ភ្នំពេញៈ មនុស្ស​ប្រុស-ស្រី​ចំនួន​ ២៨៥ ​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានីភ្នំពេញ​ឃាត់ខ្លួន និង​ប្រមូល​បាន​ពី​ការចុះ​បង្ក្រាប​ក្លិប​កម្សាន្ត​ ១ ​កន្លែង ដែល​ល្មើស​នឹង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ កាលពី​វេលា​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី​ ២៨ កក្កដា ខណៈ​ពួកគេ​កំពុង​សប្បាយ​ក្នុង​ក្លិប​កម្សាន្ត​នោះ​។

លោក​ ប៊ុន សត្យា នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​កាលពី​វេលា​ម៉ោងជាង​ ១២ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ២៨ កក្កដា កម្លាំង​សមត្ថកិច្ច​របស់លោក​ និង​ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​​ សាយ ណូរ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​ក្លិប​កម្សាន្ត​មួយកន្លែង​ឈ្មោះ ហ្គោលឡាញ ​នៅ​តាម​បណ្តោយ ផ្លូវ​ ១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ប្រមូល​មនុស្ស​ប្រុស-ស្រី​បាន​ចំនួន​ ២៨៥ ​នាក់ ដែល​ជា​អ្នកចូល​ទៅ​កម្សាន្ត​នៅ​ទីនោះ​។

លោក​បន្តថា មូលហេតុ​ដែល​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប ដោយសារ​ម្ចាស់​ក្លិប​កម្សាន្ត​មួយ​នេះ​មិន​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា ក្រសួង​សុខាភិបាល និង​ការណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​បើក​ក្លិបកម្សាន្ត និង​ខារ៉ាអូខេ​មួយរយៈ​អំឡុង​ពេល​មាន​ជំងឺ​កូវីដ​១៩​។

លោក​ ប៊ុន សត្យា ថ្លែងថា​៖ «​បទបញ្ជា​របស់​សម្តេច​ ហ៊ុន សែន មិន​ឲ្យ​បើក​ក្លិប និង​ខារ៉ាអូខេ​ទេ អ៊ីចឹង​យើង​ត្រូវ​បិទ​ទីតាំង​នោះ​ចោល​ហើយ​»​។

មនុស្ស​នៅក្នុង​ក្លិប​កម្សាន្ត​ដែល​បាន​បង្ក្រាប​យប់​ថ្ងៃ​ចន្ទ​នៅ​ខណ្ឌ​សែនសុខ​។ រូប ហ្វេសប៊ុក

លោក​បន្តថា មនុស្ស​ដែល​សមត្ថកិច្ច​ប្រមូល​បាន​ទាំងអស់​មាន​ចំនួន​ ២៨៥ ​នាក់ ក្នុង​នោះ​គឺ​មាន​ស្រី​ ៨១ ​នាក់​ផងដែរ​។ ​មនុស្ស​មួយ​ចំនួន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយពី​ធ្វើការ​អប់រំ​ណែនាំ​រួចហើយ​។ ចំណែក​អ្នក​នៅសល់​មួយចំនួន​ទៀត សមត្ថកិច្ច​កំពុង​សាកសួរ​។ បើ​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ទៀត​ទេ​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅផ្ទះ​វិញ​ដូចគ្នា​។

លោក​ប្រាប់ថា ចំពោះ​អ្នកខ្លះ​ដែល​នៅក្នុង​ចំណោម​មនុស្ស​ដែល​ប្រមូល​បាន​ពី​ទីតាំង​ក្លិប​នៅពេល​ដែល​សមត្ថកិច្ច​សាកសួរ​ទៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នោះ​គឺ​បុគ្គល​នោះ​នឹង​ត្រូវ​មាន​ចំណាត់ការ​បន្តទៀត​តាម​នីតិវិធី​ច្បាប់​។

មន្ត្រីនគរបាល​រូបនេះ​បញ្ជាក់ថា​៖ «​ចំណែកឯ​ម្ចាស់​ទីតាំង​ក្លិបកម្សាន្ត​នោះ​វិញ សមត្ថកិច្ច​របស់​ខ្ញុំ​កំពុង​ស្រាវជ្រាវ​រក ព្រោះ​មិន​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែនសុខ​ទេ តែ​ក្លិប​នោះ​សមត្ថកិច្ច​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​សិន​»​។

ពាក់ព័ន្ធ​នឹង​ការបើក​ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​នេះ​ពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍ បាន​ទាក់ទង​លោក​ មាន ច័ន្ទយ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត​ហ្គោលឡាញ​នោះ ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​ដែរ តែ​លោក​ប្រាប់​ឲ្យ​សួរ​ទៅ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ ម៉េត មាសភក្តី ដែល​ទូរស័ព្ទ​លោក​ហៅចូល​តែ​គ្មាន​អ្នកទទួល​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ទូរស័ព្ទ​ទៅ​លោក​ ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ ដើម្បី​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​ម្ចាស់​ក្លិប​កម្សាន្ត ហ្គោលឡាញ ​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ប្រាប់ថា ជាប់​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​។

គួរ​រំឭក​ផងដែរ​ថា ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី​ ១៧ ខែ មីនា ឆ្នាំ​ ២០២០ ដោយ​តម្រូវ​ឲ្យ​អនុវត្ត​តាម​ការណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​បញ្ជាក់ថា​៖ «​បិទ KTV ​ក្លិប​កម្សាន្ត រោង​ភាពយន្ត និង​សារមន្ទីរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​ ១៧ ខែ មីនា ឆ្នាំ​ ២០២០ រហូត​ដល់ពេល​ជំងឺ​កូវីដ​១៩​បាន​ធូរស្រាល​»៕