ភ្នំពេញៈ កម្លាំង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា​បាន​បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន​ ៦១ ​នាក់ ​ចេញ​ពី​ប្រទេស​ កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី​ ៨ មករា តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយសារ​ពួកគេ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ និង​ពាក់ព័ន្ធ​ល្បែងស៊ីសង​។

លោក​ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជាក់ថា កម្លាំង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ច្រកទ្វារ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បណ្តេញចេញ​ជនជាតិ​ចិន​ចំនួន​ ៦១ ​នាក់ ស្រី​ ៦ ​នាក់ ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ខាងលើ យើង​ទទួល​មកពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​។ ពួកគេ​ត្រូវ​បាន​បណ្តេញចេញ​តាម​យន្តហោះ​ពិសេស​ចំនួន​ ២ ​គ្រឿង​មក​ទទួល​តាម​ប្រកាស​ក្រសួងមហាផ្ទៃ ហើយ​ហាម​ចូល​កម្ពុជា​រយៈពេល​ ៣ ​ឆ្នាំ​»​។

លោក​បន្ថែម​ថា​ជនជាតិ​ចិន​ ៦១ ​នាក់​នោះ​ ត្រូវបាន​ឃាត់ខ្លួន​ប្រហែល​ជា​ក្នុង​អំឡុងពេល​ ២ ​សប្តាហ៍​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​។

ករណី​ដោយឡែក​មួយទៀត​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​ក្លិប​ល្បែងស៊ីសង​ ៣ ​ទីតាំង​ក្នុង​សង្កាត់​លេខ​ ៣ ក្រុង-ខេត្ត ព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​ ៦ មករា ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស​ ៣០ ​នាក់​ដែលមាន​ទាំង​ជនជាតិខ្មែរ និង​ចិន​។

លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​ចំនួន​ ៣ ​ទីតាំង បន្ទាប់ពី​មាន​ការស្រាវជ្រាវ​ពី​សមត្ថកិច្ច​ជំនាញ​របស់លោក​ផងដែរ​។

លោក​ប្រាប់ថា ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​នេះ​រហូត​ដល់​ថ្ងៃទី​ ៧ ​មករា​ លោក​មិនទាន់​ធ្វើ​កំណត់​ហេតុ​ដើម្បី​បែងចែក​ប្រភេទ​ទូហ្គេម និង​ទូស្លុត​ម៉ាស៊ីន រួមទាំង​ជនសង្ស័យ​នៅឡើយ​ទេ ព្រោះ​មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន​ទាំង​ជនជាតិ​ចិន និង​ជនជាតិ ខ្មែរ​ហើយ​ក៏​នៅ​មិនទាន់​បែងចែក​ថា​នរណា​ជា​ម្ចាស់​នរណា​ជា​បុគ្គលិក​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ដែរ រួមទាំង​ចំនួន​មនុស្ស​ផង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​នៅ​បែងចែក​ពី​ប្រភេទ​មនុស្ស​។ យើង​បែងចែក​មាន​ចិន មាន​ខ្មែរ​ប៉ុន្មាន គឺ​យើង​ញែក​ឲ្យ​អស់​សិន ហើយ​ម្ចាស់​ទីតាំង​ក៏​មិន​ជាក់លាក់​ដែរ​»៕