ភ្នំពេញៈ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​បាន​និយាយថា ជនជាតិ​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (VOIP) ចំនួន​ ១៥០ ​នាក់​ ក្នុង​នោះ​មាន​ស្រី​ចំនួន​ ១២ ​នាក់ ​ដែល​នគរបាល​ជាតិ​បង្ក្រាប​កាលពី​អំឡុង​ចុង​ខែ​កក្កដា និង​ដើម​ខែ​សីហា ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា​ត្រឡប់​ទៅ​ប្រទេស​ ចិន ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​ ២៨ ​សីហា​នេះ​។

លោក​ គៀត ចន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ចិន​ចំនួន​ ១៥០ ​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​ទាំងនេះ​ត្រូវបាន​ប៉ូលិស​ចិន​បញ្ជូន​តាម​យន្តហោះ​ ២ ​គ្រឿង​ ដឹក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​។

លោក​បញ្ជាក់ថា​៖ «​ពួក​ហ្នឹង​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង​ប្រទេស​ចិន ហើយ​ចិន​សុំ​ឱ្យ​យើង​តាម​ស្រាវជ្រាវ​ចាប់​»​។

លោក​ អាត់ ប៊ុននី មន្ត្រី​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឱ្យ​ដឹង​ដែរ​ថា ជនជាតិ​ចិន​ទាំងនេះ​ត្រូវ​បាន​ខាង​អគ្គស្នងការ​នគរបាល​ជាតិ​បង្ក្រាប​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ ហើយ​បាន​ប្រគល់​ឱ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រៀបចំ​នីតិវិធី​ដើម្បី​ឱ្យ​ក្រសួង​សន្ដិសុខ​សាធារណៈ​ចិន​មក​យក​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។

លោក​ ប៊ុននី និយាយថា​៖ «​នៅ​កំពង់ស្ពឺ​បង្ក្រាប​បាន​ ១៨ ​នាក់ ហើយ​ខេត្ត​ព្រះសីហនុ​បង្ក្រាប​បាន ១៣២ ​នាក់​»​។

ជនជាតិ​ចិន​ដែល​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​ពី​ម្សិលមិញ​។ ហេង ជីវ័ន

កាលពី​ថ្ងៃទី​ ១៧ ខែ​ កក្កដា ឆ្នាំ​ ២០១៩ ​នេះ​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ចូល​ឆែកឆេរ​ឃ្លាំង​ប្រក់​ស័ង្កសី​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ចា ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ និង​រកឃើញ​ជនជាតិ​ចិន​ចំនួន​ ១៨ ​នាក់ ​បាន​លាក់ខ្លួន​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រឹបអូស​សម្ភារ​បច្ចេកទេស​សម្រាប់​ប្រើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ប្រភេទ ដូចជា​កុំព្យូទ័រ ទូរស័ព្ទដៃ និង​ទូរស័ព្ទ​ដាក់​លើ​តុ ម៉ាស៊ីនភ្លើង អង់តែន​ទាញ​សេវា​ទូរស័ព្ទ និង​ឯកសារ​ផ្ទេរប្រាក់​តាម​ធនាគារ​ជាដើម​។

លុះ​មក​ដល់​ថ្ងៃទី​ ១៤ ខែ ​សីហា មន្ត្រី​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សហការ​ជាមួយ​នគរបាល​នៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ​ក៏​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ចំនួន​ ២ ​ទីតាំង​ផ្សេងគ្នា ​ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ និង​បាន​រកឃើញ​ជនជាតិ​ចិន​ចំនួន​ ១៣២ ​នាក់​បន្ថែមទៀត​ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់​ដូចគ្នា​។ ក្រោយ​ការបង្ក្រាប​បាន​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​មកកាន់​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​រាជធានី​ភ្នំពេញ​។

លោក​ អាត់ ប៊ុននី បន្ថែម​ថា អាជ្ញាធរ​កម្ពុជា​នឹង​នៅតែ​បន្ត​ស្វែងរក​ជនជាតិ​ចិន​ផ្សេងទៀត​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​។

កាលពី​ថ្ងៃទី​ ១៨ ខែ​ សីហា រាជរដ្ឋាភិបាល​បានចេញ​សារាចរណ៍​មួយ​ដើម្បី​បញ្ឈប់​ការផ្ដល់​អាជ្ញាប័ណ្ណ​សម្រាប់​អាជីវកម្ម​បើក​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេឡិចត្រូនិក និង​តាម​អ៊ីនធឺណិត​។ រាជរដ្ឋាភិបាល​យល់ឃើញ​ថា អាជីវកម្ម​ទាំងនោះ​បាន​ផ្ដល់​ឱកាស​ឱ្យ​ជនបរទេស​លាក់ខ្លួន​ធ្វើ​សកម្មភាព​បទល្មើស​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ការចាប់​ជំរិត​ឃុំឃាំង និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

ចាប់​តាំងពី​ឆ្នាំ​ ២០១៨ ​មក​មាន​ជនជាតិ​ចិន​រាប់រយ​នាក់​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ បើ​តាម​របាយការណ៍​មួយ​របស់​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​កាលពី​ខែ​ មីនា ឆ្នាំ​ ២០១៩ បាន​បញ្ជាក់​ថា ជនបរទេស​ចំនួន​ ២៧ ​សញ្ជាតិ ​ក៏​ត្រូវ​បាន​បណ្ដេញ​ពី​កម្ពុជា​ផង​ដែរ ដោយសារ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដូចជា​លួច​ស្នាក់នៅ​គ្មាន​លិខិត​ឆ្លងដែន បទល្មើស​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​ប្រទេស​ចិន ឆបោក សញ្ចារកម្ម ការកេង​ចំណេញ​ផ្លូវភេទ​លើ​ស្រី​វ័យក្មេង និង​បទល្មើស​ VOIP ​ជាដើម​៕