
កាមេរ៉ាសុវត្ថិភាព ដែលត្រូវបានដាក់នាពេលកន្លងមកនៅតាមដងផ្លូវមួយក្នុងខេត្តព្រះសីហនុ។ សហការី
ព្រះសីហនុៈ ក្រុមហ៊ុន Hauwei របស់ប្រទេស ចិន នឹងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវសំខាន់ៗនៅក្នុងខេត្តព្រះសីហនុចំនួន ២៣១ គោលដៅ ដើម្បីជួយពង្រឹងការ គ្រប់គ្រងសន្ដិសុខ ដែលសកម្មភាពនេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រ ស្រប ពេលមន្ត្រីរដ្ឋាភិបាលលើកឡើងថា វាគឺជាបច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងសន្ដិសុខ។
លោក ឆាយ គឹមខឿន មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា កាមេរ៉ាបំពាក់នៅតាមផ្លូវក្នុងខេត្តព្រះសីហនុនេះ គឺជាជំនួយរបស់នគរបាលចិនសម្រាប់នគរបាលកម្ពុជា ប៉ុន្តែលោកមិនបានដឹងអំពីចំនួនកាមេរ៉ាប៉ុន្មានដែលចិនបានផ្ដល់ឱ្យឡើយ ដោយសារកិច្ចការនេះ នៅជាការសិក្សានៅឡើយ។
លោក បញ្ជាក់ថា៖ «វាជាជំនួយសហប្រតិបត្តិការជាមួយកងកម្លាំងនគរបាលចិន។ វាគឺជាបច្ចេកវិទ្យាខ្ពស់សម្រាប់សម្រួលដល់ការងារសន្ដិសុខផង និងសណ្ដាប់ធ្នាប់ផងវាល្អណាស់»។
កាលពីថ្ងៃទី ២៩ ខែ មេសា តំណាងក្រុមហ៊ុន Hauwei និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានជួបពិភាក្សាគ្នាអំពីការបំពាក់កាមេរ៉ានេះ។ បើតាមលោក ជិន វិទ្យា ស្នងការរងខេត្តព្រះសីហនុ ដែលជួបពិភាក្សាជាមួយក្រុមហ៊ុនខាងលើ បានឱ្យដឹងថា ការបំពាក់កាមេរ៉ាទាំង ២៣១ គោលដៅ គឺស្ថិតនៅក្នុងក្រុងព្រះសីហនុចំនួន ១៥០ គោលដៅ ស្រុកព្រៃនប់ចំនួន ៤៨ គោលដៅ ស្រុកកំពង់សិលាចំនួន ១៣ គោលដៅ និងស្រុកស្ទឹងហាវចំនួន ២០ គោលដៅ។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងថា នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី ២៩ ខែ មេសា គឺខាងស្នងការនគរបាលខេត្តបានបង្ហាញអំពីគោលដៅដែលមានកំណត់សម្រាប់បំពាក់កាមេរ៉ា បន្ទាប់ពីក្រុមហ៊ុន Hauwei នេះ ត្រូវចុះមកជាលើកទី២ ម្ដងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីចាប់ផ្ដើមការងារបំពាក់កាមេរ៉ាតែម្ដង។
លោកបន្តថា ការបំពាក់កាមេរ៉ានេះ គឺដើម្បីប្រើសម្រាប់តាមចាប់រូបភាពរថយន្តល្មើសនៅតាមដងផ្លូវ និងមុខសញ្ញាជនសង្ស័យដែលបានប្រព្រឹត្តបទល្មើស ហើយការបំពាក់កាមេរ៉ានេះ គឺដោយសារខេត្តព្រះសីហនុ គឺជាគោលដៅទី ២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ស្របពេលវិធានការនេះ នឹងបន្តធ្វើរហូតឱ្យបាននៅទូទាំងប្រទេស។
លោក ណារិន្ទ ថ្លែងថា៖ «ក្នុងចំណោមទាំង ២៣១ គោលដៅនេះគឺកន្លែងខ្លះអាចដាក់ (កាមេរ៉ា) ចំនួន ២ គ្រឿង និងកន្លែងខ្លះអាចដាក់រហូត ៣ គ្រឿង អ៊ីចឹងយើងមិនទាន់បានកំណត់ថា ប៉ុន្មានគ្រឿងទេ»។
គម្រោងរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពតាមទីសាធារណៈក្នុងខេត្តព្រះសីហនុនេះ បានកើតឡើងស្របពេលក្រុមជនជាតិចិនកំពុងនាំគ្នាសម្រុកទៅវិនិយោគខេត្តមួយនេះ។ បើតាមតួលេខពីក្រសួងមហាផ្ទៃធ្លាប់បង្ហាញថា គិតត្រឹមចុងឆ្នាំ ២០១៨ នេះ គឺមានជនជាតិចិនកំពុងរស់នៅ ក្នុងខេត្តព្រះសីហនុចំនួនជាង ៧៧ ០០០ នាក់ ប៉ុន្តែក្នុងនោះអ្នកមានបណ្ណការងារត្រឹមត្រូវមានតែជាង ២ ម៉ឺននាក់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា គម្រោងការដើម្បីរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពនេះ មិនទាន់ត្រូវបានមន្ត្រីណាម្នាក់បញ្ជាក់ពីពេលវេលាជាក់លាក់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនៅពេលណាថ្ងៃណានោះនៅឡើយទេ។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះសីហនុបានគាំទ្រចំពោះការបំពាក់កាមេរ៉ាដើម្បីពង្រឹងសន្ដិសុខ។ លោកស្រី សុធារី បានលើកឡើងថា នៅក្នុងខេត្តព្រះសីហនុ កំពុងកើតមានភាពរញ៉េរញ៉ៃកាន់តែច្រើនខុសពីពេលមុន ដូចជាបញ្ហាកកស្ទះចរាចរណ៍ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការដើរលេងផឹកស៊ីស្រែកឡូឡានៅតាមទីសាធារណៈ។
លោកស្រីបានបន្ថែមថាករណីទាំងនេះចាប់ផ្ដើមសម្បូរកើតមានឡើង បន្ទាប់ពីមានជនជាតិចិនជាច្រើនសម្រុកទៅវិនិយោគក្នុងខេត្តព្រះសីហនុ។
លោកស្រី សុធារី បានបញ្ជាក់ថា៖ «ពួកចិនអត់មានសំណុំរឿងចាប់ដីទេ ហើយរាល់ថ្ងៃនេះនៅតុលាការ មានសំណុំរឿងសំខាន់ៗដែលលេចធ្លោ គឺរឿងដីធ្លីដែលអ្នកប្រព្រឹត្តជាជនជាប់ចោទឬជនសង្ស័យភាគច្រើនជាខ្មែរ។ ដល់អារឿងអនាធិបតេយ្យ ដូចជាគ្រឿងញៀន វ៉ៃតប់ គ្រោះថ្នាក់ចរាចរណ៍ ច្រើនតែចិន បើនិយាយថាពីមុន គឺមានដែរតែមិនច្រើនដូចបច្ចុប្បន្ន»៕