ភ្នំពេញៈប្រទេស​ចិន ​បាន​ផ្តល់​ជំនួយ​ចំនួន ៦៤៥​ លាន​យ័ន (ប្រមាណ​ជា​ង​ ​១០០ ​លាន​ដុល្លារ​អាមេរិក) បន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោ​ធា ដែល​ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ​បាន​ធ្វើ​ឡើង ក្នុង​ជំនួបរ​វាង លោក​ ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ជាមួយ​នាយ​ឧត្តម​សេនីយ៍ វៃ ហ្វេហេ (WEI FENGHE) សមា​ជិក​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ នៃ​សាធា​រណ​រដ្ឋ​ប្រជា​មា​និត​ចិន កាល​ពី​ថ្ងៃ​​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០១៨។ នេះ​បើ​តាម​លោក​ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​។

លោក​ សុជាតិ បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ ភាគី​ទាំង ២ បាន​​ប្តេជ្ញា​បន្ត​រឹត​ចំណង​មិត្ត​ភាព​ទៅ​វិញ​ទៅ​មក ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត ជា​ពិសេស​ គឺមិត្ត​ចិន​ បាន​ផ្តល់​ជំនួយ​ឥត​សំណង​បន្ថែម​​ចំនួន ៦៤៥​ លាន​យ័ន ដល់​កម្ពុជា​​សម្រាប់​​យក​មក​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា ទៅ​តាម​តម្រូវ​ការ​ចាំបាច់​។

លោក​ សុជាតិ បាន​គូស​បញ្ជាក់​ថា​៖«ការ​ផ្តល់​ជំនួយ​បន្ថែម​នេះ គឺ​ជា​ទឹក​ចិត្ត​ក៏ថ្លៃថ្លា ​របស់​ភាគី​ចិន ដែល​ធ្វើ​ឡើង​ចំឱកាស​ខួប​លើក​ទី​ ៦០ នៃ​ទំនាក់​ទំនង​ការ​ទូត ​រវាង​ប្រទេស​ទាំង២​កម្ពុជា-ចិន ហើយ​ដើម្បី​អប​អរ​សាទរ​ដល់​ខួប​នៃ​ទំនាក់​ទំនង​ការ​ទូត​នេះ ភាគី​ទាំង​ពី​រ​ ក៏បាន​រៀបចំ​ពិព័រណ៍​យោធា​ កម្ពុជា-ចិន រយៈ​ពេល ​៥​ ថ្ងៃ ចាប់​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០១៨ នៅ​មជ្ឈ​មណ្ឌល​ពិព័រ​ណ៍ និង​សន្និបាត​កោះ​ពេជ្រ»។

ពិព័រណ៍​នេះ​ធ្វើ​ឡើង​ ដើម្បី​បង្ហាញ​អំពី​សមិទ្ធផល​នានា នៃ​កិច្ចស​ហប្រតិ​បត្តិការ​យោធា របស់​ប្រទេស​ទាំង​២​​ផង​ដែរ។

បើ​តាម​លោក ឈុំ សុជាតិ ក្រៅ​ពីការ​ផ្តល់​ជំនួយ​ សម្រាប់​វិស័យ​យោធា ក្នុង​ជំនួប​ខាង​លើ ភាគី​កម្ពុជា-ចិន ក៏នឹង​សហការ​គ្នា​ បន្ត​ទៀត ដើម្បី​​ ធ្វើ​សម​យុទ្ធ​នាគ​មាស នៅ​ឆ្នាំ​ ២០១៩ ខាង​មុខ​​ផង​ដែរ ខណៈ​ដែល​ឆ្នាំ​ ២០១៨ ភាគី​ទាំង​ពីរ​ កម្ពុជា-ចិន បាន​រៀបចំ​រួច​ហើយ ដោយ​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​មុន រយៈ​ពេល​ ១៣ ​ថ្ងៃ ចាប់​ពីថ្ងៃ​ទី ​១៧ ដល់​ថ្ងៃ​ទី ២​៩​ ខែមីនា​ ឆ្នាំ​ ២០១៨ នៅ​តំបន់​ភ្នំ​ធំ​ម្រះ​ព្រៅ ក្នុង​ភូមិ​ថ្លុក​ដូន​ស ឃុំក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។

ការ​ប្រកាស​ផ្តល់​ជំនួយ​ពី​ចិន​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ​ធ្វើ​ឡើង​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ លើ​​លោក​ ហ៊ីង ប៊ុន​ហៀង​ អគ្គ​មេបញ្ជាការ​រង​ នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា មន្ត្រី​យោ​ធា​ជាន់​ខ្ពស់​រូប​នេះ មាន​ជាប់​ពាក់​ព័ន្ធ​ នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ករណី ជា​ការ​ចោទ​ប្រកាន់​ ដែល​ទាំង​លោក ប៊ុន​ហៀង ក្រសួង​ការ​ពារ​ជាតិ និង​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​ បាន​បដិសេធ ហើយ​បាន​ធ្វើ​ការ​ថ្កោល​ទោស​តប​វិញ​​យ៉ាង​ខ្លាំង​​ទៅ​លើ​​សហ​រដ្ឋ​អាមេរិក​​៕