ភ្នំពេញៈ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹងថា បរិក្ខារ​តេស្ត​រក​ជំងឺ​វីរុស​កូវីដ​ ១៩​ ខ្នាត​ធំ​ ១ ​គ្រឿង ​ដែល​ជា​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ចិន​នឹង​មកដល់​ខេត្ត​ព្រះសីហនុ​នា​ដើម​ខែ​មេសា​ខាងមុខនេះ ដើម្បី​ជួយ​ពន្លឿន​​លទ្ធផល​ធ្វើតេស្ត ខណៈ​កម្ពុជា​គ្រោង​ដំឡើង​ម៉ាស៊ីន​តេស្ត រក​មេរោគ​នេះ​ចំនួន​ ៣ ​បន្ថែមទៀត​ក្នុង​តំបន់​ដែល​មាន​ការប្រឈម​ច្រើន​។

ដោយបាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​កាលពី​ម្សិលមិញ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹងថា ក្រៅពី​ម៉ាស៊ីន​តេស្ត​នេះ ភាគី​ចិន​ក៏​នឹង​បញ្ជូន​ក្រុម​អ្នកជំនាញ​របស់ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ក្នុង​ការដំឡើង​រៀបចំ និង​បណ្ដុះបណ្ដាល​ជូន​ដល់​បុគ្គលិក​ពាក់ព័ន្ធ​។

ស្ថានទូត​នេះ​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​សំណាក តេស្ត​រក​វីរុស​របស់​ខេត្ត​ព្រះសីហនុ ខេត្ត​កែប​​ខេត្តកំពត និង​ខេត្ត​មួយចំនួន​ដែល​នៅក្បែរនោះ​នឹង​ត្រូវបាន​បញ្ជូនមក​​កាន់​ទីនោះ នេះ​នឹង​អាច​ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ការបង្កើន​ល្បឿន​តេស្ត​រក​ជំងឺ​វីរុស​ជួយ​សន្សំ​ថវិកា​ទប់ស្កាត់​នឹង​​ជំងឺ​វីរុស ហើយ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស​អាចអនុវត្ត​កាន់តែ​ល្អប្រសើរ​»​។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២៣ មីនា​ថា ក្រសួង​សុខាភិបាល​នឹង​ដាក់​ដំណើរការ​ម៉ាស៊ីន​ PCR សម្រាប់ធ្វើ​តេស្ដ​រក​មេរោគ​​កូវីដ​១៩ និង​មេរោគ​ផ្សេងៗ​ចំនួន​ ៣ ​បន្ថែម​ទៀត​នៅ​ខែមេសា ខាងមុខ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្រោម​ការជំរុញ និង​ចូលរួម​ពី​អង្គការ​ដៃគូ​ម៉ាស៊ីន​ធំៗ​ចំនួន​ ២ សម្រាប់​តេស្ដ​សំណាក​រក​មេរោគ​កូវីដ​១៩ នឹង​មកដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​​ដោយ​ម៉ាស៊ីន​ ១ ​គ្រឿង​ដំបូង​នឹង​មកដល់​នៅ​សប្ដាហ៍​ក្រោយនេះ ដែល​នឹង​​ដាក់​ដំឡើង​នៅក្នុង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​។ ដោយឡែក​ម៉ាស៊ីន​ ១ ​គ្រឿង​ទៀត​នឹង​មកដល់​ខែមេសា ថ្ងៃទី​ ១៩ ដែល​នឹង​បំពាក់​នៅ​វិទ្យាស្ថាន​សុខភាព​សាធារណៈ​»​។

