ភ្នំពេញៈ ​​ជ​ន​ជាតិ​ចិន​ ៣ ​នាក់ ត្រូវ​បាន​ចោទ​ប្រ​កាន់​ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​កាល​ពី​ម្សិលមិញ​ ពី​បទ​លាង​សម្អាត​ប្រាក់​ និង​ប្រឆាំង​ហិរញ្ញ​ប្បទាន​ភេរ​វកម្ម​ ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​មួយ​​ទឹក​ប្រាក់​ចំនួន​ជាង​ ៣,៥​ លាន​ដុល្លា​រសហ​រដ្ឋ​អាមេ​រិក​ ដែល​ព្យាយាម​ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំ​ពេញ​ចូល​មក​ភ្នំ​ពេញ​កាល​ពី​ចុង​សប្ដាហ៍​មុន។​ ​ខណៈ​សមត្ថ​កិច្ច​អះ​អាង​ថា​នេះ​ជា​ការ​នាំ​ចូល​សាច់​ប្រាក់​ជា​លើ​ក​ដំបូង​បង្អស់​ដែល​មាន​ទ្រង់ទ្រាយ​ធំ។​

ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន ​៣​ នាក់ ​មាន​ឈ្មោះ ​Wang Shiping​ កាន់​លិខិត​ឆ្លង​ដែន​លេខ​ EC9259330​ ឈ្មោះ Wang Lichao​ កាន់លិខិត​ឆ្លង​ដែន​ លេខ​ ED4367915 ​និង​ឈ្មោះ ​Zhang ​Jian ​កាន់​លិខិត​ឆ្លង​ដែន​លេខ​ E35414034​ ដែល​ពួក​គេ មានមុខ​របរ​មិន​ពិត​ប្រាកដ​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​វត្ថុ​តាង​ជា​សាច់​ប្រាក់​សរុប​ចំនួន​ ៣៥២០០០០​ ដុល្លា​រអា​មេរិក កាល​ពី​ថ្ងៃទី ២៣ ​ខែ​មេ​សា ​ឆ្នាំ ២០១៩។​

​លោក​ លី​ សុផាន​ណា ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​​ថា៖ ​«​ក្រោយ​ពី​បាន​ពិនិត្យ​សំណុំ​រឿង​ និង​ការ​សាក​សួរ​ចម្លើយ​លើ​ឈ្មោះ ​(​ជន​ជាតិ​ចិន​ទាំង​ ៣ នាក់​នោះ)​ រួច​មក​ តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ សម្អាត​ប្រាក់ ​តាម​មាត្រា​ ៣ ថ្មី​ និង​មាត្រា​ ២៩​ ថ្មី​ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិ​រញ្ញ​ប្ប​ទាន​ភេ​រវកម្ម ​ហើយ​បញ្ជូន​បុគ្គល​ទាំង​នោះ​ និង​សំណុំ​រឿង​ពួក​គេ ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​បន្ត​ចំណាត់​ការ​តាម​នីតិវិធី»។

​យោង​តាម​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញ​ប្ប​ទាន​ភេរវកម្ម​ ខ្លឹម​សារ​មាត្រា​ ២៩​ បាន​ឲ្យ​ដឹង​​ថា​ ជន​ល្មើស​អាច​នឹង​​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ចន្លោះ​ចាប់​​ពី​ ៦ ​ថ្ងៃ​ ដល់​ ១​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ​១ ​សែន​រៀល​ ដល់​ ៥ ​លាន​រៀល​ ដោយ​ពុំទាន់​គិត​ដល់​បទ​ល្មើស​ទាំង​ឡាយ​ណា​ដែល​មាន​ប​ញ្ញ​តិ្ត​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។​

