ភ្នំពេញៈ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ចិន​សម្រាប់​ការអភិវឌ្ឍន៍​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ផ្តល់​រថយន្ត​គ្លីនិក​ចល័ត​ចំនួន ២០ ​គ្រឿង​មក​ក្រសួង​សុខាភិបាល​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន​ជាមួយ​ក្រសួង​សុខាភិបាល​។ នេះ​បើ​យោង​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ។

បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ពិធី​ប្រគល់​រថយន្ត​បាន​ធ្វើ​នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​ដោយ​មាន​ការចូលរួម​ពី​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​លោក​ ដេង បូហ្គីង (Deng Boqing) អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ចិន​សម្រាប់​ការអភិវឌ្ឍន៍ (China International Development Cooperation Agency)​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ទាប់ពី​គម្រោង​មួយ​ចំនួន​ដែល​បាន​និង​កំពុង​អនុវត្ត​រួមមាន​រថយន្ត​គិលាន​សង្គ្រោះ​ចំនួន​ ២០០ ​គ្រឿង ម៉ាស៊ីន​អេកូសាស្ត្រ​ចំនួន​ ២០០ ​គ្រឿង ការសាងសង់​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ និង​រថយន្ត​គ្លីនិក​ចល័ត​ដែល​សរុប​ទាំង​ ២ ​លើក​ចំនួន ៤០ ​គ្រឿង​។ រថយន្ត​គ្លីនិក​ចល័ត​ទាំង​ ២០ ​គ្រឿង​លើក​ទី​ ២ ​នេះ​នឹង​ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ ខេត្ត​កំពត ខេត្ត​កោះកុង ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះវិហារ ខេត្ត​ព្រៃវែង ខេត្ត​ពោធិ៍សាត់ ខេត្ត​រតនគីរី ខេត្ត​ស្ទឹងត្រែង ខេត្ត​ឧត្តរមានជ័យ ខេត្ត​កែប ខេត្ត​ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​។

លោកស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​បាន​និយាយ​ថា​ជា​ធម្មតា​គ្លីនិក​​ចល័ត​គឺ​ប្រើប្រាស់​សម្រាប់​ចុះ​ទៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ដែល​ប្រជាពលរដ្ឋ​គាត់​ពិបាក​មក​មណ្ឌល​សុខភាព ពិបាក​មក​មន្ទីរពេទ្យ ដូច្នេះ​ទៅ​ជួយ​ផ្តល់​ឲ្យ​គាត់​ព្រោះ​នៅ​ឆ្ងាយ​៕