សៀមរាបៈ ក្រសួង​ទេសចរណ៍​បាន​អំពាវនាវ​ឱ្យ​អតីត​ពលករ​ដែល​មាន​បំណង​ចង់​វិល​ទៅ​ធ្វើការ​ចំណាកស្រុក​នៅក្រៅ​ប្រទេស និង​យុវជន នាំគ្នា​ងាក​មក​រៀន​ជំនាញ​ផ្នែក​បដិសណ្ឋារកិច្ច​វិញ ចៀសវាង​ការធ្វើ​ចំណាកស្រុក ដើម្បី​ទទួលបាន​ការងារ​ល្អ​នៅក្នុង​ប្រទេស​ស្របពេល​តម្រូវការ​ការងារ​វិស័យនេះ​កំពុង​កើនឡើង​ខ្លាំង​។

ការអំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចសន្ទនា ទ្វេភាគី​លើក​ទី​ ២ កាលពី​ថ្ងៃទី​ ៦ វិច្ឆិកា​ ស្តីពី​ការអភិវឌ្ឍ​ និង​ការទទួលស្គាល់​ជំនាញ​បដិសណ្ឋារកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ក្រសួងទេសចរណ៍​ និង​អង្គការ ទេសន្តប្រវេសន៍​អន្តរជាតិ​ (IoM) ​ដោយ​មាន​ការចូលរួម​ពី​លោក​ ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​លោក​ ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​សៀមរាប​។

កិច្ចសន្ទនា​នេះ​ក៏​មាន​ប្រតិភូ​នៃ​ព្រះរាជាណាចក្រ​ថៃ​តំណាង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវ:​ទេសចរណ៍ តំណាង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មន្ទីរ​ពាក់ព័ន្ធ​សិស្សនិស្សិត​ប្រមាណ​ ២០០ ​នាក់​ នៅ​សណ្ឋាគារ សោមាទេវីស្ប៉ា និង​រីសត​ខេត្តសៀមរាប​។

រដ្ឋលេខាធិការ លោក ប៉ាក់ សុខុម បាន​ថ្លែងថា​៖ «​ក្រសួងទេសចរណ៍​បាន​ដាក់​កម្មវិធី​ផ្ដល់​ជំនាញ​ថ្មី​ដល់​អតីត​ពលករ​ចំណាកស្រុក​ក៏​ដូចជា​យុវជន​មាន​ទំនោរ​ចំណាកស្រុក​ឲ្យ​ងាក​មក​ចាប់​ជំនាញ​ជាក់លាក់​មួយ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​កំពុងមាន​តម្រូវ​ការជំនាញ​កាន់តែ​ច្រើន​»​។

លោក​លើកឡើង​ថា ទោះបី​ប្រទេស​កម្ពុជា​ពុំទាន់​មាន​សាលា​បណ្ដុះបណ្ដាល ជំនាញ​ទេសចរណ៍​គ្រប់គ្រាន់ ប៉ុន្ដែ​ក្រសួង​ទេសចរណ៍​បានដាក់​នូវ​ផែនការ​ និង​ទម្រង់ បណ្ដុះបណ្ដាល​នានា​ដល់​មូលដ្ឋាន​អាជីវកម្ម បម្រើ​សេវាកម្ម​ទេសចរណ៍​។ មាន​កម្មវិធីសិក្សា​ស្របតាម​ស្តង់ដា​រួម​របស់​អាស៊ាន ព្រមទាំង​បាន​បណ្តុះបណ្តាល​ធនធាន គ្រូ​បង្គោល​គ្រប់គ្រាន់​។ សាលា​បណ្តុះបណ្តាល​នានា​ផ្សេងទៀត​នៅ​កម្ពុជា បច្ចុប្បន្ន​ក៏បាន​អនុវត្ត​កម្មវិធី​អាស៊ាន​ទាំងនេះ​យ៉ាងសកម្ម​ផងដែរ​។

លោក​ សុខុម ឱ្យដឹងថា​បច្ចុប្បន្ន អតីត​ពលករ​មកពី​ប្រទេស ​ថៃ និង​យុវជន ដែល​មាន​គ្រួសារ​ជីវភាព​ក្រីក្រ​សរុប​ចំនួន​ ៦០ ​នាក់​ (​នារី​ ៣៦ ​នាក់​) ​បាន​ទទួល​ការសិក្សា​ទាំង​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​លើ​ជំនាញ​នៃ​សេវាកម្ម​សណ្ឋាគារ​នៅ​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូលឌុយប្រ៊ូល ​ក្នុង​ខេត្តសៀមរាប​រយៈពេល​ ៣ ​ខែ​។ ពួកគេ​ក៏បាន​ចុះ​ហ្វឹកហាត់​ការងារ​នៅ​សណ្ឋាគារ​រយៈពេល​ ៣ ​ខែ​ផងដែរ​ នៅ​ព្រះរាជាណាចក្រ​ថៃ​។