​តាម​របាយ​ការណ៍​រប​ស់​អគ្គ​នា​យកដ្ឋា​ន​អន្តោ​ប្រវេ​សន៍​នៃ​ក្រសួង​មហា​ផ្ទៃ ​បាន​បង្ហាញ​លទ្ធ​ផល​នៃ​ការ​សាក​សួរ​ថា ជន​សង្ស័យ​ ២​ នាក់​ គឺ​ឈ្មោះ Wang Shiping ​និង​ឈ្មោះ ​Wang Lichao ​ពិត​ជា​បាន​យក​សាច់​ប្រាក់​ទាំង​នេះ​ចេញ​ពី​ទី​ក្រុង​ហុង​កុង​មក​កាន់​ប្រទេស​កម្ពុជា​មែន ​ដោយ​អះអាង​ថា​ ដើម្បី​វិនិ​យោគ​លើ​វិស័យ​អចល​ន​ទ្រព្យ ​និង​សណ្ឋា​គា​រ​ ដោយ​ពួក​គេ​អះ​អាង​ថា​ ​ប្រភព​នៃ​សាច់​ប្រាក់​ទាំង​នោះ​ គឺ​បាន​មក​ពី​ការ​ឈ្នះ​ល្បែង​នៅ​ម៉ាកាវ​ ខ្ចី​បង​ប្អូន​ និង​ខ្លះ​ទៀត​បាន​មក​ពី​ផល​ចំ​ណេញ​ក្រុម​ហ៊ុន​ ប៉ុន្តែ​សុទ្ធ​តែ​គ្មានឯក​​សារ​បញ្ជាក់ ។​ លិខិត​ដដែល​ បាន​បន្ត​ថា​ ចំពោះ​ជន​សង្ស័យ​ម្នាក់​ទៀត​ គឺ​ឈ្មោះ ​Zhang​ Jian​ គឺ​គ្រាន់​តែ​ជា​អ្នក​មក​ទទួល​ជន​សង្ស័យ​ទាំង​ ២ នាក់​នោះ​តាម​ការ​គ្រោង​ទុក​ប៉ុណ្ណោះ។​

របាយ​ការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖​ «​ផ្អែក​តាម​លទ្ធ​ផល​សាក​សួរ ​​និង​ការ​ត្រួត​ពិនិត្យ​ឯក​សារ​របស់​ជន​សង្ស័យ​​ទាំង​ ៣ ​រូប​នោះ ​អគ្គ​នាយកដ្ឋាន​ បាន​សន្និ​ដ្ឋាន​ថា​ ជន​សង្ស័យ​ចំនួ​ន​ ២ ​នាក់​ ពិត​ជា​បាន​នាំ​សាច់​ប្រាក់​ជាង ៣ លាន ​៥ ​សែន​ដុល្លារ​នោះ ​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ប្រភព​ហិរញ្ញ​វត្ថុ​ច្បាស់​លាស់​ ដែល​សង្ស័យ​ជា​ការសម្អាត​ប្រាក់​ប្រា​កដ​មែន។​ ចំណែក​ ឈ្មោះ ​Zhang ​Jian ​ក៏​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ»។​

​លោក ​ខៀវ ​សុ​ភ័​គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា​ នៅ​ចំពោះ​មុខ​ជន​ទាំង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់ដោយ​សំអាង​​ទៅ​លើ​ច្បាប់​របស់​កម្ពុជា។ ​កម្ពុជា​ ស្វាគមន៍​​ចំពោះ​ការ​នាំ​លុយ​ចូល​កម្ពុជា​ តែ​ត្រូវ​ប្រាកដ​ថា ​លុយ​ទាំង​នោះ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​​ល្មើស​ផ្សេងៗ​ និង​ច្បាប់​ថា លុយ​ទាំងនោះ​មាន​ប្រភព​ច្បាស់លាស់។​

