ភ្នំពេញ៖ ក្រសួង​បរិស្ថាន​ និង​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់ ​បាន​ចុះ​បញ្ជី​ដី​រដ្ឋ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​ ខេត្ត​កោះកុង ​និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ​ខេត្ត​មណ្ឌលគិរី ​ដើម្បី​លុប​បំបាត់​បទល្មើស​ការ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​​ឯកជន។ នីតិវិធី​នេះ​មាន​ការ​គាំទ្រ​​ ពី​ពលរដ្ឋ​សហគមន៍​ ដោយ​ពួក​គេ​​រំពឹង​ថា ​បទល្មើស​ព្រៃ​ឈើ​នឹង​ថយ​ចុះ។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃទី ១៦ ​មេសា ​ដែល​ ​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិល​មិញ​ឲ្យ​ដឹង​ថា​ ក្រសួង​បរិស្ថាន​បាន​និង​កំពុង​អនុវត្ត​ការ​ចុះបញ្ជី​ដី​​រដ្ឋ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​​​ចំនួន ​២ ​គឺ ​«ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​ ខេត្ត​កោះកុង​ និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​​មណ្ឌលគិរី»។ ការ​អនុវត្ត​នេះ​ អនុលោម​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ​ជាពិសេស​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​ឆ្នាំ ២០០៨ ​និង​ច្បាប់​ភូមិបាល​ឆ្នាំ ២០០១។

លិខិត​បន្ត​ថា​ នីតិវិធី​និង​ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នេះ ​គឺ​ដើម្បី​កំណត់​ និង​បែងចែក​តំបន់​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ ​ដូចជា​តំបន់​ស្នូល ​តំបន់​អភិរក្ស ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព ​និង​តំបន់​សហគមន៍​សម្រាប់​តំបន់​ការពារ​ធម្មជាតិ​នីមួយៗ។ លើស​ពី​នេះ ​ដើម្បី​រៀបចំ​ឲ្យ​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ច្បាស់​លាស់​សម្រាប់​ដែន​ជម្រក​សត្វ​ព្រៃ​​ ទាំង ២ ​សំដៅ​កាត់​បន្ថយ ​និង​លុប​បំបាត់​ករណី​បទល្មើស​កាប់​រុក​រាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​​ឯកជន​តាមរយៈ​ការ​រឹត​បន្តឹង​វិធានការ​ច្បាប់។

លិខិត​បន្ថែម​ថា ​សកម្មភាព​អនុវត្ត​​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​នេះ ​ត្រូវ​បាន​ចាប់​ផ្តើម​តាំង​ពី​ដើម​ឆ្នាំ ​២០១៨ ​ហើយ​មក​ដល់​ពេល​នេះ​សម្រេច​បាន​លទ្ធផល​សំខាន់ៗ​​ ដូចជា ​ទី១-​ក្រុម​ការងារ​បាន​បញ្ចប់​​នីតិវិធី ​និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់​ស្នូល​ និង​តំបន់​អភិរក្ស​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង ២​ និង​ទី២-​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូន​ក្រសួង​បរិស្ថាន​ចំនួន ​១៨ បណ្ណ។ ​

ក្នុង​នោះ ​១០ ​បណ្ណ ​សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប​ ​ខេត្ត​កោះកុង​ដែល​គ្រប​ដណ្តប់​លើ​​ ផ្ទៃដី​សរុប ​៤ ៦៧២,៦១ ​ហិកតា។ រីឯ ​៨ បណ្ណ​ទៀត​សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ​ខេត្ត​មណ្ឌល​គិរី ​​គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប ​៤៥ ៥១៩,២៦​ហិកតា​។

លោក ​នេត្រ ភក្ត្រា ​អ្នកនាំពាក្យ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែង​ពី​ម្សិលមិញ​ថា​ សកម្មភាព​នេះ​ គឺ​ជា​លទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​បាន​គាំទ្រ។ រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​ដី​រដ្ឋ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ជា​លើក​ដំបូង ​ហើយ​ក៏​ឆ្លុះ​បញ្ចាំង​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​ការពារ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

លោក ​នេត្រ ភក្ត្រា ​បញ្ជាក់​ថា​៖ ​«នៅ​ថ្ងៃ​ខាង​មុខ​ទៀត ​គឺ​គោលដៅ​របស់​យើង​នឹង​បន្ត​ចុះ​បញ្ជី​ដី​រដ្ឋ​នូវ​រាល់​តំបន់​ការពារ​ធម្មជាតិ​ទាំង​អស់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ក្រសួង​បរិស្ថាន»។

