ភ្នំពេញៈ ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​យូនីសេហ្វ​ប្រកាស​​គាំទ្រ​កុមារ​ ៧ ​ម៉ឺន​នាក់ ​ឱ្យ​ចូល​រៀន​នៅ​សាលាមតេ្តយ្យ​ទ្បើង​វិញ ប្រកប​ដោយ​សុវត្ថិភាព​ក្នុង​អំទ្បុង​ពេល​ជំងឺ​រាតត្បាត​កូវីដ​ ១៩ តាមរយៈ​ការផ្គត់ផ្គង់​សម្ភារ​អប់រំ និង​បរិក្ខារ​អនាម័យ​ដល់​ការិយាល័យ​អប់រំ​នៅក្នុង​ស្រុក ខណ្ឌ ជិត​ ២០០ នៅ​ទូទាំង​ប្រទេស​។

កាលពី​ម្សិលមិញ គណៈប្រតិភូ​មកពី​ក្រសួង​អប់រំ យុវជន និង​កីទ្បា ស្ថានទូត​ចិន និង​យូនីសេហ្វ​បានរួម​គ្នា​ចុះ​ពិនិត្យ​ការប្រើប្រាស់​បរិក្ខារ​អនាម័យ និង​សម្ភារ​អប់រំ​ដែល​ឧបត្ថម្ភ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ចិន​សម្រាប់​ប្រើប្រាស់​តាម​សាលាមត្តេយ្យ​នៅ​សាលាខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាស​នោះ​លោក អ៊ូ ហ្គ័រឈៀន អគ្គកុងស៊ុល​ទទួលបន្ទុក​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ក្រសួង​ពាណិជ្ជកម្ម​ចិន​​បាន​ឧបត្ថម្ភ​សម្ភារ​ទាំងនេះ​ដល់​សាលាមត្តេយ្យ​ចំនួន ៣ ០៦៤ នៅ​ទូទាំង​ប្រទេស ដែល​ជួយ​ឱ្យ​កុមារ​ប្រមាណ​ ៧ ​ម៉ឺន​នាក់ ​​អាច​ត្រឡប់​ចូលរៀន​វិញ​ដោយ​សុវត្ថិភាព​ជាមួយ​នឹង​សម្ភារ​ការពារ​ការចម្លង​ជំងឺ​កូវីដ ​១៩​ ប្រសើរ​ជាង​មុន​។

លោក​ថា​៖ «​សម្ភារ​ទាំងនេះ​គឺ​តំណាង​ឱ្យ​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ចិន យូនីសេហ្វ និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការឧបត្ថម្ភ​ពិសេស​ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន​តំណាង​ឱ្យ​រដ្ឋាភិបាល​ចិន​ជូន​យូនីសេហ្វ​សម្រាប់​គាំទ្រ​ឱ្យ​កុមារ​កម្ពុជា​ការពារ​សុខភាព និង​ការអភិវឌ្ឍ​​ និង​លើកកម្ពស់​សមត្ថភាព​របស់​សហគមន៍ និង​សាលារៀន​ដើម្បី​ឆ្លើយតប​ចំពោះ​ការរាតត្បាត​ជំងឺ​ជា​សកល​...»​។

លោក​ អ៊ូ ហ្គ័រឈៀន ​បន្ថែមថា ប្រទេស​ចិន​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​ជា​សកល ហើយ​​ក៏​គាំទ្រ​ពេញទំហឹង​ដល់​កិច្ចសហប្រតិបត្តិការ​ពហុភាគី និង​គាំទ្រ​ដល់​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការប្រយុទ្ធ​នឹង​ការរាតត្បាត​ជា​​សកល​នៃ​ជំងឺ​នេះ​ផងដែរ​។

លោកស្រី ​ហ្វ័រូហ្គ ហ្វយូហ្សិថ ​នាយិកា​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ចិន គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​លើ​កិច្ចប្រឹងប្រែង​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​យូនីសេហ្វ​ក្នុង​ការឆ្លើយតប​​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩​។ ​ការផ្គត់ផ្គង់​សម្ភារ​អប់រំ និង​បរិក្ខារ​អនាម័យ​ដូចជា​ឧបករណ៍​លាងសម្អាត​ដៃ​ចល័ត ធុង​ចម្រោះ​ទឹកស្អាត សាប៊ូ និង​ជែល​អាល់កុល​លាងដៃ​គឺមាន​សារៈសំខាន់​ណាស់​​សម្រាប់​សុវត្ថិភាព និង​សុខភាព​របស់​សិស្ស​មត្តេយ្យ​កម្ពុជា​។

