ភ្នំពេញៈ យ៉ាងហោចណាស់មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៥៥ នាក់ក្នុងរយៈពេល ៥ ថ្ងៃនៅមុន និងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ដែលចំនួននេះមានការកើនឡើង បើធៀបទៅនឹងឆ្នាំកន្លងទៅ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៥ ថ្ងៃមុន និងក្រោយពីបុណ្យចូលឆ្នាំខ្មែរគិតចាប់ពីថ្ងៃទី ១៣ ដល់ ១៧ ខែមេសា ឆ្នាំ ២០១៧ គឺមាន ១២១ លើក កើន ៧% ខណៈឆ្នាំមុនមាន ១១៣ លើក។
ក្នុងនោះមានអ្នកស្លាប់ ៥៥ នាក់កើន ៦% បើធៀបឆ្នាំមុនស្លាប់ ៥២ នាក់។ ចំណែកអ្នករបួសមាន ២២៦ នាក់ ថយចុះ ៥% បើធៀបនឹងឆ្នាំទៅមាន ២៣៩ នាក់។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងថា៖ «មូលហេតុគឺមកពីល្បឿន និងស្រវឹងនៅតែស្ថិតក្នុងមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បើទោះបីជាប៉ូលិសចរាចរណ៍អាជ្ញាធរខិតខំធ្វើការផ្សព្វផ្សាយ និងសំណូមពរឲ្យអ្នកធ្វើដំណើរកុំបើកបរក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងក៏ដោយ»។
នៅក្នុងរបាយការណ៍បានរៀបរាប់អំពីមូលហេតុនៃគ្រោះថ្នាក់គឺបណ្តាលមកពីល្បឿន ៤៤ % បើកបរក្នុងស្ថានភាពស្រវឹងមាន ២២ លើក បើធៀបឆ្នាំទៅកើន ៦៩% និងករណីបើកវ៉ាជែងមាន ៨ លើក កើន ៣៨ % និងបណ្តាលមកពីករណីផ្សេងៗទៀតដូចជាមិនប្រកាន់ស្តាំ មិនគោរពសិទ្ធិបត់ គ្រោះថ្នាក់កត្តាយានយន្ត និងកត្តាងងុយដេក។ ខេត្តរាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេគឺបាត់ដំបងមាន ១៧ លើក កំពង់ធំ ៩ លើក ភ្នំពេញ ៧ លើកក្រៅពីនោះមានស្វាយរៀង ក្រចេះ ព្រះវិហារព្រៃវែង និងខេត្តព្រះសីហនុ។
លោក អ៊ា ចរិយា នាយកស្ថាបនិកវិទ្យាស្ថានសម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្លែងថាដើម្បីចៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកបរដោយស្រវឹង និង ល្បឿនហួសកំណត់ រដ្ឋាភិបាលត្រូវបន្តបញ្ជ្រាបការយល់ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយហើយត្រូវធ្វើការអប់រំពីច្បាប់ចរាចរណ៍នៅតាមសាលាចាប់ពីថ្នាក់បឋមរហូតដល់សាកលវិទ្យាល័យ។
«ជាងនេះទៀតការអនុវត្តច្បាប់ចរាចរណ៍ថ្មីត្រូវតែអនុវត្តឲ្យតឹងរ៉ឹងតាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានដឹងពីការអនុវត្តច្បាប់ក្នុងកម្រិតណា»៕