ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ករណី​អ្នក​ផលិត​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ឈ្មោះ James Ricketson ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ក្រោម​បទចោទ​ប្រមូល​ផ្តុំ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការការពារ​ជាតិ ខណៈ​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Tony Abbott ចូលរួម​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​រូបគាត់​។

អ្នកស្រី ពីង យក់ហៀប មេធាវី​ការពារ James Ricketson បាន​ថ្លែង​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​លោក ពេជ្រ វិជ្ជាធរ បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ហើយ​កាលពី​សប្តាហ៍​មុន តែ​មិន​ទាន់​កំណត់​ថ្ងៃ​ជំនុំជម្រះ​ ឬ​ត្រូវ​ដោះលែង​ទេ​។ ហើយ​ការសន្និដ្ឋាន​របស់​ចៅក្រម​ស៊ើប​ក្នុង​ករណី​នេះ​ប្រហែល​ធ្វើ​ក្នុង​ខែ​មិថុនា​ខាង​មុខ​។

អ្នកស្រី យក់ហៀប ថ្លែង​ថា​តុលាការ​បាន​ច្រានចោល​នូវ​សំណើ​របស់​មេធាវី​សាជាថ្មី​ដែល​បាន​ដាក់​កាលពី​សប្ដាហ៍​មុន​គោលបំណង​សុំ​ឲ្យ​កូនក្ដី​របស់​អ្នកស្រី​បាន​នៅ​ក្រៅ​ឃុំ​។

អ្នកស្រី​មេធាវី​បាន​ឲ្យ​ដឹង​ថា​លោក Ricketson ត្រូវ​បាន​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​ប្តូរ​បន្ទប់​មក​សម្រាក​នៅ​ក្នុង​បន្ទប់​ព្យាបាល​ជំងឺ​នៃ​គុក​ព្រៃស​ដោយ​ចេញ​ពី​បន្ទប់​ឃុំឃាំង​ដែល​ចង្អៀត​ណែន ក្រោយ​ពេល​​សុខភាព​គាត់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​បន្ទប់​ថ្មី​មាន​សភាព​គ្រាន់​បើ​ជាង​មុន​។

បើ​តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ប្រាប់​ថា​លោក Ricketson មាន​ជំងឺ​ជាច្រើន​ដូចជា ហើម​កូនកណ្ដុរ ស្រក​គីឡូ​ខ្លាំង កើត​រមាស់ ឈឺ​ក្នុង​ទ្រូង​។

លោក James អាយុ ៦៨ ​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៧ ខណៈ​ពេល​ដែល​កំពុង​ប្រើ​ម៉ាស៊ីន drone ដើម្បី​ថត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​នោះ​។

លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ប្រមូលផ្តុំ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» តាម​មាត្រា​ ៤៤៦ ដែល​បទ​នេះ​គាត់​ប្រឈម​ជាប់​ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​។ កាលពី​ថ្ងៃទី ​២៣ លោក Tony Abbott អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​សរសេរ​នៅ​ក្នុង​ការធ្វើ​ញត្តិ​តាម​អនឡាញ change.org ថា​៖ «James Ricketson មិន​គួរ​ត្រូវ​បាន​ចាប់​ដាក់គុក​ដោយ​ការ​បង្ហោះ​ត្រូន​ផ្តិត​យក​រូបភាព​នៃ​ការជួបជុំ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​គាត់​មិន​គួរ​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ ១២ ​ខែ ដោយ​គ្មាន​ការចោទប្រកាន់​ទេ​»​។

លោក​បន្ដ​ថា​៖ «​រដ្ឋាភិបាល​យើង​គួរតែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា វា​ជា​អតីតកាល​សម្រាប់​គាត់ ហើយ​ត្រូវ​តែ​ដោះលែង​ដោយ​ផ្អែកលើ​មូលដ្ឋាន​មនុស្សធម៌ ហើយ​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​មក​អូស្ត្រាលី​វិញ​»៕