លោកស្រី​បន្តថា ចំណែក​ម៉ាស៊ីន​ទី​ ៣ សម្រាប់​ដំឡើង​នៅ​ខេត្ត​ព្រះសីហនុ​​គឺជា​ជំនួយ​របស់​ចិន​ដែល​នឹង​អាចមាន​សមត្ថភាព​ធ្វើតេស្ដ​សំណាក​ពី​អ្នក​សង្ស័យ​នៅ​ខេត្ត​ជុំវិញ​នោះ​ឱ្យ​កាន់តែ​ឆាប់រហ័ស​។ ​រីឯ​នៅ​ថ្ងៃទី​ ២៩ មីនា​ខាងមុខនេះ ក្រុម​អ្នកជំនាញ​ចិន​នឹង​មក​កម្ពុជា​ដើម្បី​ជួយ​ដំឡើង​ម៉ាស៊ីន​នេះ​។

លោក​ ហែន ភារៈ វេជ្ជបណ្ឌិត​ផ្នែក​​ផ្លូវដង្ហើម​ដែលមាន​បទពិសោធ​ជាង ២០ ​ឆ្នាំ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការជួយ​របស់​ប្រទេស​ជា​ដៃគូ ជាពិសេស​ចិន​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ស្រប​ពេលដែល​កម្ពុជា​នៅមាន​ការខ្វះខាត​នូវ​បរិក្ខារ​ទាំងនេះ​នៅឡើយ​។ ​បន្ថែម​ពីនេះ​លោក​ថា ប្រទេស​ចិន​គឺជា​ប្រទេសមួយ​ដែល​ដឹង​ច្បាស់​ពី​របៀប​នៃ​ការចម្លង​ និង​ការទប់ស្កាត់​បានល្អ​។

ដូច្នេះ​ការជួយ​របស់​រដ្ឋាភិបាល​នេះ​គឺ​ធ្វើឱ្យ​កម្ពុជា​អាច​ស្វែងរក​ប្រភព​ចម្លង​ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​។

លោក​រៀបរាប់ថា​៖ «​ប្រទេស​ចិន គេ​អាច​ដឹង​ពី​ទំហំ​ប៉ុនណា គេ​អាច​ដឹង​មុន ដូច្នេះ​បើ​លទ្ធផល​តេស្ត​យើង​យឺត នោះ​ការគ្រប់គ្រង​គឺ​ពិបាក​ណាស់​។ ក្នុង​ពេលនេះ យើង​ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យ​ការធ្វើ​តេស្ត​ដឹង​លទ្ធផល​ឱ្យបាន​លឿន និង​ច្រើន​ទីតាំង​ទើប​ប្រសើរ​»​។

ឆ្លើយតប​ទៅនឹង​ការរីករាលដាល​ឆ្លង​ចូល​សហគមន៍​នេះ លោក ហែន ភារៈ បាន​លើកឡើង​ថា កម្ពុជា​គួរ​បង្កើត​នូវ​មន្ទីរពិសោធន៍​ដែលមាន​សមត្ថភាព​ឱ្យបាន​គ្រប់​ខេត្ត-ក្រុង​ តាម​ដែល​អាច​ធ្វើបាន ដើម្បី​ធានាថា ការទទួល​សំណាក​និង​លទ្ធផល​ចេញ​បាន​ឆាប់រហ័ស ងាយស្រួល​រក​វិធានការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​តាម​ទិន្នន័យ​ដែល​ក្រសួង​ប្រកាស​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​គឺ​ឃើញថា ប្រទេស​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ជាង​ប្រទេស​នានា​ផង​គឺ​មិន​អី​ទេ​។ តែ​បន្ត​មកទៀត យើង​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង​តែម្តង​​មិន​ត្រូវ​ធូររលុង​ទេ ព្រោះ​បើ​យើង​រយីករយាក គឺ​ផ្ទុះ​ខ្លាំង​មែនទែន​។ វា​គឺជា​ជំងឺឆ្លង ឬ​អាសន្នរោគ យើង​មិន​អាច​ប៉ាន់ប្រមាណ​ជាមុន​បានទេ យើង​ត្រូវតែ​ប្រឹង​ឱ្យ​អស់ពី​លទ្ធភាព ព្រោះ​ឆ្លង​លឿន​ណាស់​»៕

វីដេអូ៖