួយ​នឹង​ច្រករបៀង​ពាណិជ្ជកម្ម​តាម​ដី និង​សមុទ្រ​អន្តរជាតិ​ថ្មី​។ លោក​ក៏​គាំទ្រ​ចំណុច​អាទិភាព​ផ្សេងទៀត រួមមាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​វិស័យ​កសិកម្ម និង​បរិស្ថាន និង​ការលើកកម្ពស់​សុខភាព​សាធារណៈ​។

លោក ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​ការស្រុះស្រួល​មតិរួម​គ្នា​ក្នុង​ការរក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​រសើប​បំផុត​នៃ​ការគ្រប់គ្រង​ទឹក ឆ្លងដែន គឺជា​ជោគជ័យ​ដ៏សំខាន់​បំផុត​មួយទៀត​នៃ​កិច្ចសហប្រតិបត្តិការ​របស់​យើង​។ ជា​ការពិត កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​ ១ ស្ដីពី​កិច្ចសហប្រតិបត្តិ​ការ​ធនធាន​ទឹក​ឡានឆាង-មេគង្គ​ នៅ​ប្រទេស​ចិន​ កាលពី​ខែធ្នូ​ឆ្នាំ​មុន​បានផ្ដល់​ទិសដៅ​ច្បាស់លាស់​សម្រាប់​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​ជលសាស្ត្រ​។ លទ្ធផល​ជាក់ស្ដែង​នៃ​កិច្ចប្រជុំ​នេះ​បាន​បន្ត​ចូលរួម​ចំណែក​ដល់​ការលើកកម្ពស់​ការយោគយល់​ទៅវិញ​ទៅមក​ក្នុង​ការគ្រប់គ្រង​ធនធានទឹក​នៅក្នុង​តំបន់​»​។

លោក​ក៏​បង្ហាញ​ពី​ទស្សនៈ​យល់ឃើញ​ផ្ទាល់ខ្លួន​ផងដែរ​ថា​នៅក្នុង​បរិការណ៍​ដែល​កំណើន​សេដ្ឋកិច្ច​សកល​ធ្លាក់ចុះ​ការបង្កើត រក្សា​ឲ្យ​បាន​នូវ​ប្រភព​កំណើន​ថ្មី​នៅក្នុង​អនុតំបន់​នេះ គឺជា​កត្តាចាំបាច់ ដែល​មិន​អាច​ខ្វះ​បាន​។

លោក​មានប្រសាសន៍​ថា​៖ «​ដូច្នេះ​យើង​ត្រូវ​ខិតខំ​ពន្លឿន​ការរៀបចំ និង​ការសម្រេច​ឲ្យ​បាន​នូវ​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-ឡានឆាង​ដែល​នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​នៃ​កំណើន​សម្រាប់​អនុតំបន់​យើង​។ ការលើកកម្ពស់​នូវ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព ព្រមទាំង​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឧស្សាហកម្ម​ និង​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន និង​ពង្រឹង​ការធ្វើ​សមាហរណកម្ម​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៃ​អនុតំបន់​របស់​យើង​ចូល​ទៅក្នុង​ខ្សែចង្វាក់​តម្លៃ​សកល​»​។

លោក ​ហ៊ុន សែន បន្ត​ថា​ការធ្វើឲ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក៏​នឹង​ជួយ​លើកកម្ពស់​ភាពប្រកួតប្រជែង រយៈពេល​វែង​នៃ​អនុតំបន់​នេះ​ផងដែរ​។ ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​នេះ កម្ពុជា​ទទួល​បាន​គម្រោង​ចំនួន​ ៥៥ ​ចាប់ពី​ឆ្នាំ ២០១៦ ​មក​ដែល​គ្របដណ្ដប់​លើ​សកម្មភាព​សហប្រតិបត្តិ​ការជាក់លាក់​។ កិច្ចសហប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការអភិវឌ្ឍ និង​រួមចំណែក​ដល់​ការលើកកម្ពស់​សុខុមាលភាព​ប្រទេស និង​ប្រជាជន​។

នៅ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ម្សិលមិញ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ៦ បានចេញ​សេចក្ដី​ថ្លែងការណ៍​រួមមួយ​ដែល​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ជាច្រើន រួមទាំង​ការចែករំលែក​ព័ត៌មាន ការបណ្ដុះបណ្ដាល​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី​ដូចជា​បម្រែបម្រួល​អាកាសធាតុ ការទប់ស្កាត់​គ្រោះមហន្តរាយ ជំងឺរាតត្បាត គ្រឿងញៀន ការលាង​សម្អាត​ប្រាក់ បទល្មើស​បច្ចេកវិទ្យា ការជួញដូរ​មនុស្ស ជួញដូរ​អាវុធ​ និង​គ្រាប់រំសេវ​។ ក្រៅពីនេះ​ក៏មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការសង្គ្រោះបន្ទាន់​ផ្នែក​មនុស្សធម៌​ដូចជា​ក្នុង​ពេល​មាន​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត បាក់ដី ស្ថានភាព​ផ្សែង​ឆ្លង​ប្រទេស និង​ការធានា​សន្តិសុខ​ស្បៀង ទឹក និង​ថាមពល​។

កាលពី​ដើម​ខែសីហា​នេះ គណៈកម្មការ​ទន្លេមេគង្គ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន ៣២ ​ទំព័រ​អំពី​ស្ថានភាព​ទាប​នៃ​ទឹកទន្លេ​មេគង្គ​ក្រោម​។ របាយការណ៍​បាន​បញ្ជាក់ថា ស្ថានភាព​ទឹក​ទាប​នេះ​អាច​បណ្ដាល​មកពី​កត្តា​បាតុភូត​អែល​នីណូ និង​ប្រតិបត្តិការ​ទំនប់​នៅ​តំបន់​មេគង្គ​លើ​។ ប៉ុន្តែ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​មិន​អាច​ទទួល​បាន​ទិន្នន័យ​ និង​ព័ត៌មាន​ផ្លូវការ ដើម្បី​ផ្ទៀងផ្ទាត់​ពី​ផលប៉ះពាល់​ចម្បងៗ​នៃ​ប្រតិបត្តិការ​ស្តុក​ទឹក​ទុក​នៅ​តំបន់​មេគង្គ​លើ​ទេ​។

លោក An Pich Hatda អគ្គនាយក​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ បាន​ថ្លែងថា​៖ «​យើង​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​ ៦ នៅ​តំបន់​មេគង្គ បង្កើន​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​អំពី​ទំនប់​របស់​ពួកគេ និង​ប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ប្រកប​ដោយ​តម្លាភាព និង​បាន​ឆាប់​រហ័ស​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ​។ វា​ជា​ពេលវេលា​ដែល​ត្រូវ​ធ្វើ​អ្វីដែល​យើង​បាន​និយាយ និង​ធ្វើ​ដើម្បី​ផលប្រយោជន៍​រួម​នៅ​តំបន់​អាង​ទន្លេ​មេគង្គ​ទាំងមូល និង​តំបន់​ដែល​រងផលប៉ះពាល់​»៕