ភ្នំពេញៈ ជែល​លាងដៃ​សម្លាប់​មេរោគ​ប្រមាណ​ ២ ០០០ ​លីត្រ​ ត្រូវបាន​ចែកជូន​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​មួយចំនួន ហើយ​ជែល​លាងដៃ​ចំនួន​ ៥ ០០០ ​លីត្រ​បន្ថែមទៀត​ នឹង​ត្រូវ​ផលិត​សម្រាប់​ចែកជូន​ដោយ​ឥតគិតថ្លៃ ដើម្បី​អាច​ប្រើប្រាស់​ក្នុង​ការការពារ​ខ្លួន​ស្របពេល​កម្ពុជា​កំពុង​ទទួលរង​ដោយ​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​រាតត្បាត​នៅ​ទូទាំងប្រទេស​។

លោក​ ហែម ហេម៉ា ដែល​ជា​ស្ថាបនិក​យីហោ​បោក​អ៊ុត​យក្សា និង​លោក​ តាន់ គីមសួរ ស្ថាបនិក ក្រុម​បៃតង វ៉ររៀលរស៍ ​ដែល​ជា​ក្រុម​ចូលរួម​ដាំ​កូនឈើ​នៅក្នុង​ប្រទេស​បាន​រួម​សហការ​គ្នា​ផលិត​ជែល​សម្លាប់​មេរោគ​នេះ ខណៈ​បច្ចុប្បន្ន​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ឬ​កូវីដ​ ១៩ កំពុងតែបន្ត​រាតត្បាត​ទៅលើ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ដោយ​ក្នុងនោះ​ក៏មាន​ប្រទេស​ កម្ពុជា​ ផងដែរ​។

លោក​ តាន់ គីមសួរ ថ្លែង​ពី​ម្សិលមិញ​ថា ជំងឺ​កូវីដ​កំពុង​ផ្ទុះឡើង​ដែល​បញ្ហា​នេះ​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការថែរក្សា​អនាម័យ​ឲ្យ​បានល្អ​ជាប្រចាំ​។ ជា​ពិសេស​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល ឬ​ជែល​សម្លាប់​មេរោគ ដើម្បី​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​អ្នកជំនាញ​។ បញ្ហា​ទាំងនេះ​បាន​ធ្វើឲ្យ​ទឹក​អាល់កុល និង​ជែល​សម្លាប់​មេរោគ​មាន​តម្រូវការ​យ៉ាងខ្លាំង​សម្រាប់​ពលរដ្ឋ​គ្រប់រូប​នាពេល​បច្ចុប្បន្ន ដែល​ជា​ហេតុ​នាំ​ឲ្យ​ផលិតផល​ទាំងនេះ​មាន​តម្លៃ​ថ្លៃ​នៅលើ​ទីផ្សារ​។

លោក​បន្ថែមថា​ដូច្នេះ​សម្រាប់​ការចែកជូន​នេះ​មិន​ប្រាកដថា​អាច​ចូលរួម​កាត់បន្ថយ​ការឡើង​ថ្លៃ​ផលិតផល​ទាំងនេះ​បាន​កម្រិតណា​នោះទេ​។ ប៉ុន្តែ​អ្វីដែល​ក្រុម​លោក​បាន​ធ្វើ​គឺ​រំពឹងថា ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​នឹង​ទទួលបាន​ផលិតផល​ល្អ​យក​ទៅ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​នេះ​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «៥ ០០០ ​លីត្រ​បន្ថែមទៀត​ នឹង​បញ្ជូន​ទៅខាង​រោងចក្រ​កាត់ដេរ​តែម្តង ព្រោះ​ខ្ញុំ​ទទួលបាន​ [​ការ​] ​ស្នើ​មក​ជា​ហូរហែ​ថា កម្មករ-កម្មការិនី នៅ​ទីនោះ​ទទួល​ការខ្វះខាត​មែនទែន​។ ពាក់ព័ន្ធ​នឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​យើង​ចុះទៅ​គឺ​មិនទាន់​យល់ច្បាស់​ពី​ជំងឺ​កូវីដ​នោះទេ ដែល​ក្នុងឱកាស​នោះ​យើង​ក៏​ចូលរួម​ពន្យល់​បន្ថែម​ដល់​ពួកគាត់​ផងដែរ​»​។

លោក​ តាន់ គីមសួរ បញ្ជាក់ថា​ជែល​លាង​សម្លាប់​មេរោគ​ដែល​ផលិត​បាន​ពី​សិប្បកម្ម​ផលិត​សាប៊ូ​មួយ​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​បែងចែក​ជា​ដប​តូចៗ​ចំណុះ​ ៥០ ​មិលី្លលីត្រ និង​ពី​ដុង​ធំៗ​ចំណុះ​ ៣០ ​លីត្រ​ដើម្បី​ចែកជូន​ដល់​ពលរដ្ឋ​តាម​បណ្តោយ​ព្រំដែន​ឡែម និង​មន្ទីរពេទ្យ​ក្នុង​ខេត្តបាត់ដំបង​។ ក្រៅពីនេះ​ក៏​នឹង​ចែកជូន​នៅក្នុង​ព្រះវិហារ​ខ្មែរ​អ៊ិស្លាម​នៅតាម​បន្ទាត់​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ជាងនេះទៀត​ក៏​ត្រូវ​ផ្តល់ជូន​ទៅដល់​ពលរដ្ឋ​មួយ​ចំនួន​ដូចជា​អ្នក​ធាក់​ស៊ីក្លូ ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្តកំពង់ស្ពឺ​ផងដែរ​។