សម្ភារ​ទាំងនេះ​កំពុង​ត្រូវបាន​ចែកជូន​ដល់​ការិយាល័យ​អប់រំ​តាម​ក្នុងស្រុក​/​ខណ្ឌ​ចំនួន​ ១៨៧ នៅ​ទូទាំង​ ២៥ ​ខេត្ត​/​ក្រុង​។

លោកស្រី ​ហ្វ័រូហ្គ ហ្វយូហ្សិថ បាន​ថ្លែងថា​៖ «​មាន​ភ័ស្តុតាង​ជាច្រើន​បានបង្ហាញ​ថា ការអប់រំ​កុមារ​តូច​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​ជួយ​ឱ្យ​កុមារ​ទទួល​បាន​លទ្ធផល​ពី​ការអប់រំ​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ និង​ជួយ​ឱ្យ​ពួកគេ​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ពេល​ពេញវ័យ​។ ​ខណៈ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​កំពុង​ត្រឡប់​មករក​ភាពប្រសើរ​ជាង​មុន​ និង​កាន់តែ​ធន់​ក្នុង​ការទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ ​១៩ យើង​ត្រូវ​បន្តធ្វើ​ការងារ​រួមគ្នា​ដើម្បី​ប្រមើល​មើល​ជាថ្មី​ពី​ការផ្ដល់សេវា​អប់រំ​កុមារ​តូច​ដល់​កុមារ​នៅ​កម្ពុជា​គ្រប់រូប ជាពិសេស​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​»​។

ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ ១៩ ដំបូងៗ យូនីសេហ្វ​នៅ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល ដើម្បី​ឆ្លើយតប​ចំពោះ​ផលប៉ះពាល់​ដែល​បង្កដោយ​ជំងឺ​​នេះ​លើ​ការសិក្សា​។ ​ការគាំទ្រ​នេះ​បាន​ជួយ​ឱ្យ​កុមារ​គ្រប់​វ័យ​រួមទាំង​កុមារ​សាលាមត្តេយ្យ​ផង​អាច​បន្តបាន​ការអប់រំ​ក្នុង​រយៈពេល​សាលា​កំពុង​បិទទ្វារ​។ ជាមួយ​នេះ​ក៏​បាន​ជួយ​ឱ្យ​សាលារៀន​អាច​ត្រៀមខ្លួន​សម្រាប់​បើក​ឡើងវិញ​ផងដែរ ដោយ​ប្រើប្រាស់​ការអនុវត្ត​ល្អៗ ដើម្បី​ធានា​ឱ្យ​បរិយាកាស​ក្នុង​សាលារៀន​មាន​សុវត្ថិភាព និង​ផ្ដល់​​ការការពារ​សុខភាព​ដល់​កុមារ​។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ស្វាគមន៍​ចំពោះ​ការឧបត្ថម្ភ​ពី​ក្រសួង​​ពាណិជ្ជកម្ម​ចិន​តាមរយៈ​ស្ថានទូត​ចិន និង​យូនីសេហ្វ​ដល់​សិស្ស​មត្តេយ្យ​នៅ​កម្ពុជា​នេះ​។ លោកស្រី​បន្តថា ក្រសួង​ចង់ឱ្យ​កុមារ​តូច​កាន់តែ​ច្រើន​អាច​ទទួល​បាន​ផល​ពី​ការចូល​រៀន​នៅ​សាលាមត្តេយ្យ​ឡើងវិញ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​គោលដៅ​នេះ​អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​បរិយាកាស​រៀនសូត្រ​មាន​សុវត្ថិភាព​។

យើង​សង្ឃឹមថា​ប្រជាពលរដ្ឋ​នឹងមាន​ទំនុកចិត្ត​ក្នុង​ការបញ្ជូន​កូន​របស់​ពួកគាត់​ទៅ​រៀន​នៅ​សាលាមត្តេយ្យ​ដោយសារ​តែ​ការគាំទ្រ​ដ៏សំខាន់​នេះ​»៕