រតនគិរីៈ អាជ្ញាធរ​ខេត្តរតនគិរី​បាន​ចុះ​ត្រួតពិនិត្យ​ចំណុច​បង្គោល​លេខ​ ២៧ ស្ថិត​ក្នុង​ភូមិ​ភិក្រោម ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ​កាលពី​ថ្ងៃទី​ ១៥ មេសា ដើម្បី​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ខុសច្បាប់ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ការលួច​ដឹកឈើ​តាម​ផ្លូវទឹក​ទៅកាន់​ប្រទេស​វៀតណាម ប៉ុន្ដែ​សកម្មជន​ការពារ​ព្រៃឈើ​គ្មាន​ជំនឿ​លើ​អាជ្ញាធរ​ទេ​។

លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ប្រាប់​កាលពី​ថ្ងៃទី​ ១៥ មេសា ថា ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​បរិស្ថាន ខេត្ត វរការពារ​ព្រំដែន​គោក​លេខ​ ៦២៣ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូរយ៉ាដាវ​ដឹកនាំ​ដោយ​លោក លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី​បាន​ចុះ​ត្រួតពិនិត្យ​ចំណុច​បង្គោល​លេខ​ ២៧ ស្ថិត​ភូមិ​ភិក្រោម ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​សកម្មភាព​លួច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ផ្លូវទឹក​ទៅកាន់​ប្រទេស​​​ វៀតណាម​។

លោក​បញ្ជាក់ថា​៖ «​យើង​បានឮ​ព័ត៌មាន​មក​ថា មាន​បទល្មើស​ព្រៃឈើ​ប្រព្រឹត្ត​នៅតាម​ខ្សែក្រវាត់​ព្រំដែន​ហ្នឹង តែ​ដល់​យើង​ចុះទៅ​គឺ​អត់​ឃើញ​មាន​ទេ​។ ក្រោយមក​យើង​បាន​អញ្ជើញ​ភាគី​វៀតណាម​មក​ពិភាក្សា​គ្នា​រឿង​បង្ក្រាប​បទល្មើស​តាម​ព្រំដែន​រួមគ្នា​ត្រូវតែ​ជួយ​បង្ក្រាប​គ្នា ហើយ​វៀតណាម​ក៏​គេ​យល់ព្រម​សហការ​ទប់ស្កាត់ បទល្មើស​នានា មិន​ត្រឹមតែ​បទល្មើស​ព្រៃឈើ​ទេ​គឺ​គេ​ធ្វើ​ជាមួយ​យើង​»​។

លោក​បន្ថែម​ថា ក្រោយពេល​ពិភាក្សា​គ្នា​ជាមួយ​ភាគី​វៀតណាម​ចប់ ក្រុម​គណៈកម្មការ​ចម្រុះ​បាន​ចុះ​ស្រាវជ្រាវ​តាម​តំបន់​ដែល ថា មាន​ករណី​លួច​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់​។ ប៉ុន្ដែ​ជា​លទ្ធផល​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​ក៏​មិនមាន​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ផ្លូវទឹក​ដែរ ដោយ​មាន​សភាព​ស្ងៀមស្ងាត់​ធម្មតា និង​គ្មាន​បទល្មើស​អ្វី​កើតឡើង​តាម​ព្រំដែន​ទេ​។

លោក​ ផុន ខេមរិន្ទ ប្រធាន​មន្ទីរបរិស្ថាន​ខេត្តរតនគិរី​ថ្លែង​ថ្ងៃទី​ ១៥ មេសា ថា មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះដែរ ប៉ុន្ដែ​លោក​មិនទាន់​ទទួល​របាយការណ៍​ស្ដីពី​លទ្ធផល​នេះ​នៅឡើយ​។ លោក​ថា មិនទាន់​អាច​និយាយ​ពី​លទ្ធផល​បានទេ​។

លោក​បន្តថា​៖ «​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​បាន​ទៅ​ចូលរួម​ការងារ​នេះ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​យើង​ដែរ តែ​ខ្ញុំ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណាទេ ព្រោះ​ពួកគាត់​មិនទាន់​ផ្ដល់ដំណឹង​មក​ខ្ញុំ​ទេ​»​។

លោក​ លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង ដើម្បី​សុំ​អត្ថាធិប្បាយ ជុំវិញ​ករណី​នេះ​បាន​ទេ​។

ប៉ុន្ដែ Fresh News បាន​ដកស្រង់​សម្តី​លោក​នៅ​ថ្ងៃទី​ ១៥ មេសា ថា ក្រុមការងារ​បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ខាង​ភាគី​វៀតណាម ព្រោះ​សមត្ថកិច្ច​កម្ពុជា​សង្កេត​ឃើញ​មាន​ឈើ​ជាច្រើន​ដុំ​កំពុង​លាក់ទុក​ក្នុង​ទន្លេ​ខាង​ដែនទឹក​ប្រទេស​វៀតណាម​។

