កោះកុងៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុងនឹងប្រកាសសាលក្រមលើសំណុំរឿងតំណាងសហគមន៍តំបន់អារ៉ែងលោក វ៉ែន វ៉ន ដែលរងការចោទចំនួនពីរបទល្មើសពាក់ព័ន្ធនឹងការប្រមូលអនុផលព្រៃឈើនៅថ្ងៃដើមខែមីនាខាងមុខក្រោយពីបានបើកសវនាការសួរដេញដោលពេញមួយព្រឹកកាលពីថ្ងៃម្សិលមិញដែលក្នុងនោះតំណាងអយ្យការបានស្នើដល់ចៅក្រមឲ្យទម្លាក់បទចោទមួយករណីវិញដោយសារពុំមានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់។
តំណាងសហគមន៍អារ៉ែងលោក វ៉ែន វ៉ន ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារកាលពីដើមខែតុលាឆ្នាំ ២០១៥ បន្ទាប់ពីសាលាដំបូងបានសាកសួរ និងចោទប្រកាន់ពីរបទល្មើសគឺបទ «ប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត» តាមបញ្ញត្តិមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ និងបទ «លុបបំបាត់វត្ថុតាង» តាមមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
លោក វ៉ែន វ៉ន ត្រូវបានរដ្ឋបាលព្រៃឈើជាអ្នកដាក់ពាក្យប្តឹងទៅកាន់អយ្យការសាលាដំបូងខេត្ត។
លោកស្រី អ៊ិត មធុរ៉ា មេធាវីការពារក្តីឱ្យលោក វ៉ែន វ៉ន បានឲ្យដឹងថាក្រោយពីការសួរដេញដោលក្នុងសវនាការអស់មួយព្រឹកចៅក្រមជំនុំជម្រះសាលាដំបូងខេត្តលោក អាំង ចិន្តា បានសម្រេចលើកពេលប្រកាសសាលក្រមទៅម៉ោង ៨ ព្រឹកថ្ងៃទី ៣ ខែមីនាវិញលើសំណុំរឿងរបស់តំណាងសហគមន៍អារ៉ែងនេះ។ លោកស្រីបានស្នើឲ្យចៅក្រមលើកលែងការចោទប្រកាន់ទៅលើកូនក្តីរបស់ខ្លួនទាំងពីរបទល្មើសដោយសារគាត់ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ និងពុំមានធាតុផ្សំបទល្មើសគ្រប់គ្រាន់។
លោកស្រីបានបញ្ជាក់ថា៖ «ការយល់ឃើញរបស់ខ្ញុំមិនត្រូវមានបទចោទទាំងពីរនោះទេដោយយើងមើលទៅលើអង្គហេតុដែលកូនក្តីបានធ្វើគឺគាត់ប្រមូលទិញឈើសម្រាប់ធ្វើផ្ទះសហគមន៍ចឹងនៅក្នុងច្បាប់ព្រៃឈើគឺអនុញ្ញាតឱ្យជនជាតិដើមភាគតិចប្រើប្រាស់អនុផលព្រៃឈើសម្រាប់ការសាងសង់ផ្ទះដោយមិនចាំបាច់ស្នើសុំលិខិតពីរដ្ឋបាលព្រៃឈើទេ»។
ព្រះរាជអាជ្ញារងខេត្តកោះកុងលោក អ៊ីវ ត្រាយ បានមានប្រសាសន៍ថាក្រោយការសិក្សា និងសន្និដ្ឋាននាពេលកន្លងមកលោកបានសម្រេចស្នើទៅចៅក្រមឲ្យលើកលែងការចោទប្រកាន់មួយករណីវិញដោយសារពុំមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការចោទប្រកាន់។
លោកថា៖ «ដោយយើងបានពិភាក្សាដេញដោលទៅឃើញថាភ័ស្តុតាងដែលយើងទទួលបានមិនមានលក្ខណៈគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការគាំពារដោយការចោទប្រកាន់ក្នុងបទលុបបំបាត់ភ័ស្តុតាងអ៊ីចឹងបានយើងទម្លាក់បទចោទប្រកាន់នោះតែម្តងទៅ»។
ទោះយ៉ាងណា លោកបញ្ជាក់ថា លោកនៅតែរក្សាបទចោទទៅលើលោក វ៉ែន វ៉ន ពីបទប្រមូលផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតទៅតាមបញ្ញត្តិមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើដោយសារមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ និងភ័ស្តុតាងទៀតផង។
ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុងលោក អាំង ចិន្តា ពុំអាចសុំការអត្ថាធិប្បាយបានទេជុំវិញករណីនេះ។
នៅខាងក្រៅសវនាការកាលពីថ្ងៃម្សិលមិញនោះដែរប្រជាសហគមន៍គ្រួសារលោក វ៉ែន វ៉ន និងសកម្មជនតំបន់អារ៉ែងប្រមាណ ៣០ នាក់ក៏បាននាំគ្នាទៅប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តដើម្បីរង់ចាំស្តាប់ការប្រកាសសាលក្រមផងដែរ។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុងលោក អ៊ិន គង់ ជិត ដែលបានឃ្លាំមើលសវនាការនេះបានគាំទ្រចំពោះការសម្រេចលុបចោលបទមួយករណីទៅលើលោក វ៉ែន វ៉ន ពីសំណាក់តំណាងអយ្យការដែលជាព្រះរាជអាជ្ញារងនេះ។ តែលោកសង្ឃឹមថាចៅក្រមជំនុំជម្រះនឹងទម្លាក់បទល្មើសទាំងអស់ទៅលើតំណាងសហគមន៍រូបនោះព្រោះគាត់ប្រមូលទិញឈើទៅសង់ផ្ទះសហគមន៍ប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «វាជាឆន្ទានុសិទ្ធិរបស់ចៅក្រមដែលសម្រេចយើងសង្ឃឹមថាចៅក្រមនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពថ្លឹងថ្លែង និងពិចារណាសម្រេចចិត្តប្រកបដោយគតិយុត្តិធម៌លើករណីនេះ»៕