ស្ទឹងត្រែងៈ ឧត្តមសេនីយ៍ទោម្នាក់ឈ្មោះ ចាន់ សំអាត ដែលត្រូវបានចាប់ឃាត់ខ្លួន ខណៈកំពុងបញ្ជាគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋជិត ៧០ ហិកតា នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ត្រូវបានបញ្ជូនទៅដល់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដស្ទឹងត្រែងកាលពីម្សិលមិញ។ នេះបើតាមលោក ជេត ខេមរា ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្ទឹងត្រែង។
លោក ជេត ខេមរា ថ្លែងពីម្សិលមិញថា៖ «ករណីមន្ត្រីយោធាឋានៈឧត្តមសេនីយ៍ទោម្នាក់ឈ្មោះ ចាន់ សំអាត ដែលឈូសឆាយដីព្រៃរបស់រដ្ឋជិត ៧០ ហិកតានេះ គឺយើងបានបញ្ជូនទៅដល់ចៅក្រមស៊ើបសួរហើយចៅក្រមគាត់អ្នកសម្រេចវិញ»។
លោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ដស្ទឹងត្រែងថ្លែងកាលពីថ្ងៃទី ២៨ ខែមេសាថា ករណីលោក ចាន់ សំអាត ឈូសឆាយដីព្រៃរបស់រដ្ឋជិត ៧០ ហិកតានេះ ក្នុងនាមស្នងការនគរបាលខេត្តស្ទឹងត្រែងដោយទទួលបញ្ជាពីអភិបាលខេត្តស្ទឹងត្រែងបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅឃាត់ខ្លួនជនសង្ស័យដល់កន្លែងកើតហេតុកាលពីថ្ងៃទី ២៣ ខែមេសា។
លោកថ្លែងថា៖ «ក្រោយការឃាត់ខ្លួនយើងបានធ្វើរបាយការណ៍ហើយបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដស្ទឹងត្រែងដើម្បីស៊ើបសួរបន្តលើការពាក់ព័ន្ធនៃការឈូសឆាយដីព្រៃរបស់រដ្ឋនេះ ដើម្បីបញ្ជាក់ថា ដីនោះមានច្បាប់មកពីណាទិញពីអ្នកណាជាដើម។ ប៉ុន្ដែបច្ចុប្បន្នជនសង្ស័យនេះគឺ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន។ ទាល់តែមានការលើកលែង ការចោទឬយ៉ាងណា ទើបអនុញ្ញាតឲ្យគាត់ទៅផ្ទះបាន»។
លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដស្ទឹងត្រែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ២៦ ខែមេសា ថាកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនឈ្មោះ ចាន់ សំអាត ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃជាក់ស្ដែងទំហំជិត ៧០ ហិកតា នៅកន្លែងកើតហេតុក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ និងឃាត់បានគ្រឿងចក្រ ឈូសឆាយដីព្រៃចំនួន ៣ គ្រឿងផងដែរ៕