លោក​បញ្ជាក់ថា​៖ «​ជា​ការសាកល្បង​ចាប់ពី​ឆ្នាំ ២០១៨ ​មក​ក្រោម​ការគាំទ្រ​របស់​រដ្ឋាភិបាល​ស្វ៊ីស​តាមរយៈ​អង្គការ​អន្តរជាតិ​ទេសន្តប្រវេសន៍​មាន​យុវជន​ ៦០ ​នាក់ ​បានបញ្ចប់​ការសិក្សា​។ ក្នុងនោះ ៣៥ ​នាក់ ​នឹង​បញ្ចប់​កម្មសិក្សា​ឆាប់ៗ​នៅ​ប្រទេស​ ថៃ ដើម្បី​ត្រឡប់​មក​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​»​។

លោក​ សុខុម បាន​បន្តថា កម្មវិធី​នេះ​នឹង​បន្ត​ដោយ​ផ្តល់​ជំនាញ​ដល់​យុវជន​កាន់តែច្រើន​ថែម​ទៀត ដើម្បី​ផ្ដល់​ជំនាញ​ដល់​អតីត​ពលករ​ត្រឡប់​មកពី​ប្រទេស ​ថៃ និង​យុវជន​ដែល​ពុំមាន​ជំនាញ ហើយ​មាន​បំណង​ចំណាកស្រុក​។

លោក​ នួន រស្មី នាយក​សាលា​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ អេធីភី (ASEAN Tourism Professional consultant) ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ គឺ​មាន​តម្រូវការ​ការងារ​ច្រើន​ផ្នែក​។ ពលករ និង​យុវជន​អាច​ចំណាយពេល​ខ្លី​ក្នុង​ការរៀន ប៉ុន្ដែ​ងាយស្រួល​ក្នុង​ការទទួល​បាន​ការងារ​ធ្វើ​។

លោក​ថ្លែងថា​៖ «​ការងារ​ក្នុង​វិស័យនេះ​មាន​ដូចជា អ្នកជំនាញ​ឆុង​កាហ្វេ ធ្វើភេសជ្ជៈ ផ្ដល់​សេវាកម្ម គិតលុយ និង​ជំនាញ​ផ្នែក​ចុងភៅ​ជាដើម ដែល​កំពុង​មាន​តម្រូវការ​ជា​ច្រើន​នាក់​សម្រាប់​សណ្ឋាគារ ភោជនីយដ្ឋាន កំពុង​ជ្រើសរើស​ជា​រៀងរាល់ថ្ងៃ​តែម្ដង​»​។

លោក​ រស្មី ឲ្យ​ដឹងថា​បច្ចុប្បន្ន​មាន​សាលា​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​ជាច្រើន​ទាំង​ឯកជន និង​រដ្ឋ​។ ការបង្រៀន​ពលករ និង​យុវជន​តាមរយៈ​ជំនួយ​ពី​បរទេស​។ ការរៀន​សម្រាប់​ធ្វើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ រៀន​ត្រឹម​រយៈពេល​ ៣ ​ថ្ងៃ ១ ​ខែ ឬ​ ៣ ​ខែ​ក៏​អាច​ទទួល​បាន​ការងារ​ល្អ​ធ្វើ និង​ឆាប់​ទទួល​បាន​ការឡើង​ប្រាក់ខែ​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​បើ​ពលករ​ និង​យុវជន​អាច​ចាប់យក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​នេះ​បាន​ច្បាស់លាស់ ពួកគាត់​ធ្វើ​ការងារ​ក្នុង​វិស័យនេះ​រឹតតែ​យូរ​ប្រាក់ខែ​ពួកគាត់​កើនឡើង​កាន់តែ​ខ្ពស់​។ តម្រូវការ​ការងារ​ក្នុង​វិស័យ​នេះ​មាន​រាល់ថ្ងៃ កំពុង​ជ្រើសរើស​គ្រប់កន្លែង​ទាំងអស់​។ បច្ចុប្បន្ន​សូម្បីតែ​អ្នក​ដែល​ចង់​ធ្វើ​ការងារ​ក្នុង​វិស័យ​នេះ​មិន​មាន​បទពិសោធ​ការងារ​ក៏​គេ​យក​ទៅ​ធ្វើការ​ដែរ ព្រោះ​កំពុង​មាន​កង្វះ​បុគ្គលិក​»៕