​លោក​បញ្ជាក់​ថា​៖​ ​«​យើង​រីក​រាយ​ការ​នាំ​លុយ​ចូល​មក​កម្ពុជា​ឲ្យ​តែ​វា​ស្របច្បាប់ ​ព្រោះ​ការ​នាំ​លុយ​ចូល​មក​ គឺ​ជា​ការ​ចំ​ណេញ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា ​ព្រោះ​ជា​ធ​ម្មតា​​យើង​ទៅ​ប្រទេស​ណា​ក៏​ដោយ​ គឺ​គេ​ឲ្យ​កាន់​លុយ​សុទ្ធ​ត្រឹម​តែ​ ១ ម៉ឺន​ដុល្លា​រប៉ុណ្ណោះ។​ ក៏​ប៉ុន្តែ ​បើ​លើស​ពី​ ១​ ម៉ឺន​ដុល្លារ ​ត្រូវ​ប្រកាស​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់​គេ ​ដូច្នេះ​អ្នក​ដែល​នាំ​មក​ជាង​ ៣ លាន​នេះ ​មិន​បាន​ប្រកាស​ទេ។ ​បើ​គ្រាន់​តែ​ប្រកាស​ថា​ ខ្ញុំ​មាន​ប្រាក់​ប៉ុ​ណ្ណេះៗ​ ហើយ​ប្រាប់​មូល​ហេតុ​មក​ ថា​បាន​លុយ​ពី​ណា​មក​ ហើយ​បង់​ពន្ធ​ត្រឹម​ត្រូវ​តាម​ច្បាប់​គេ​ទៅ»។​ ​

លោក​ ថា​៖​ «​ករណី​រឹបអូស​ប្រា​ក់​ជាង​ ៣ លាន​ដុល្លា​នេះ ​គឺ​ជា​បទ​ល្មើស​ទី​១​ និង​ការ​ចរាចរ​លុយ​សុទ្ធ​ដ៏​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពាក់ព័ន្ធ​នឹង​ការលាង​លុយ​កខ្វក់​​ដែល​បង្ក្រាប​បាន​នៅ​កម្ពុជា​»​។​

​​លោក​ ព្រាប​ កុល នាយក​ប្រតិ​បត្តិ​អង្គ​ការ​តម្លា​ភាព​កម្ពុ​ជាថា ​ជា​ទូ​ទៅ​ការសម្អាត​សាច់​ប្រាក់​មាន​ការ​ពាក់​ព័ន្ធ​បទ​ល្មើស​ឧក្រិដ្ឋ​ផ្សេង​ទៀត ​និង​អាច​គំរាមកំ​ហែង​ដល់​សន្តិ​សុខ​ជាតិ​ និង​សន្តិ​សុខ​ក្នុង​តំបន់។​

​លោក​ កុល ​ថ្លែង​​ថា៖ ​«ខ្ញុំ​ស្វាគ​មន៍​ចំពោះ​វិធាន​ការ​របស់​សមត្ថ​កិច្ច​ដែល​បាន​ឃាត់​ខ្លួន ​និង​ដក​ហូត​សាច់​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ជន​សង្ស័យ។​ ករណី​នេះ​ជា​សញ្ញា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត​មួយ ​សម្រាប់​កម្ពុជា​ទាក់​ទង​ទៅ​នឹង​វិសាល​ភាព​ និង​លទ្ធភាព​នៃ​ការ​លាង​លុយ​កខ្វក់​ ​ឬ​សម្អាត​ប្រាក់។​ ប្រសិន​បើ​ជន​ល្មើ​សហ៊ាន​យក​លុយ​មក​រាប់​លាន​ដុល្លា​រតាម​យន្តហោះ ​ដែល​មាន​ការ​ត្រួត​ពិនិត្យ​តឹង​រុឹង​ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​នៅ​តាម​ច្រក​ព្រំដែន​ផ្លូវ​គោក ​និង​ផ្លូវ​ទឹក ឬ​តាម​កំពង់ផែ»។​​

ថ្មីៗនេះ​ក្រសួង​មហា​ផ្ទៃ​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ត្រួត​ពិនិត្យ​បទល្មើស​គ្រឿង​ញៀន ​និង​ការ​សម្អាត​ប្រាក់៕