ភ្នំពេញៈ ក្រសួងទេសចរណ៍ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចែកបណ្ណព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរបរទេសតាមច្រកទ្វារអន្តរជាតិ និងអាកាសយានដ្ឋានដើម្បីផ្ដល់ព័ត៌មានដល់ភ្ញៀវទេសចរឲ្យយល់ពីគោលដៅទេសចរណ៍កម្ពុជា ដែលស្ថិតក្នុងសុវត្ថិភាព និងផ្ដល់លេខទូរស័ព្ទ ១១៥ របស់ក្រសួងសុខាភិបាលទៅឲ្យពួកគេក្នុងការផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរក្នុងដំណាក់កាលនៃការរីករាលដាលវីរុសកូវីដ ១៩ នាពេលបច្ចុប្បន្ន។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថាក្រសួងទេសចរណ៍បាននិងកំពុងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចែកបណ្ណព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរអន្តរជាតិតាមច្រកទ្វារអន្តរជាតិ និងអាកាសយានដ្ឋានអន្តរជាតិនានា ដើម្បីឲ្យភ្ញៀវទេសចរយល់ជ្រាបពីគោលដៅទេសចរណ៍កម្ពុជា។ ជាមួយគ្នានេះឲ្យពួកគេមានការប្រុងប្រយ័ត្នផងដែរក្នុងករណី បើភ្ញៀវទេសចរមានបញ្ហាសុខភាពក្នុងពេលមកលេងកម្សាន្តនៅកម្ពុជាអាចឲ្យពួកគេទាក់ទងទៅមន្ដ្រីជំនាញនៃក្រសួងសុខាភិបាល ដើម្បីពិនិត្យសុខភាពជាដើម។
លោកថ្លែងថា៖ «គោលបំណងសំខាន់គឺយើងចង់ផ្សព្វផ្សាយគោលដៅទេសចរណ៍នៅកម្ពុជារបស់យើងគឺមានសុវត្ថិភាព។ ប៉ុន្ដែទន្ទឹមនឹងនោះយើងក៏ចង់ឲ្យភ្ញៀវទេសចរបានដឹងដែរថា ត្រូវមានការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ ១៩»។
អ្នកនាំពាក្យបញ្ជាក់ថា៖ «ក្នុងករណីមានបញ្ហាសុខភាពអ្វីសូមទាក់ទងទៅជំនាញសុខាភិបាល ដើម្បីពិនិត្យសុខភាពដោយយើងបានផ្សព្វផ្សាយភ្ជាប់ជាមួយមានលេខទូរស័ព្ទ (Hotline) ១១៥ សម្រាប់ជាព័ត៌មានមួយ ដើម្បីឲ្យពួកគាត់ទាក់ទងពេលដែលគាត់មានបញ្ហាសុខភាពក្នុងអំឡុងពេលដែលគាត់ធ្វើដំណើរមកលេងកម្ពុជានេះ»។
លោក សុភ័ក ថ្លែងថាការចែកបណ្ណព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរអន្តរជាតិនេះក៏មានបំណងឲ្យភ្ញៀវទេសចរមានភាពកក់ក្ដៅតាមរយៈការយកចិត្ដទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខភាពរបស់ភ្ញៀវទេសចរ។ ជូនដំណឹងឲ្យពួកគេមានការប្រុងប្រយ័ត្នជាមុន និងក្នុងករណីមានបញ្ហាសុខភាពពួកគេអាចមានប្រភពជំនួយជាមុនជាដើម។
ក្រសួងទេសចរណ៍កាលពីថ្ងៃទី ៦ ខែមីនាបានផ្ញើលិខិតទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំផ្សព្វផ្សាយបណ្ណព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរតាមច្រកទ្វារអន្តរជាតិនានា ដោយយោងតាមផែនការសកម្មភាពការងារទេសចរណ៍ ២០២០-២០២១ ការអភិវឌ្ឍទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ (Responsible Tourism)។
លោក ទៀ សីហា អភិបាលខេត្ដសៀមរាបកាលពីថ្ងៃទី ៨ ខែមីនាក៏បានបើកកិច្ចប្រជុំបន្ទាន់មួយស្ដីពី «ការចាត់វិធានការបង្ការ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជុំវិញបាតុភាព ឆ្លងជំងឺកូវីដ ១៩ នៅក្នុងខេត្តសៀមរាប» ព្រមទាំងដាក់ចេញនូវវិធានការណែនាំមួយចំនួនទៀតផងដែរ។
លោក ទៀ សីហា បានធ្វើការណែនាំដល់គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច និងបានសិក្សាលទ្ធភាពនានាក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម។
លោកអភិបាលខេត្តបានដាក់ចេញនូវវិធានការ និងការណែនាំរួមមាន ចូលរួមតាមដានព័ត៌មានពិត និងចាត់វិធានការព័ត៌មានបំពុលបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារ។ អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មានដោយចាត់ឲ្យស្នងការដ្ឋាននគរបាលខេត្តចាត់វិធានការ។ រួមគ្នាបើកយុទ្ធនាការដោយសហការជាមួយសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្ត មន្ត្រីរាជការ វិស័យឯកជន ចូលរួមចលនាសម្អាតកំចាត់មេរោគនៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗមួយចំនួនទៀតជាដើម៕