ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនធាន បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា វ៉ាក់សាំង​កូវីដ​១៩ ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​ផ្តល់ជូន​ដល់​ប្រទេស​កម្ពុជា​ដំបូង​ចំនួន​ ៦០ ​ម៉ឺនដូស​នឹង​ត្រូវ​ដឹក​តាម​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន​មកដល់​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ​។

លោក វ៉ាង ថ្លែង​ឱ្យដឹង​តាមរយៈ​អ្នកបកប្រែ​ដូចនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ក្រោម​អធិបតីភាព​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រួម​នឹង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ព្រមទាំង​មន្ត្រី និង​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងការពារជាតិ​ជាច្រើន​នាក់​។

លោក​បាន​បន្តថា ជាការ​ឆ្លើយតប​នៅពេល​ដែល​ប្រទេស​ចិន​បាន​គ្រប់គ្រង​កូវីដ​១៩​បាន​ហើយ ប្រទេស​ចិន​ក៏បាន​បញ្ជូន​នូវ​អ្នកជំនាញ​វិទ្យាសាស្ត្រ​ចំនួន​ ២ ​ក្រុម​មកដល់​ប្រទេស​កម្ពុជា ហើយ​បាន​ផ្តល់ជូន​នូវ​សម្ភារ​បរិក្ខារ​មួយចំនួនទៀត​។

លោក វ៉ាង បាន​មានប្រសាសន៍​ថា​៖ «​បច្ចុប្បន្ននេះ ទោះបី​ជា​ប្រទេស​ចិន​ក៏មាន​តម្រូវការ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​កូវីដ​១៩​ដែរ ប៉ុន្តែ​ប្រទេស​ចិន​ក៏បាន​សម្រេច​ថា នឹង​ផ្តល់ជូន​ជាបន្ទាន់​នូវ​វ៉ាក់សាំង​កូវីដ​-១៩​ចំនួន​ ៦០ ​ម៉ឺនដូស​ជាដំបូង​មក​ប្រទេស​កម្ពុជា​ ដែលមាន​ផែនការ​នៅ​ចុង​សប្តាហ៍​នេះ ដោយ​នឹង​ប្រើប្រាស់​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​»​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​ដែកថែប​រវាង​ចិន និង​កម្ពុជា​ពិតជា​មាន​ភាព​ជ្រាលជ្រៅ​បំផុត និង​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ត្រ​ចិន និង​កម្ពុជា​»​។

អ្នកឯកទេស​ចិន​ចំនួន​ ៤ ​រូប​ដែលជា​ក្រុម​អ្នកជំនាញ​វិទ្យាសាស្ត្រ​យោធា​មកជួយ​បណ្តុះបណ្តាល​ក្រុម​គ្រូពេទ្យ​កម្ពុជា​អំពី​របៀប​នៃ​ការដឹកជញ្ជូន ការ​ទុកដាក់​ថែរក្សា និង​របៀប​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​១៩ និង​មាន​ការចែករំលែក​នូវ​បទពិសោធ​ទៅដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​ចំនួន​ ៣០០ ​នាក់​។

លោក វ៉ាង បាន​លើកឡើងថា​៖ «​ខ្ញុំ​ជឿជាក់ថា ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​ចិន និង​កម្ពុជា ប្រទេស​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ និង​រួមគ្នា​យកឈ្នះ​ក្នុង​សង្គ្រាម​កូវីដ​១៩ ហើយ​ជួយ​ប្រទេស​កម្ពុជា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឱ្យបាន​ឆាប់រហ័ស​»​។

កុងតឺន័រ​ត្រជាក់​ចំនួន​ ៤ ដែលមាន​ឡាន​ទូ​ក្លាសេ​ចំនួន​ ២ បាន​ត្រៀម​រួចរាល់​សម្រាប់​ដឹកជញ្ជូន​វ៉ាក់សាំង​កូវីដ​១៩​ដែល​រថយន្ត​នេះ​មាន​មុខងារ​ ២ កំណត់​បាន​ទាំង​ក្តៅ និង​ត្រជាក់ អាច​កំណត់​សីតុណ្ហភាព​តាម​ការចាំបាច់​។ បន្ទាប់ពី​ពិនិត្យមើល​នូវ​កុងតឺន័រ​សម្រាប់​ដឹក​វ៉ាក់សាំង​កូវីដ​១៩​រួចរាល់​ហើយ លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា គ្រប់គ្នា​បានឃើញ​ទាំងអស់​គ្នា​ហើយ ដែល​ទាំងនេះ​ជាការ​ប្រុងប្រៀប​ទទួល​នូវ​វ៉ាក់សាំង​កូវីដ​១៩​ដែល​កម្ពុជា​នឹង​ទទួលបាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​ជាងគេ​នោះ​គឺ​ការដឹក​ជញ្ជូន ថែរក្សា​ទុកដាក់ រហូត​ឈាន​ទៅ​ដល់​ការចាក់​ដែល​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​ផលិតផល​យុទ្ធសាស្ត្រ​បន្ទាន់​នេះ ដែល​សម្តេចតេជោ​បាន​និយាយថា វា​ជា​ទំនិញ​ពិសេស​»​។

