ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌសែនសុខនៅរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្រេចបញ្ជូនខ្លួនចៅក្រមនៃសាលាដំបូងខេត្តកោះកុងម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីចៅក្រមរូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់កាលពីរសៀលថ្ងៃពុធ ហើយអះអាងថា ស្ត្រីរូបនោះជាចោរឆក់។
លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍ថា លោក គង់ ខេមរា មានតួនាទីជាចៅក្រមសាលាដំបូងខេត្តកោះកុងត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីគាត់បានបើករថយន្តបុកទៅលើម៉ូតូ ១ គ្រឿង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោកបានថ្លែងថា៖ «ក្រោយបញ្ចប់ការសាកសួរមន្ត្រីនគរបាលជំនាញបានសម្រេចកសាងសំណុំរឿងចោទប្រកាន់ពីបទល្មើសមនុស្សឃាតដោយអចេតនា និងបានបញ្ជូនខ្លួនគាត់ [គង់ ខេមរា] ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃព្រហស្បតិ៍ [ម្សិលមិញ] ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។
បើតាមលោក ម៉េងវ៉ាង ក្នុងអំឡុងពេលសាកសួរយកចម្លើយ លោក ខេមរា បានរៀបរាប់ពីដំណើររឿងនៃគ្រោះថ្នាក់ចរាចរណ៍នោះថា ផ្ដើមចេញពីស្ត្រីរងគ្រោះបានបើកម៉ូតូមកឆក់យកកាបូបរបស់គាត់ដែលមានលុយនៅក្នុងនោះជិត ១០ ០០០ ដុល្លារ ខណៈគាត់កំពុងដើរចូលទៅក្នុងហាងកាត់សក់មួយ ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បន្ទាប់មកគាត់ក៏បានបើកឡានប្រដេញតាមម៉ូតូស្ត្រីជាចោរឆក់នោះដើម្បីឃាត់ខ្លួន និងយកកាបូបលុយរបស់គាត់មកវិញ ប៉ុន្តែជាអកុសលពេលបើកមកដល់ចំណុចកើតហេតុ គាត់ក៏បានបើកគេចរថយន្តមួយគ្រឿងដែលនៅពីមុខរថយន្តរបស់គាត់ ហើយក៏រេចង្កូតបុកទៅលើម៉ូតូស្ត្រីជាចោរឆក់នោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
លោក ម៉េងវ៉ាង និយាយទៀតថា ស្ត្រីរងគ្រោះដែលសង្ស័យជាចោរឆក់នោះ ឈ្មោះ សាយ គឹមនី អាយុ ៣០ ឆ្នាំ មានលំនៅភូមិសែនសុខ សង្កាត់ ឃ្មួញហើយសពរបស់នាងត្រូវបានប្រគល់ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង រថយន្ត Highlander ១ គ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និងម៉ូតូ ១ គ្រឿង របស់ស្ត្រីរងគ្រោះដែលសង្ស័យជាចោរឆក់ត្រូវបាននាំយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
ជុំវិញករណីចោរឆក់កាបូបលុយ ហើយម្ចាស់បើករថយន្តប្រដេញតាមចាប់បង្កឲ្យមានគ្រោះថ្នាក់ស្លាប់មនុស្សនេះលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា ជាគោលការណ៍ទូទៅនៅក្នុងបទល្មើសជាក់ស្ដែង ជនគ្រប់រូបមានសិទ្ធិឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសបញ្ជូនឲ្យសមត្ថកិច្ច ដើម្បីនាំយកទៅសាកសួរ និងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។ ប៉ុន្តែមិនត្រូវបង្កហិង្សាដែលនាំឲ្យមានរបួសស្នាម ឬគ្រោះថ្នាក់ដល់អាយុជីវិតជនសង្ស័យ ឬជនប្រព្រឹត្តបទល្មើសនោះឡើយ។
ទោះជាបែបណាក្ដី នៅពេលស្នើសុំឲ្យពន្យល់អំពីករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវភ្នំពេញ-ហាណូយដែលបង្កឲ្យមានជនរងគ្រោះដែលត្រូវគេអះអាងថា ជាចោរឆក់ម្នាក់ស្លាប់កាលពីរសៀលថ្ងៃពុធនោះលោក សន្តិភាព ថ្លែងយ៉ាងខ្លីថា៖ «សម្រាប់ករណីខាងលើនេះ ខ្ញុំយល់ថា គួរទុកឲ្យសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធធ្វើការស៊ើបអង្កេត ឬមានចំណាត់ការតាមនីតិវិធីចុះ»។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សំណុំរឿងនេះកំពុងស្ថិតក្រោមចំណាត់ការស៊ើបសួររបស់តំណាងអយ្យការនៅឡើយ។
រឿងដូចគ្នានេះដែរកាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៨ ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Yuan Tang បានបើកឡានដេញក្រុមចោរឆក់ទូរស័ព្ទរបស់គាត់ ហើយបានបុកបណ្ដាលឲ្យស្លាប់ម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្នតាមការចោទប្រកាន់របស់កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចំនួន ៣ បទល្មើសរួមមាន «បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា ២១៨ បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះតាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ និង បទបើកបរដោយគ្មានបណ្ណអនុញ្ញាតតាមមាត្រា ៧៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»៕