ភ្នំពេញៈ សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ផ្ដល់នូវ​សម្ភារ​ជា​ជំនួយ​មនុស្សធម៌​លើ​វិស័យ​សកម្មភាព​មីន​ដល់​អាជ្ញាធរ​មីន​ប្រមាណ​ ១ ​លានដុល្លារ​អាមេរិក ខណៈ​កម្ពុជា​បានដាក់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ គ្មានមីននៅឆ្នាំ ២០២៥​។

ការផ្ដល់​ជំនួយ​មនុស្សធម៌​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​ ជំនួយ​ឥតសំណង មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១ ​លាន​ដុល្លារ​នេះ រួមមាន រថយន្ត Pick Up ចំនួន ៨ គ្រឿង ឧបករណ៍​រាវ​មីន​ ១៣០ គ្រឿង ប្រអប់​សម្ភារ ១០០ ​ឈុត ប្រអប់​សម្ភារ​បំផ្ទុះ​គ្រាប់ (EOD) ២០ ឈុត សម្លៀកបំពាក់​ការពារ​ចំនួន ១០ ​កំប្លេ មួក​ការពារ​ចំនួន ១០, ដ្រូន​ (UAV) ​ចំនួន​ ៤ គ្រឿង ឯកសណ្ឋាន ស្បែកជើង និង​មួក ៥០០ ​កំប្លេ និង​តង់​ចំនួន​ ៥០០​។

លោក លី ធុជ បាន​ថ្លែង​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែលជា​និច្ចកាល​តែងតែ​យកចិត្ត​ទុកដាក់ និង​គាំទ្រ​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​គ្រប់​កាលៈទេសៈ​ក្នុង​នោះ​រួមមាន​ទាំង​ការផ្តល់​ជំនួយ​សម្រាប់​វិស័យ​សកម្មភាព​មីន​ដើម្បី​មនុស្សធម៌ ទាំង​សម្ភារ​បច្ចេកទេស​ហិរញ្ញវត្ថុ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​។ «​កម្ពុជា​នៅតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ​ដ៏សប្បុរស​របស់​មហាមិត្ត​ចិន​សម្រាប់​ការងារ​បោសសម្អាត​មីន​»​។

បើតាម​លោក លី ធុជ តាមរយៈ​ជំនួយ​មនុស្សធម៌​វិស័យ​សកម្មភាព​មីន​ពី​មិត្ត​ចិន​ជា​បន្តបន្ទាប់ រាជរដ្ឋាភិបាល​កម្ពុជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​ជោគជ័យ​ក្នុង​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ ២០១៨-២០២៥ គឺ​ឆ្ពោះ​ទៅ​រក​កម្ពុជា​មួយ​ដែល​គ្មាន​មីន​ឆ្នាំ​ ២០២៥ ជាពិសេស​ចូលរួម​ដល់​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ការកសាង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោក Wang Wentian បាន​ថ្លែង​ក្នុង​ពិធី​ផ្ដល់ជំនួយ​នេះ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន រីករាយ និង​ពេញចិត្ត​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​អាជ្ញាធរ​មីន ដោយ​បាន​គាំទ្រ​ដល់​វិស័យ​បោសសម្អាត​មីន​។ ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ទាំង​សម្ភារ ថវិកា និង​ការបណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​អាជ្ញាធរមីន ដើម្បី​ឱ្យ​កម្ពុជា​អាច​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​គ្មាន​មីន​ឆ្នាំ​ ២០២៥​។

លោក​ឯកអគ្គរដ្ឋទូត​ថ្លែងថា​៖ «​ការងារ​បោសសម្អាត​មីន​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នឹង​ជួយ​ជំរុញ​ដល់​រដ្ឋាភិបាល​ប្រទេស​ចិន​ឱ្យ​បន្ត​ការគាំទ្រ និង​ពិចារណា​រាល់​សំណើសុំ​របស់​អាជ្ញាធរ​មីន​»​។

បើតាម​អាជ្ញាធរ​មីន​ក្រៅពី​ចិន​នៅ​មាន​ការគាំទ្រ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ដទៃទៀត​ក្នុង​សកម្មភាព​បោសសម្អាត​មីន​ក្នុងនោះ​រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស ជប៉ុន ន័រវែស កាណាដា អាល្លឺម៉ង់ ស្វ៊ីស នូវែលសេឡង់ សាធារណរដ្ឋ​កូរ៉េ អៀរឡង់ UNDP និង UNICEF ​ព្រម​ទាំងមូល​និធិ​អង្គការ​សង្គម​ស៊ីវិល​ និង​សប្បុរសជន​នៅ​កម្ពុជា​ផងដែរ​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩២ ​ដល់​ត្រឹម​ខែធ្នូ​ឆ្នាំ​ ២០២០ ​កម្ពុជា​បាន​បោសសម្អាត​ផ្ទៃដី​ចំនួន ២ ១៣៨ ​គីឡូម៉ែត្រក្រឡា​ បំផ្លាញ​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​ ១ ​លានគ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង​ ២៥ ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​រាប់​បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​ជាង​ ២ ​លាន ៨ ​សែន​គ្រាប់​៕