លោក​ ទៀ បាញ់ ​បាន​បន្តទៀតថា តម្រូវការ​របស់​វ៉ាក់សាំង​នេះ​គឺ​ត្រូវ​ថែរក្សា​សីតុណ្ហភាព​របស់​វា​ឱ្យបាន​ថេរ​ក្នុង​ការទុកដាក់​ដែល​មិន​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​គុណភាព​របស់​វ៉ាក់សាំង​នេះ​។ ផ្នែក​សុខាភិបាល​របស់​ក្រសួង​ការពារជាតិ បានរៀបចំ​ដើម្បី​ទទួល​នូវ​វ៉ាក់សាំង​កូវីដ​១៩ ដែល​នឹងត្រូវ​ដឹក​ពី​ព្រលានយន្តហោះ​យកមក​ទុក​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា បន្ទាប់មក​នឹងធ្វើ​ផែនការ​ចែកចាយ​ចាក់​វ៉ាក់សាំង​នេះ​។

លោក​ថ្លែងថា​៖ «​វ៉ាក់សាំង​កូវីដ​១៩ ដែល​នឹង​ទទួលបាន​ពី​ប្រទេស​ចិន​ដំបូង​ចំនួន​ ៦០ ​ម៉ឺនដូស​នឹងត្រូវ​ផ្តល់ជូន​ដល់​កងទ័ព​ចំនួន​ ៣០ ​ម៉ឺនដូស និង​ ៣០ ​ម៉ឺនដូស​ទៀត​ផ្តល់​ទៅ​ក្រសួង​សុខាភិបាល​។ សម្រាប់​ទ័ព​គឺ​យើង​នឹង​ចាក់​ជូន​ពួកគាត់​ទាំងអស់ បន្ទាប់មក​នឹង​ផ្តល់​ដល់​គ្រួសារ​របស់គាត់ និង​មាន​ចាក់​ជា​បន្តបន្ទាប់​ទៅដល់​អ្នក​នៅ​ជុំវិញ​ពួកគាត់​។ យើង​នឹងធ្វើ​ការពិភាក្សា​ជា​បន្តទៀត​»​។

រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ឈ្មោះ ស៊ីណូហ្វាម​ចំនួន​ ១ ​លានដូស ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ វ៉ាក់សាំង​ ៦០ ​ម៉ឺនដូស​នឹង​ត្រូវ​បញ្ជូន​មកដល់​មុនគេ ហើយ​ក្រោយ​ទៀត​នឹង​ត្រូវ​បញ្ជូន​ជា​បន្តបន្ទាប់​។

លោកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​ថា ការចាក់វ៉ាក់ ឬ​ទទួល​វ៉ាក់សាំង​កូវីដ​១៩​ពី​ប្រទេស​ចិន​មិនមែនជា​រឿង​ដែល​កម្ពុជា​ធ្វើទៅ​តាម​របប​នយោបាយ​ ឬ​ក៏​ជា​នយោបាយ​របស់​ចិន​នោះទេ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​ថា វ៉ាក់សាំង​ដែល​ផ្តល់ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ គឺជា​វ៉ាក់សាំង​ដែល​កំពុង​តែមាន​វឌ្ឍន​ភាពល្អ​ដែល​អង្គការ​សុខភាព​ពិភពលោក​កំពុងតែ​ពិនិត្យ​នូវ​ឯកសារ​បច្ចេកទេស​ទាំងអស់​ដែល​បាន​ត្រួតពិនិត្យ​លើក​ទី​ ១ ​រួចមកហើយ​»​។

លោកស្រី​ថា ប្រភេទ​វ៉ាក់សាំង​ឈ្មោះ «​ស៊ីណូហ្វាម​» ដែល​នៅលើ​សកលលោក​នេះ បើ​គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២១ ​ស៊ីណូហ្វាម​មាន​ចំនួន​ ២២៣ ​លានដូស​ហើយ​។ ​មាន​ប្រទេស​ប៉ាគីស្ថាន​ទិញ​ ៨៨ ​លានដូស តំបន់​មជ្ឈិមបូព៌ា​មាន​ ៧៥ ​លាន​ដូស ហើយ​ដោយឡែក​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​នៅក្នុង​តំបន់​អាស៊ី​មាន​ការបញ្ជាទិញ​រហូត​ទៅដល់​ ៦០ ​លានដូស​ហើយ​។ ត្រឹម​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​នេះ​កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ​១៩​ចំនួន​ ៤៦៦ ​នាក់​ក្នុង​នោះ​ជាសះស្បើយ​ ៤៤៧ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ១៩ ​នាក់​៕

វីដេអូ៖