ព្រះសីហនុ/សៀមរាបៈ ជនជាតិ​ចិន​សរុប​ចំនួន ៧ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សួរ​នាំ​ក្នុង​ករណី​ដាច់​ដោយ​​ឡែក​ពី​គ្នា​រឿង​ប្រើប្រាស់​រថយន្ត​ស៊ីរ៉ែន​របស់​នគរបាល​ពន្លត់​អគ្គិភ័យ និង​លួច​ខួង​ថ្ម​នៅ​ប្រាសាទ​អង្គរវត្ត​​។

ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា ជនជាតិ​ចិន ២ ​នាក់​បើក​ឡាន​ពាក់​ស្លាក​លេខ​នគរបាល​របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រសួង​មហាផ្ទៃ​ហើយ​គ្មាន​បទល្មើស​កើតឡើង​ទេ។

កាលពី​ថ្ងៃទី​ ៨ ខែ​ឧសភា​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ព្រះសីហនុ​បាន​ឃាត់​ខ្លួន​ជនជាតិ​​ចិន ២ នាក់​ដែល​បើក​ឡាន Vigo ពាក់​ស្លាក​លេខ​ «នគរបាល 2-7070» មាន​ភ្លើង​ស៊ីរ៉ែន​នៅ​ពី​លើ​។ ជនជាតិ​ចិន​ទាំង​ ២ ​មាន​ឈ្មោះ Huang Cheng ភេទ​ប្រុស អាយុ ៣២ ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Chen Lu អាយុ ២៦ ឆ្នាំ​។

ការ​ឃាត់​ខ្លួន​នេះ​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​អ្នក​លេង​ហ្វេសប៊ុក​ជា​ច្រើន​ដោយ​ពួកគេ​មាន​ចម្ងល់​ថា ហេតុ​អ្វី​ជនជាតិ​ចិន​មាន​រថយន្ត​ប៉ូលិស​បំពាក់​ស៊ីរ៉ែន​ជិះ​ដោយ​សេរី​បែប​នេះ​។

លោក នេត វត្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ជនជាតិ​ចិន​ទាំង​ ២​ ខាងលើ​គឺជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឥន្ទ្រីមាស (Golden Eagle) ដែល​បាន​ចុះ MoU ជា​មួយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ក្នុង​ការ​ត្រួតពិនិត្យ ​និង​បំពាក់​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​គ្រប់​គោលដៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ។ លោក​ថា ជនជាតិ​ចិន​ទាំង ២ បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​មន្ត្រី​នគរបាល​ដើម្បី​ទៅ​ពិនិត្យ​និង​បំពាក់​ប្រព័ន្ធ​អគ្គិភ័យ​នៅ​រោងចក្រ​បារី​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​ចិន​ទាំង ២ នាក់​បាន​យក​រថយន្ត​សមត្ថកិច្ច​ជិះ​ក្រោយ​ពេល​សមត្ថកិច្ច​ផ្ញើ​រថយន្ត​នោះ​នៅ​កន្លែង​ស្នាក់នៅ​របស់​ក្រុមហ៊ុន​ដោយ​ទុក​សោ​នៅ​ជាមួយ​ផង។

លោក​និយាយ​ថា៖ «ចៃដន្យ​ចិន​ហ្នឹង​ វា​អត់​មាន​អី​ហូបបាយ វា​ក៏​យក​សោ​បើក​ចេញ​ទៅ​ហូប​​បាយ​ទៅ ហើយ​ក៏​នគរបាល​ចរាចរណ៍​ក្រុង​ក៏​គេ​ឃាត់។ យើង​អត់​មាន​ពាក់ព័ន្ធ​ដូច​ការ​ចោទប្រកាន់​ថា​លក់​បំពង់​លក់​អី​ទេ»​។

លោក​ថ្លែង​ថា រឿងរ៉ាវ​នេះ​បាន​បញ្ចប់​ដោយ​សមត្ថកិច្ច​បាន​យក​ឡាន​នោះ​មក​អង្គភាព​វិញ ហើយ​ណែនាំ​ចិន​ទាំង​ ២ ​នាក់​កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ទៀត។

ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​នគរបាល​ការពារ​បេតិកភណ្ឌ​ក្នុង​ឧទ្យាន​ជាតិ​​អង្គរ​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ ៤ នាក់​ក្នុង​ខណៈ​ដែល​ពួកគេ​កំពុង​តែ​ធ្វើការ​ខួង​ថ្ម​នៅ​ផ្នែក​ខាង​ត្បូង​នៃ​មុខ​ប្រាសាទ​អង្គរ​កាលពី​ថ្ងៃ​​អង្គារ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​អប្សរា​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​កន្លែង​ដែល​ជនជាតិ​ចិន​ខួង​នោះ​មាន​មុខកាត់ ១,៦ សង់ទីម៉ែត្រ និង​ជម្រៅ​ប្រមាណ​ជា ១ តឹក​ប៉ុណ្ណោះ​ព្រោះ​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ការពារ​បេតិក​ភណ្ឌ​បាន​ធ្វើការ​បញ្ឈប់​ពួកគេ​ជា​បន្ទាន់​ផង​ដែរ​។

