ភ្នំពេញ: អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​ជនជាតិ​ចិន​ចំនួន ៣ ​នាក់​ ទៅ​សាលាដំបូង​រាជធានី​បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៤ ខែឧសភា ពាក់ព័ន្ធ​ករណី​ប្លន់​លុយ​ជាង​ ១១ ​ម៉ឺន​ដុល្លារ​ពី​ជនជាតិ​ចិន​ដូចគ្នា​។

លោក មុំ ចេក នាយការិយាល័យ​រដ្ឋបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​ ៣ ​នាក់​ ដែល​សុទ្ធតែ​ជា​បុរស​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​នោះ រួមមាន​ឈ្មោះ Shan Shiquan ឈ្មោះ Wei Bingwen និង​ឈ្មោះ Zeng Merng​។

ពួកគេ​ទាំង​ ៣ ​នាក់​ បាន​ធ្វើ​សកម្មភាព​ប្លន់​ជនជាតិ​ចិន​ដូចគ្នា​យក​លុយ​បាន​ជាង​ ១១ ​ម៉ឺន​ដុល្លារ និង​សម្ភារ​មួយចំនួន​ទៀត​នៅ​សង្កាត់​ទួលស្វាយព្រៃ​ទី ១ ខណ្ឌ​បឹងកេងកង​ កាលពី​ថ្ងៃទី​ ៣០ ​ខែ​មេសា​ ដោយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ប្ដឹង​សមត្ថកិច្ច​។ ប៉ុន្ដែ​រហូត​ដល់​ថ្ងៃទី​ ៤ ​ខែ​ឧសភា​ ទើប​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​នៅ​ចំណុច​ផ្លូវ​ព្រលាន​យន្តហោះ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​។ លោក មុំ ចេក បញ្ជាក់​ថា​៖ «​ខ្ញុំ​មិនទាន់​ដឹងថា តុលាការ​សម្រេច​យ៉ាងណា​ទេ ទាល់តែ​សួរ​ខាង​តុលាការ​ទើប​ដឹង​រឿងនេះ​»​។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បានទទួល​សំណុំ​រឿង​នេះ​ទេ​។

បើតាម​របាយការណ៍​របស់​នគរបាល ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃទី​ ៣០ ខែ​មេសា ឆ្នាំ​ ២០២០ ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្លន់​ជនរងគ្រោះ បាន​ប្រាក់​ ១១ ​ម៉ឺន​ដុល្លារ និង​ទូរស័ព្ទ​ ៥ ​គ្រឿង​ពិតប្រាកដ​មែន​។ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេច​ពួកគេ​បាន​ជិះ​រថយន្ដ​ ១ ​គ្រឿង​ម៉ាក Tacoma ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-4483 យក​ទៅ​ប្លុង​ចោល​នៅ​ខេត្ត​សៀមរាប​បន្ទាប់មក​ជិះ​តាក់ស៊ី​ទៅ​ខេត្ដ​បន្ទាយមានជ័យ​ក្នុង​គោលបំណង​ទៅ​ប្រទេស​ថៃ​ ប៉ុន្ដែ​ច្រកព្រំដែន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ចេញ-ចូល ហើយ​ពួកគេ​ស្នាក់នៅ​ទីនោះ​រយៈពេល​ ២ ​ថ្ងៃ​ទើប​ធ្វើដំណើរ​បន្ត​ត្រឡប់​ទៅ​ខេត្ត​ព្រះសីហនុ​។

របាយការណ៍​របស់​នគរបាល​បន្ថែម​ថា លុះដល់​ថ្ងៃទី​ ៤ ខែ​ឧសភា ពួកគេ​បានធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ​មក​រាជធានីភ្នំពេញ ហើយ​ក៏​បន្ដដំណើរ​ទៅ​ខេត្តសៀមរាប ដើម្បី​ទៅ​យក​រថយន្ដ​ដែល​ពួកគេ​បាន​ចត​ទុក​នៅ​ទីនោះ ប៉ុន្ដែ​នៅពេល​ទៅ​ដល់​ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្ដង​៕