ភ្នំពេញៈ ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​នៃ​ប្រទេស​ចិន​ តាមរយៈ​ក្រុមហ៊ុន Shenzhen Spark Co.,Ltd បាន​ផ្តល់ជូន​ក្រសួង​បរិស្ថាន​នូវ​សម្ភារ​ និង​បរិក្ខារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​មួយចំនួន សរុប​ជា​ទឹកប្រាក់​ប្រមាណ​ ៣ ​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang Wentian ប្រគល់​ជូន​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ២១ ​ធ្នូ​។

ក្រសួង​បរិស្ថាន​បានឱ្យ​ដឹងថា តាមរយៈ​អនុស្សរណៈ​កាត់បន្ថយ​កាបូន ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន​តាមរយៈ​ក្រុមហ៊ុន Shenzhen Spark បាន​ផ្តល់ឱ្យ​ក្រសួង​បរិស្ថាន​កម្ពុជា នូវ​សម្ភារ​មួយ​ចំនួន​រួមមាន អំពូល​បំភ្លឺ​ផ្លូវ​ចំនួន​ ២ ៨០០ ​ដើម សូឡា PV ចំនួន​ ២០០ ​គ្រឿង ម៉ូតូ​អាគុយ​ចំនួន​ ២០០ ​គ្រឿង និង​ឧបករណ៍​សម្រាប់​មន្ទីរ​ពិសោធន៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចំនួន​ ២០ ​សម្រាប់​។

ជំនួយ​ជា​សម្ភារ​ និង​បរិក្ខារ​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ទាំងនេះ​បាន​ផ្តល់​ជូន​មក​ប្រទេស​កម្ពុជា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​គម្រោង​សាកល្បង​បញ្ចេញ​កាបូន​តិច នៅ​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​​កន្លងទៅ​។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ក្រសួង​បរិស្ថាន​បាន​លើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចូលរួម​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន ពង្រឹង​សមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុង​ស្អាត មាន​មេត្រីភាព​បរិស្ថាន​ទីក្រុង​បៃតង​ដើម្បី​ភាពសុខដុម​រមនា​បរិស្ថាន​ និង​ការរស់នៅ​ដោយ​ចីរភាព​។

លោក​ សាយ សំអាល់ បានលើកឡើង​ក្នុង​ពិធី​ប្រគល់​ទទួល​នៅ​ទីស្តីការ​ក្រសួង​ដោយ​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អេកូឡូស៊ី​ និង​បរិស្ថាន​នៃ​ប្រទេស​ចិន​ដែល​បានផ្តល់​ជំនួយ​សម្ភារ​នេះ​។ លោក​ថ្លែងថា​៖ «​សម្ភារ​បំភ្លឺ​ទាំងនេះ​នឹងត្រូវ​ដាក់ឱ្យ​ប្រើ​នៅតាម​ទីសាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​បំភ្លឺ​នៅតាម​សាលារៀន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ក៏​ដើម្បី​អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​បាន​សិក្សា​ពី​សម្ភារ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ ក៏ដូចជា​ជួយ​បំភ្លឺ​កន្លែង​ហាត់​កីឡា​នានា​ផងដែរ​»​។

លោក​ សាយ សំអាល់ ​បន្ត​ថា គោលដៅ​សំខាន់​គឺ​ធ្វើឱ្យ​ឪពុកម្តាយ​សិស្ស វិល​ត្រឡប់​មក​សាលារៀន ដើម្បី​ហាត់​កីឡា និង​មានឱកាស​អាច​ជជែក​ពិភាក្សា​ជាមួយ​លោកគ្រូ​អ្នកគ្រូ​។ ចំណែក​ម៉ូតូ​អាគុយ​ និង​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ត្រូវ​បាន​យកមកប្រើ​ប្រាស់​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នៅ​មន្ទីរ​ពិសោធន៍ និង​តាម​ទីតាំង​ត្រួតពិនិត្យ​តាមដាន​របស់​ក្រសួងបរិស្ថាន​។

ជាមួយ​គ្នា​នោះដែរ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ក៏បាន​ថ្លែងថា ជំនួយ​ជា​សម្ភារ​ទាំងនេះ​គឺជា​ការរឹតចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ហើយ​នឹង​ជួយ​ប្រទេស​កម្ពុជា​លើ​ផ្នែក​វិស័យ​បរិស្ថាន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ផងដែរ​។

ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ ២០២០ ​នេះ​ក្រសួង​បរិស្ថាន​សម្រេចបាន​នូវ​អនុស្សរណៈ និង​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​សំខាន់ៗ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាច្រើន​រួមមាន​កិច្ចសហប្រតិបត្តិការ​គាំពារ​បរិស្ថាន​កម្ពុជា-ចិន​, ការបង្កើត​ការិយាល័យ​រៀបចំ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​បរិស្ថាន​កម្ពុជា-ចិន​, ការផ្ដល់​ជំនួយ​ឧបករណ៍​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​,​ កិច្ចសហប្រតិបត្តិការ​សាកល្បង​ក្នុង​ការអភិរក្ស​ជីវចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​, ការរៀបចំ​មន្ទីរពិសោធន៍​សហប្រតិបត្ដិការ​កម្ពុជា​-​ចិន​, ការរៀបចំ​តំបន់​បញ្ចេញ​កាបូន​តិច និង​ការផ្ដល់​ជំនួយ​ស្ថានីយ​តាមដាន​គុណភាព​ទឹក​ស្វ័យប្រវត្តិ​ជាដើម​៕