ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​នឹង​បន្ត​ផ្ដល់​ជំនួយ​ឥតសំណង​ជា​ទឹកប្រាក់​ចំនួន ៦០០ ​លាន​យន់ ​​ដែល​ស្មើនឹង​ចំនួន​ប្រមាណ​ ៨៤ ​លាន​ដុល្លារ​អាមេរិក​ ដល់​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​យោធា ជា​អ្វី​ដែល​លោក​ហៅ​ជំនួយ​របស់​ចិន​ថា មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ដែល​ជា​ការឆ្លើយតប​នឹង​ការខ្វះខាត​របស់​ប្រទេស​ កម្ពុជា​។

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បានលើក​ឡើង​ពី​ប្រាក់​ជំនួយ​នេះ​កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​ ២៣ ខែតុលា នៅ​ចំពោះ​មុខ​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ខណៈដែល​លោក​ទើបតែ​វិលត្រឡប់​មកពី​ទស្សនកិច្ច​នៅ​ប្រទេស ចិន​ វិញ​។ ​លោក​បានចាត់ទុក​ប្រាក់​ជំនួយ​ឥតសំណង​របស់​ចិន​នេះ​ថា ជា​ការបញ្ជាក់​ឲ្យ​ឃើញ​ពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​កម្ពុជា​-​ចិន​ ដែល​ប្រាក់​ជំនួយ​នឹង​ប្រើប្រាស់​សម្រាប់​បង្កើន​សមត្ថភាព​ក្នុង​វិស័យ​យោធា​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​មាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​សារៈសំខាន់​គឺ​ចិន​នឹង​បង្កើន​នូវ​ជំនួយ​ឥតសំណង​សម្រាប់​កម្ពុជា​យើង​ខាង​វិស័យ​យោធា​ដែល​មាន​ទឹកប្រាក់​ក្នុង​ចំនួន ៦០០ ​លាន​យន់​នេះ ហើយ​យើង​នឹង​យក​មក​ចាត់ចែង​បង្កើន​នូវ​សមត្ថភាព​វិស័យ​យោធា​របស់​យើង​តែម្តង​។ យើង​បន្ត​កិច្ចសហប្រតិបត្តិការ​របស់​យើង​ដែល​យើង​មាន​រួចស្រេច​ហើយ ហើយ​យើង​គ្មាន​ងាករេ​ទេ​។ ​យើង​បាន​បញ្ជាក់​​ហើយ​បញ្ជាក់​ទៀតថា យើង​បន្ត​កិច្ចសហប្រតិបត្តិការ​ទាំងឡាយ​ដែលមាន ហើយ​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​»​។

កាលពី​ម្សិលមិញ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​បញ្ជាក់​បន្ថែម​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​ ចិន​ បាន​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​វិស័យ​ការពារ​កម្ពុជា​ហើយ​ក្រសួង​ការពារ​ជាតិ​បាន​ប្រើប្រាស់​ថវិកា​ទាំងនេះ​សម្រាប់​បំពេញ​ដល់​ការខ្វះខាត​ដែល​ក្នុងនោះ​មាន​ជួយ​បង្កើន​សម្ភារ​សម្រាប់​កងទ័ព ជួយ​ពង្រឹង​ការហ្វឹកហ្វឺន ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កសាង​សាលារៀន និង​មន្ទីរពេទ្យ​ជាដើម​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​យើង​ពង្រឹង​គ្រប់ផ្នែក និង​តម្រូវការ​ដែល​យើង​ត្រូវការ ធ្វើ​យ៉ាងម៉េច​លើកកម្ពស់​សមត្ថភាព​វិស័យ​ការពារជាតិ​របស់​យើង​ឲ្យ​វា​ឡើង​បាន​ ១ ​កម្រិត​ទៀត​។ យើង​មាន​ការខ្វះខាត​​ និង​មាន​តម្រូវការ​ច្រើន​ដែរ ដូច្នេះហើយ​វា​មិនមែន​តែ​សម្ភារ​មួយ​មុខ​នោះទេ ទាំង​ការហ្វឹកហ្វឺន ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ កសាង​សាលារៀន មន្ទីរពេទ្យ បំពាក់​សម្ភារ​នៅតាម​មណ្ឌល​​សុខភាព​...​យើង​ប្រើប្រាស់​តាម​តម្រូវការ​របស់​យើង​ដែល​នៅ​ខ្សត់ខ្សោយ​»​។