លោក​បន្ថែម​ថា​៖ «ជាពិសេស​គម្រោង​នៅ​ថ្ងៃ​ខាង​មុខ​នេះ ​យើង​កំពុង​រៀបចំ​ចុះ​បញ្ជី​ដី​ឧទ្យាន​ជាតិ​គិរីរម្យ ហើយ​បន្ទាប់​មក​ទៀត ​យើង​កំពុង​សិក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ​ចុះបញ្ជី​ដី​ព្រៃ​ឡង់​បន្ថែម​​ទៀត​ ហើយ​ក្រៅ​ពី​នេះ​ យើង​នឹង​ធ្វើ​បន្ត​បន្ទាប់​នៅ​តំបន់​ផ្សេងៗ​ទៀត»​។

លោក ​សៀក សាបុណ ​តំណាង​សហគមន៍​ពាម​ក្រសោប ​ខេត្ត​កោះកុង​ គាំទ្រ​ចំពោះ​ការ​ចុះ​បញ្ជី​តំបន់​អភិរក្ស​ពាម​ក្រសោប​ជា​ដី​រដ្ឋ ​ដោយ​ថា​តំបន់​នោះ​កំពុង​រង​ការ​គំរាមកំហែង​ដោយ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ តំបន់​ពាម​ក្រសោប​នេះ​ ធ្លាប់​​ត្រូវ​បាន​គេ​ទន្ទ្រាន​ជា​ច្រើន​លើក​មក​ហើយ ​ប៉ុន្ដែ​ប្រជា​សហគមន៍​ចុះ​ទៅ​ហាម​ឃាត់​ទាន់​ពេល​​។

លោក​ឲ្យ​ដឹង​ថា​៖ «នៅ​តំបន់​ពាម​ក្រសោប​សព្វ​ថ្ងៃ​នេះ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៣០០​ គ្រួសារ ​កំពុង​អាស្រ័យ​ផល​ដូចជា​ នេសាទ​មឹក ​បង្គា​ ចាប់​ក្ដាម ​និង​មួយ​ចំនួន​ទៀត​លក់ដូរ​នៅ​មាត់​សមុទ្រ។ ពួក​ខ្ញុំ​សង្ឃឹម​ថា ​នៅ​ពេល​ចុះ​បញ្ជី​ដី​នេះ​រួច ​នឹង​មិន​​មាន​អ្នក​មក​កាប់​ទន្ទ្រាន​យក​​ដី​នេះ​ទៀត​ទេ ​ហើយ​ពួក​ខ្ញុំ​នៅ​តែ​មាន​ឱកាស​អាស្រ័យ​ផល​ពី​តំបន់​នេះ»។

លោក​ ប្រុង ណច​ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ដែល​តែងតែ​ចុះ​ល្បាត​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​និយាយ​ពី​ថ្ងៃ​ម្សិលមិញ​ថា ​លោក​គាំទ្រ​ការ​ចុះបញ្ជី​ដី​នៅ​តំបន់​ភ្នំ​ព្រេច​នេះ។ ប៉ុន្ដែ​លោក​ថា ​មិន​ទាន់​ជឿជាក់​លើ​សមត្ថកិច្ច​អាច​លុប​បំបាត់​បទល្មើស​ព្រៃឈើ​បាន​នោះ​ទេ​ បើទោះ​ជា​មាន​ការ​ចុះ​បញ្ជី​ក៏​ដោយ។ ប្រសិន​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​នៅ​តំបន់​មិន​បង្ក្រាប​ទេ​ បទល្មើស​ព្រៃឈើ​ក៏​​នឹង​មិន​អាច​ថមថយ​បាន​ដែរ។

លោក​បញ្ជាក់​ថា​៖ «ព្រោះ​បទល្មើស​ព្រៃឈើ​ភាគ​ច្រើន ​កើត​ឡើង​ដោយសារ​មន្ត្រី​អង្គុយ​ចាំ​ប្រមូល​លុយ​ពី​បទ​ល្មើស​ព្រៃ​ឈើ។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ពួក​ខ្ញុំ​ចុះ​ល្បាត ​ហើយ​បាន​ជួប​បទល្មើស​ ដោយ​ជនល្មើស​បាន​អះអាង​ថា​ គាត់​បាន​បង់​លុយ​ឲ្យ​មន្ត្រី​ក្នុង ​១ ​គោយន្ត ​១០ ម៉ឺន​រៀល​រួចរាល់​ហើយ​ អ៊ីចឹង​ខ្ញុំ​គ្មាន​ជំនឿ​លើ​មន្ត្រី​ហ្នឹង​ទេ»។

គួរ​រំឭក​ថា​ បច្ចុប្បន្ន​ប្រទេស ​កម្ពុជា ​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ​៥៧ កន្លែង ​និង​របៀង​​អភិរក្ស​ជីវ​ចម្រុះ​ចំនួន ​៣ តំបន់​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជាង ​៧,២ លាន​ហិកតា។ ការ​ចុះបញ្ជី​នេះ​ក៏​ដូចជា​ការ​រួម​ចំ​ណែក​ដល់​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ទាំង​អស់៕