លោក​ ហែម ហេម៉ា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រាប់ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ម៉ាស៊ីន​ផលិត​ជែល​លាងដៃ​សម្រាប់​ចែកជូន​ពលរដ្ឋ​ទូទាំង​ប្រទេស​ដោយ​ឥត​គិតថ្លៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ដែរ​ថា​ក្នុង​អំឡុងពេល​មិន​ដល់​ ១ ​ខែ​ក្នុង​ខែ​មីនា​នេះ​លោក​បាន​ផលិត​ជែល​អាល់កុល​លាងដៃ​ប្រមាណ​ ២ ០០០ ​លីត្រ​។

បុរស​វ័យ​ ៤០ ​ឆ្នាំ ​ដែលមាន​ទីលំនៅ ឯ​ខេត្តសៀមរាប​រូបនេះ​បន្តថា​៖ «​ជែល​លាងដៃ​យើង​បាន​ផលិត​បាន​ចំនួន​ ២ ០០០ ​លីត្រ​ ចែកជូន​ពលរដ្ឋ​រួចហើយ​។ យើង​នឹង​បន្ត​ផលិត​ចំនួន​ ៥ ០០០ ​លីត្រ​បន្តទៀត ដើម្បី​ចែកជូន​ពួកគាត់ ដើម្បី​ឲ្យ​អ្នក​ដែល​គ្មាន​លទ្ធភាព​បាន​ប្រើប្រាស់​ទាំងអស់​គ្នា​។ បន្ទាប់ពី​យើង​បាន​ផលិត​ហើយ ជែល​លាងដៃ​ការពារ​មេរោគ​នេះ យើង​ [​បញ្ជូន​] ​ទៅ​ក្រសួង​សុខាភិបាល​ដើម្បី ពិនិត្យ និង​ទទួលបាន​ការអនុញ្ញាត​»​។

លោក​ ហេម៉ា ដែលមាន​បទពិសោធ​ផលិត​សាប៊ូ​ជាង​ ៥ ​ឆ្នាំ​បញ្ជាក់ថា រូបមន្ត​ដែល​លោក​បាន​ផលិត​ជែល​នេះ​គឺ​មាន​គុណភាព​ល្អ​ត្រូវ​តាម​បទដ្ឋាន ដោយ​បាន​ប្រើប្រាស់​អាល់កុល​សុទ្ធ​ពី​ ៦០ ​ទៅ​ ៦៥ ​ភាគរយ និង​វត្ថុធាតុដើម​មួយចំនួន​ទៀត​។ ​កម្រិត​ដែល​លាយ​បញ្ចូល​គ្នា​ជា​ល្បាយ​គឺ​ជាប់​លើ​ស្បែក​ដល់​ទៅ​ ២០ ​វិនាទី និង​មិន​ប៉ះពាល់​ដល់​ស្បែក​នោះទេ​។

ស្របពេល​ពលរដ្ឋ​កម្ពុជា​កំពុង​មាន​តម្រូវការ និង​ការ​ប្រឈម​បញ្ហា​ជីវភាព លោក​ ហេម៉ា អះអាង​ថា​លោក​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ផលិត​ជា​សាប៊ូ​លាងដៃ​បន្ថែមទៀត​សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​។ លោក​ក៏​រំពឹង​ដែរ​ថា អ្នកមាន​ធនធាន​ច្រើន​នឹង​ចំណាយ​ធនធាន​ដែល​ពួកគេ​មាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​គ្រា​នេះដែរ​។

លោក​ថា​៖ «​លុយ​គ្រាន់តែ​ជា​ក្រដាស​នោះទេ អ៊ីចឹង​បើ​យកតែ​ក្រដាស​ទៅ ក៏​គ្មាន​បាន​ប្រយោជន៍​អី​ដែរ​។ ដូច្នេះ​យើង​សុខចិត្ត​ទុក​ស្នាដៃ​នៅក្នុង​សង្គម​ខ្លះទៅ ដើម្បី​ឲ្យ​គេ​ឃើញ​ប្រៀប​ដូចជា​ប្រាសាទ​អង្គរវត្ត​អ៊ីចឹង​។ ខ្ញុំ​រស់នៅ​តំបន់​អង្គរ​ត្រូវ​ចាត់ទុក​ខ្លួនឯង​ដូចជា​ប្រាសាទ​អង្គរវត្ត​តទៅ​គេ​នឹង​ចងចាំ​យើង​។ បើសិនជា​លុយ​ផុតពី​យើង​ទៅ​ក៏​ផុត​ទៅតាម​ហ្នឹង​ដែរ​។ ចូលរួម​ទាំងអស់គ្នា​ទៅ ដើម្បី​ចែករំលែក​ម្នាក់​បន្តិចៗ​យើង​នឹង​សុខ​សប្បាយ​ទាំងអស់​គ្នា ព្រោះ​យើង​រស់​តែម្នាក់ឯង​លុយ​ក៏​លែងមាន​តម្លៃ​ដែរ​»៕