ប៉ុន្ដែ​ភាគី​វៀតណាម​បញ្ជាក់​ថា ឈើ​ទាំងអស់​នេះ​មិនទាន់​ដឹង​ច្បាស់​ថា ដឹក​តាម​កាណូត​មកពី​ដី​ខ្មែរ ឬ​ឈើ​កាប់​ក្នុង​ដី​វៀតណាម​នៅ​ឡើយ​ទេ​។ លោក​បន្តថា ករណី​លួច​នាំ​ឈើ​ទៅ​វៀតណាម​តាមផ្លូវ​ទឹក​នឹង​រង់ចាំ​ក្រុម​ការងារ​ប្រជុំ​វាយតម្លៃ​ជាមុនសិន​។

Fresh News បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយទៀត​ថា​នៅ​ទឹកដី​វៀតណាម គ្មាន​ព្រៃឈើ​សម្រាប់​ឲ្យ​ក្រុម​ជនល្មើស​កាប់​នោះ​ទេ​ពោល​គឺ ឈើ​ដឹក​តាម​កាណូត​ដែល​ចត​លាក់ទុក​ក្នុង​ទន្លេ​ដែនទឹក​វៀតណាម​គឺ​ពិត​ជា​ឈើ​ចេញពី​ដី​ខ្មែរ​យ៉ាង​ពិតប្រាកដ ប៉ុន្ដែ​ពួកគេ​អូស​ឡើង​លើគោក​មិនទាន់​។

ប្រភព​ដដែល​បន្តថា ឈើ​ស្រឡៅ ឈើគគីរ ឈើ​កកោះ ដែល​កំពុង​ត្រូវប៉ាន់​ខ្លាំង​ក្នុង​ទីផ្សារ​វៀតណាម​ត្រូវ​បាន​ក្រុម​ឈ្មួញ​វៀតណាម និង​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន​នៅ​កម្ពុជា​យក​លុយ​ជួល​កម្មករ​ជនជាតិ​ដើម​ភាគតិច កាប់ អារ​ក្នុងព្រៃ​សហគមន៍​ភូមិ​បាដល​នៅ​ជិត​មាត់​ទន្លេសេសាន ដាក់​កាណូត និង​ដឹក​តាម​ម៉ូតូ​ចូល​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​ពេល​យប់​។

លោក​ ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​ថ្លែង​ថា តាមគោលដៅ​ដែល​អាជ្ញាធរ​កម្ពុជា​ចុះទៅ​ស៊ើបអង្កេត​នេះ​ជា​កន្លែង​រសើប​បំផុត​ចំពោះ​បទល្មើស​ព្រៃឈើ​។ លោក​ថា ក្រុម​ឈ្មួញ​នាំគ្នា​កាប់​ឈើ​នៅ​តំបន់​នោះ​រួចហើយ​បាន​គរ​ជា​គំនរ​ទុក​សម្រាប់​ដឹកជញ្ជូន​នៅពេល​យប់​ដោយ​ឈ្មួញ​កម្ពុជា និង​វៀតណាម​ សហការគ្នា​ដឹកជញ្ជូន​តាម​កាណូត ឬ​ពួកគេ​បណ្ដែត​តាម​ទឹក ហើយ​យក​ម៉ាស៊ីន​ទូក​អូស​ឈើ​ទាំងនោះ​។

លោក​ថា តាំងពី​ឆ្នាំ​ ២០១៦-២០២០ សកម្មភាព​កាប់​ឈើ​នៅ​តំបន់​កន្ទុយ​នាគ​នៃ​ខេត្តរតនគិរី​នៅ​តែ​បន្តសកម្មភាព​គ្មាន​ការថមថយ​។ លោក​មិន​ជឿ​លើ​ការបង្ក្រាប​របស់​មន្ត្រី​មូលដ្ឋាន​ទេ ព្រោះ​ពួកគាត់​គ្រាន់តែ​ដើរល្បាត​យូរៗ​ម្ដង​។

លោក​ ស្រស់ ថា​៖ «​សមត្ថកិច្ច​យើង​គាត់​ចុះ​ល្បាត គ្រាន់តែ​នាំគ្នា​ ១០ ឬ​ ២០ ​នាក់​ជិះឡាន​តាម​​ផ្លូវលំ ឬ​ផ្លូវជាតិ​ធម្មតា​ពោល​គឺ​ដូច​ពួកគាត់​នាំគ្នា​ទៅ​ដើរលេង​កម្សាន្ដ​អារម្មណ៍​ដែរ​។ បើ​ចង់​ចាប់​បទល្មើស​ព្រៃឈើ​ទាល់តែ​ចូលក្នុង​ព្រៃ​ទើប​អាច​រកឃើញ​បទល្មើស​ព្រៃឈើ តែបើ​គាត់​ជិះ​តែ​ឡាន​លេង​តាម​ផ្លូវ​បែបនេះ ខ្ញុំ​គ្មាន​សង្ឃឹម​ថា អាច​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ទេ​»៕