ការផ្តល់​ជំនួយ​នេះ​បាន​ធ្វើឡើង​ដោយមាន​ពិធី​ចុះ​ហត្ថលេខា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន-កម្ពុជា នៅក្នុង​អំឡុងពេល​ដែល​លោក​ ទៀ បាញ់ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​លោក​មួយ​ក្រុម​មាន លោក ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស និង​លោក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ​។

ជាមួយ​គ្នា​នេះដែរ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ទៀ បាញ់ ក៏​បាន​សម្តែង​ការ​អរគុណ​ចំពោះ​ប្រទេស​ចិន​ផងដែរ ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់ និង​បាន​អះអាង​ថា វិស័យ​ការពារជាតិ​កម្ពុជា​បើកទ្វារ​ចំហ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដែល​ចង់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។

ពាក់ព័ន្ធ​នឹង​ការផ្អាក​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​កងទ័ព​កម្ពុជា​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក និង​ទំនាក់ទំនង​ក្នុង​វិស័យ​យោធា​កម្ពុជា និង​អាមេរិក​មាន​ការធ្លាក់ចុះ​កន្លង​មក​លោក​ឧបនាយករដ្ឋមន្ត្រី ទៀបាញ់ បាន​ពន្យល់ថា វា​ពិបាក​នឹង​អនុវត្ត​នៅពេល​ដែល​មាន​​ជំនួយ​ខ្លះ​បាន​ភ្ជាប់​ជាមួយ​​នឹង​លក្ខខណ្ឌ​នោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​គេ (​ចិន​) ​មាន​សមានចិត្ត​ជួយ​ដោយ​សុទ្ធចិត្ត ហើយ​គ្រប់​ជ្រុងជ្រោយ​ចំពោះ​ការខ្វះខាត​​របស់​យើង​ទើប​យើង​ទៅរួច​។ បើ​គេ​ (​អាមេរិក​) ​ជួយ​មួយផ្នែក ហើយ​គេ​ទាមទារ​អ្វី​ផ្សេង វា​ពិបាក​ដែល​ធ្វើឲ្យ​យើង​ធ្វើតាម​គេ​បាន​។ វា​ធម្មតា​ទេ​កិច្ចសហប្រតិបតិ្តការ​ពេលដែល​មាន​ការឯកភាព​គ្នា​ទាំងសងខាង ហើយ​យើង​ត្រូវតែ​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ តែ​បើ​កិច្ចសហប្រតិបត្តិការ​គ្រាន់តែ​មក​លឹបល ហើយ​ទាមទារ​ឲ្យ​កម្ពុជា​ធ្វើ​នេះ​ ឬ​ធ្វើ​នោះ យើង​ធ្វើ​មិន​បាន​ទេ​ដូច្នេះហើយ​ទើប​យើង​ត្រូវ​ផ្អាក​ធ្វើ​ខ្លះទៅ​»​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​ចាត់ទុក​ជំនួយ​​ចិន​នេះ​ថា​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ហើយ​ថា ការបន្ត​ផ្តល់ជំនួយ​ដល់​កម្ពុជា​របស់​ចិន​ដោយសារ​តែ​ប្រទេស​ ចិន ត្រូវការ​កម្ពុជា​ក្នុងការ​ពង្រឹង​ និង​ពង្រីក​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​ធ្វើឲ្យ​ប្រទេស ​ចិន​ បន្ត​ជួយ​ប្រទេស​ កម្ពុជា និង​បន្ត​កិច្ចសហប្រតិបត្តិការ​។ វា​ជា​រឿង​ល្អ​សម្រាប់​ប្រទេស ​កម្ពុជា​»៕