
លោក លី កឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃប្រទេសចិន។ ហុង មិនា
ភ្នំពេញៈ លោក លី កឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃប្រទេសចិនបានថ្លែងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញជាមួយមេដឹកនាំនៃបណ្ដាប្រទេសក្នុងអាងទន្លេមេគង្គថានឹងផ្ដល់អាទិភាពក្នុងការទទួលបានវ៉ាក់សាំងបង្ការមេរោគកូរ៉ូណា នៅពេលដែលរដ្ឋាភិបាលចិនប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសក្នុងអាងទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមបានជួបគ្នាតាមរយៈវីដេអូខនហ្វើរ៉ិន ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ៣ កាលពីថ្ងៃម្សិលមិញក្នុងនោះលោក លី បានថ្លែងថា ប្រទេសចិននឹងបង្កើតមូលនិធិពិសេស ដើម្បីលើកកម្ពស់សុខភាពសាធារណៈស្ថិតក្រោមក្របខ័ណ្ឌនៃមូលនិធិពិសេសរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយដើម្បីបន្តផ្តល់នូវការគាំទ្រសម្ភារ និងបច្ចេកទេសដល់បណ្តាប្រទេសមេគង្គ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក លី ថ្លែងថា៖ «វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងត្រូវផ្ដល់ទៅឱ្យបណ្ដាប្រទេសតាមដងទន្លេមេគង្គ។ យើងគិតថា វាគឺជាធម្មជាតិដែលត្រូវតែធ្វើ ខណៈពួកយើងគឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា។ ចិនក៏មានឆន្ទៈដើម្បីធ្វើការជាមួយបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ គាំទ្រដល់ការងាររបស់អង្គការសុខភាពពិភពលោក (WHO)។
រហូតមកដល់ពេលបច្ចុប្បន្ននេះការផលិតវ៉ាក់សាំងការពារមេរោគកូរ៉ូណា មិនទាន់មានការប្រកាសឲ្យប្រើប្រាស់ជាសកលនៅឡើយទេ បើទោះបីកាលពីដើមខែសីហានេះអង្គការសុខភាពពិភពលោកបានប្រកាសថា មានវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ៦ ក្នុងនោះមានចំនួន ៣ មកពីប្រទេសចិនត្រូវបានចាប់ផ្ដើមសាកល្បងដំណាក់កាលទី ៣។ ការសាកល្បងដំណាក់កាលទី ៣ នេះដើម្បីបង្ហាញថា តើវ៉ាក់សាំងទាំង ៦ នោះអាចការពារមនុស្សចំនួនច្រើននៅក្នុងរយៈពេលវែងដែរឬទេ?
យោងតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោកកាលពីម្សិលមិញមិនមានព័ត៌មានអំពីបច្ចុប្បន្ននៃការប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងជាសកលនៅឡើយទេ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានថ្លែងនៅក្នុងសុន្ទរកថារបស់លោកផងដែរថា ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាប្រធានបទក្ដៅបំផុតមួយដែលប្រទេសទាំង ៥ នៃកិច្ចប្រជុំស្ដីពីទន្លេមេគង្គ-ឡានឆាង ត្រូវបង្ហាញពីសាមគ្ដីភាព និងជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះដើម្បីធានាថា ជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិនីមួយៗនៅក្នុងតំបន់។
លោកថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្ដេជ្ញាចិត្តផ្ដល់វ៉ាក់សាំងនេះក្នុងថ្លៃមួយសមស្របសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍»។
ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃអាទិត្យលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា កម្ពុជាកំពុងរង់ចាំព័ត៌មានឱ្យបានច្បាស់លាស់ និងការបញ្ជាក់អំពីលក្ខណៈបច្ចេកទេសឱ្យបានច្បាស់លាស់ពីអង្គការសុខភាពពិភពលោកអំពីការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោកស្រីថ្លែងថា៖ «ការផលិតវ៉ាក់សាំង គឺត្រូវការឆ្លងកាត់ការត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងឱ្យបានត្រឹមត្រូវ ហើយក្រសួងសុខាភិបាលកម្ពុជាតែងធ្វើការយ៉ាងជិតដិតជាមួយអង្គការសុខភាពពិភពលោក ហើយបច្ចុប្បន្ននេះ យើងមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយពីអង្គការសុខភាពពិភពលោកថា ឥឡូវមានវ៉ាក់សាំងដែលអាចប្រើប្រាស់ និងអាចផ្ដល់ជូនមកពលរដ្ឋយើងជាផ្លូវការនៅឡើយទេ»។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ទៀតថា ការសិក្សាលើវ៉ាក់សាំងទាំងនោះកំពុងត្រូវបានគេជំរុញបញ្ចប់ក្នុងការបញ្ជាក់អំពីសុក្រឹតភាពក្នុងការប្រើប្រាស់ទៅលើមនុស្ស ដើម្បីបញ្ចៀសការធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សនៅពេលយកមកប្រើប្រាស់។
លោកស្រីបន្តថា កម្ពុជាគឺជាប្រទេសសមាជិកសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ (GAVI)។
លោកស្រីថ្លែងថា៖ «យើងគឺជាសមាជិកមួយនៅក្នុងសម្ព័ន្ធភាពអន្តរជាតិចាក់ថ្នាំបង្ការ ហើយប្រសិនបើមានការផ្សព្វផ្សាយជាផ្លូវការថា ឥឡូវវ៉ាក់សាំងមានហើយនិងអាចប្រើប្រាស់ហើយ។ យើងគឺជាសមាជិកមួយនៅក្នុងសម្ព័ន្ធនោះ គឺយើងមានលទ្ធភាពក្នុងការទិញ ឬទទួលយកវ៉ាក់សាំងនោះបាន»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះកម្ពុជាមិនមានករណីជំងឺកូវីដថ្មីនោះទេក្នុងចំណោមអ្នកជំងឺដែលរកឃើញនៅកម្ពុជាចំនួន ២៧៣ នាក់ ហើយបានជាសះស្បើយកើនដល់ ២៦៣ នាក់ និងនៅសល់តែ ១០ នាក់ទៀតប៉ុណ្ណោះកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក ហ៊ុន សែន ក៏បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោកផងដែរថា ពលរដ្ឋបាននាំគ្នាដើរលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានប្រកបដោយសុវត្ថិភាព ហើយជាពិសេសបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងជំងឺកូវីដ ១៩៕
វីដេអូ៖