ព្រះសីហនុៈ កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​បង្ក្រាប និង​ចាប់​បុរស​ចិន​បាន​ ២ ​នាក់​ ហើយ​រំដោះ​បាន​បុរស​ជា​ជនជាតិ​ចិន​ ៤ ​នាក់​ទៀត ​ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ជា​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ប្រព្រឹត្ត​នៅ​ភូមិ-សង្កាត់ ១ ក្រុង-ខេត្ត​ព្រះសីហនុ​។

លោក ហេង វុទ្ធី នាយសេនាធិការ​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ប្រាប់​ពី​ម្សិលមិញ​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​មួយ​ករណី​ដែល​សង្ស័យថា ជា​អំពើ​ជំរិត​ទារប្រាក់​ដែល​បទល្មើស​នេះ​កើតឡើង​នៅ​ចំណុច ភូមិ-សង្កាត់​ខាងលើ​នោះ​។

លោក​ប្រាប់​ឲ្យ​ដឹងថា ផ្តើម​ឲ្យ​មាន​ការបង្ក្រាប​បទល្មើស​នេះ​គឺ​ដំបូង​ឡើយ​សមត្ថកិច្ច​របស់​លោក​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​នោះ​ដែល​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​របស់​លោក​ថា នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ដែល​បង្ក​បទល្មើស​ខាងលើ​គឺជា​ផ្ទះល្វែង​ថ្ម​ ២ ​ជាន់​ និង​មាន​ជនជាតិ​ចិន​មួយក្រុម​បាន​ចាប់​ជនជាតិ​ចិន​ដូចគ្នា​បង្ខាំង​នៅក្នុង​ផ្ទះ​។

លោក ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​សរុប​ចំនួន​ ៥៥​ នាក់​ សហការ​ជាមួយ​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឡោមព័ទ្ធ​ជុំវិញ​ផ្ទះកើតហេតុ​នៅវេលា​ម៉ោង​ជាង​ ៨ ​ព្រឹក​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា និង​បាន​ចូល​ទៅក្នុង​ផ្ទះ​នោះ​ដោយ​ឆែកឆេរ​រកឃើញ​ជនរងគ្រោះ​ចំនួន​ ៤ ​នាក់​ផង​។

លោក​បន្តថា​ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​របស់លោក​បាន​ធ្វើការ​ចាប់ខ្លួន​បុរស​ចិន​ ២ ​នាក់​ ជា​ជនសង្ស័យ​ហើយ ក្រោយ​ចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​មក​សមត្ថកិច្ច​បាន​ពិនិត្យ​លើ​ខ្លួនប្រាណ​ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ ឃើញ​មាន​ស្នាម​វាយ​ឲ្យ​របួស​ក្បាល​បែក​នៅលើ​ផ្ទៃមុខ​មាន​ស្នាម​ជាំ​ខៀវ​ភ្នែក​ជនរងគ្រោះ​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​ត្រូវ​ខ្លួន​​ និង​ដៃ ជើង​។

លោក​ប្រាប់​ថា​៖ «​រឿងនេះ​ក្រុម​ជនសង្ស័យ​បាន​ទទួល​ប្រាក់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ខ្លះៗ​ហើយ​ដោយ​វេរ​លុយ​ឲ្យ​ពួកគេ មុន​ពេល​សមត្ថកិច្ច​ខ្ញុំ​ធ្វើការ​បង្ក្រាប​។ ប៉ុន្តែ​ដោយ​មិនទាន់​គ្រប់​ចំនួន​ទើប​ក្រុម​ជនសង្ស័យ​បង្ខាំង​ជនរងគ្រោះ​បន្តទៀត​»​។

លោក ហេង វុទ្ធី បញ្ជាក់​ប្រាប់​ថា​ក្រោយ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ក៏​ដូចជា​ក្រុម​ជនរងគ្រោះ​មក សមត្ថកិច្ច​បន្ត​សាកសួរ​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​ ដោយ​ស្វែងរក​អ្នក​បកប្រែ​ភាសា​ចិន​យក​មក​បកប្រែ​ភាសា​ឲ្យ​បានច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។ ដូច្នេះ​លោក​មិនទាន់​ដឹងថា តើ​ទាំង​ក្រុម​ជនរងគ្រោះ និង​ក្រុម​ជនល្មើស​ជា​ក្រុមអ្នកលេង​ល្បែង​កាស៊ីណូ ឬ​យ៉ាងណា​នៅឡើយ​ទេ​។ ជា​ជំហាន​ដំបូង​នៃ​ការចាប់ខ្លួន​គឺ​សមត្ថកិច្ច​គ្រាន់តែ​ដឹងថា ជា​បទល្មើស​បង្ខាំង​មនុស្ស ជំរិត​ទារប្រាក់​តែ​ប៉ុណ្ណោះ​៕