លោក​បញ្ជាក់​ថា៖ «ពេល​គាត់​ខួង​ហ្នឹង​ យើង​បាន​ឃើញ​ភ្លាម​និង​ចុះ​ទៅ​បញ្ឈប់​សកម្មភាព​ភ្លាម​តែ​ម្តង។ នេះ​ជា​កំហុស​បច្ចេកទេស​ទេ។ គាត់​ពុំ​មាន​បំណង​ណា​មួយ​ផ្ទុយ​ពី​ហ្នឹង​ទេ...គាត់​ពុំ​បាន​ដឹង​ថា កន្លែង​ហ្នឹង​ជា​តំបន់​បេតិកភណ្ឌ​ត្រូវ​ការពារ​ខ្ពស់​ទើប​គាត់​បង្កើត​ឲ្យ​មាន​បញ្ហា​អចេតនា​ហ្នឹង​ឡើង​»។ លោក​បន្ត​ថា​ក្រុម​ការងារ​នគរបាល​ការពារ​បេតិកភណ្ឌ​កំពុង​តែ​ចាត់ការ​លើ​ករណី​នេះ​បន្ត​ហើយ​លោក​ក៏​មិន​ទាន់​ដឹង​ពី​ការ​សម្រេច​យ៉ាង​ណា​ដែរ​។

លោក គាត ប៊ុនថាន ប្រធាន​នគរបាល​ការពារ​បេតិកភណ្ឌ​បាន​ឲ្យ​ដឹង​ដោយ​ខ្លី​ថា ជនជាតិ​ចិន​ទាំង​ ៤ ​នាក់​នោះ​គឺជា​ក្រុម​​ស្រាវជ្រាវ​ហើយ​លោក​សុំ​ឲ្យ​ទាក់ទង​ព័ត៌មាន​បន្ថែម​ទៅ​អាជ្ញាធរ​អប្សរា​វិញ។

លោក ម៉ាន់ ឈឿន​អនុប្រធាន​នគរបាល​ការពារ​បេតិកភណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​នោះ​ធ្វើការ​ក្រោម​ការ​ទំនាក់​ទំនង​ជាមួយ​នឹង​មន្រ្តី​សាធារណការ និង​ដឹក​ជញ្ជូន។

លោក​អះអាង​លោក​បំពេញ​ការងារ​នៅ​ភ្នំពេញ ហេតុ​នេះ​លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត​នោះ​ទេ។

ទោះ​យ៉ាង​ណា​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​នោះ​ធ្វើការងារ​ជាមួយ​នឹង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ការសិក្សា​ផ្លូវ​ទឹក ពី​ទន្លេ​មេគង្គ​ទៅ​ទន្លេ​សាប​ដោយ​យក​ចំណុច​ខួង​នោះ​ជា​គោល ដើម្បី​ធ្វើការ​វាស់​កម្ពស់​ទឹក​ទន្លេ។ ប៉ុន្តែ​លោក​ ចាន់ តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​លោក​មិន​បាន​ដឹង​ពី​ករណី​នេះ​ទេ។

ពាក់ព័ន្ធ​នឹង​ចិន​នេះ​ដែរ​កាលពី​ថ្ងៃ​អង្គារ​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​អង្គភាព​តំបន់​អង្គរ​រួម​ជាមួយ​នឹង​ភ្នាក់ងា​រអភិវឌ្ឍន៍​ទេសចរណ៍​បាន​​ឃាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ភ្លាមៗ​ដោយសារ​តែ​បាន​ជុះ​នោម​ដាក់​ជញ្ជាំង​ប្រាសាទ​នៅ​ចំណុច​រួត​ទី ២។ ហ្វេសប៊ុក​នគរបាល​ការពារ​បេតិកភណ្ឌ​សរសេរ​ថា​បុរស​នោះ​ជា​ភ្ញៀវទេសចរ​ដែល​មាន​ឈ្មោះ Zhao Xiang Feng អាយុ ៦២ ឆ្នាំ។ នគរបាល​បាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​គេ​ធ្វើ​អំពើ​នោះ​ទៀត​ហើយ​​ដោះលែង​​វិញ​៕