ភ្នំពេញ៖ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ផ្តល់​នូវ​ជំនួយ​វ៉ាក់សាំង​កូវីដ ១៩ ស៊ីណូហ្វាម ចំនួន ៤០ ម៉ឺន​ដូស​បន្ថែម​ទៀត ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​វ៉ាក់សាំង​នេះ នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ចុង​ខែ​មេសា ឆ្នាំ ២០២១។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​មេសា​នេះ លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការណ៍​របស់​ស្ថានទូត​ថា៖ «ដើម្បី​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​វីរុស​កូវីដ ១៩ រដ្ឋាភិបាល​ចិន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ជា​វ៉ាក់សាំង​កូវីដ Sinopharm ចំនួន ៤០ ម៉ឺន​ដូស​បន្ថែម​ទៀត​ដល់​ភាគី​កម្ពុជា»។

វ៉ាក់សាំង​ទាំង​នេះ នឹង​ដឹក​ជញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា នា​ចុង​ខែ​មេសា​ ខាង​មុខ​នេះ តាមរយៈ​ជើង​ហោះហើរ​ពាណិជ្ជកម្ម។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនធាន ធ្លាប់​បាន​ថ្លែង​ថា ចិន និង​កម្ពុជា ជា​បងប្អូន​ល្អ​នឹង​គ្នា ដែល​ប្រៀប​ដូច​ដៃ និង​ជើង គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា ដែល​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

ដរាប​ណា​ជំងឺ​កូវីដ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​បញ្ចប់​ការ​ផ្តល់​ជំនួយ​របស់​ចិន​មក​កាន់​ប្រទេស​កម្ពុជា ក៏​មិន​អាច​បញ្ឈប់​បាន​ឡើយ។ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រុស​កូវីដ ប្រជាជន​ចិន​បន្ត​គាំទ្រ​ជាមួយ​ប្រជាជន​កម្ពុជា​ជានិច្ច។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួ​យវ៉ាក់សាំង​របស់​ចិន​ ដែល​បាន​ផ្តល់​មក​កម្ពុជា​ជា​បន្តបន្ទាប់​នេះ។ លោក​ក៏​ធ្លាប់​បាន​ផ្ញើសារ​អរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​ជំនួយ​ជាច្រើន​សម្រាប់​ទប់ស្កាត់​ជំងឺ​ឆ្លង​កូវីដ ១៩ ផង​ដែរ។

លោក ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា «អរគុណ​មិត្ត​ចិន​ជា​អនេក ជា​និច្ចកាល​មិត្ត​ចិន​តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​កូវីដ ១៩»៕