កណ្តាលៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​ពី​ម្សិលមិញ បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​នៅ​ពន្ធនាគារ ក្រោយពី​ចោទប្រកាន់​ពី​បទរំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​តាម​មាត្រា​ ២៤១ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើ​តាម​លោក​ ទិន សុចិត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​។

លោក​ ទិន សុចិត្រា បាន​ថ្លែងថា​៖ «​ចៅក្រម​ស៊ីបសួរ​លោក​ គឹម រ័ត្នណារិន បានសម្រេច​ឃុំខ្លួន​ឈ្មោះ ហាន រ៉េត ហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ ២៤១ នៃ​ក្រមព្រហ្មទណ្ឌ​» ។

យោង​តាម​មាត្រា​ ២៤១ នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​សេពសន្ថវៈ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​ ៧ ​ឆ្នាំ​ទៅ ១៥ ​ឆ្នាំ​កាលបើ​អំពើ​នេះ​ប្រព្រឹត្ត​ទៅលើ​ ៣ ​ចំណុច​។ ទី​១ បុគ្គល ដែល​ទន់ខ្សោយ ពិសេស​ដោយ​មូលហេតុ​អាយុ​នៃ​បុគ្គល​នោះ ទី​២ នារី​មានគភ៌ កាលបើ​គភ៌​ត្រូវបាន​គេ​ឃើញជាក់ស្តែង ឬ​កាលបើ​ជនល្មើស​ដឹង​។ ទី​៣ បុគ្គល​ដែល​ទន់ខ្សោយ ពិសេស​ដោយ​មូលហេតុ​នៃ​ជំងឺ ពិការភាព កាលបើ​ស្ថានភាព​នៃ​បុគ្គល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ជាក់ស្តែង​ ឬ​កាលបើ​ជនល្មើស​បានដឹង​។

លោក​ យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៩ ខែតុលា ថា មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​បាន​កើតឡើង​ជាច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​ឪពុកម្តាយ​របស់​ជនរងគ្រោះ​មិន​ហ៊ាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនបង្ក​នោះទេ ដោយសារ​ខ្លាច​អស់​លុយ ព្រោះ​ជីវភាព​ខ្វះខាត​ខ្លាំង ហើយ​គាត់​មិន​ធ្លាប់​ដឹង​ពី​របៀប​នៃ​ការប្តឹង​ឱ្យ​សមត្ថិច្ច​ជួយ​អន្តរាគមន៍​។

លោក​ វណ្ណដា បាន​ថ្លែងថា រឿង​រំលោភ​សេពសន្ថវៈ​នោះ​បាន​កើតឡើង​ប្រហែល​រយៈពេល​ ១ ​អាទិត្យ​កន្លងមកហើយ ដែល​ជនរងគ្រោះ​មិន​ហ៊ាន​ប្រាប់​ឪពុកម្តាយ​របស់គាត់​ឡើយ​។ ប៉ុន្តែ​ជីដូន​របស់​ជនរងគ្រោះ​មាន​ការងឿងឆ្ងល់ ព្រោះ​ពេល​ចៅស្រី​របស់គាត់​បត់ជើង​តូច​ម្តងៗ​ចេះ​តែ​ឈឺ និង​មាន​ហូរឈាម គាត់​ឆ្ងល់​ក៏​បាន​យក​ចៅ​ទៅ​ពេទ្យ​។ នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​ជំនាញ​ស្ត្រី​បាន​ប្រាប់​គាត់​ថា ចៅស្រី​របស់​គាត់​ត្រូវបាន​គេ​រំលោភ​សេពសន្ថវៈ​។

ក្រោយពេល​គ្រូពេទ្យ​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​លោក​ក៏បាន​ចាត់​កម្លាំង​សមត្ថកិច្ច​ដែលមាន​អធិការរង​ម្នាក់​រួម​ជាមួយ​មេប៉ុស្តិ៍ ដើម្បី​ទៅ​ចាប់​ជនល្មើស​យក​មក​សាកសួរ​។ លទ្ធផល​នៃ​ការសួរនាំ គឺ​ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ពិតមែន​ [​ចំនួន​ ២ ​ដង​] ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​បញ្ជាក់​ថ្ងៃ​ណា​ច្បាស់​ទេ​ [​មើល​ទៅ​ដូច​បែក​ថ្នាំ​]​។ ប៉ុន្តែ​បើតាម​លទ្ធផល​នៃ​ការពិនិត្យ​របស់​គ្រូពេទ្យ​បញ្ជាក់ថា ការរំលោភ​នោះ​អាច​កើតឡើង​ប្រហែល​ ១ ​អាទិត្យ​កន្លង​មក​ហើយ​។

ទោះយ៉ាងណា​លោក​អធិការ​បាន​បន្តថា លោក​នឹង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​ភ្លាមៗ ប្រសិនបើ​ដឹងថា មេប៉ុស្តិ៍​ក្នុង​ក្រុង​តាខ្មៅ​រូប​ណា​ហ៊ាន​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ករណី​ពួកគាត់​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​សុំឱ្យ​ជួយ​អន្តរាគមន៍​។

លោក ​ឡោ សុខៃ មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយរលំ​បាន​ឱ្យ​ដឹងថា រឿង​ចាប់រំលោភ​សេពសន្ថវៈ​នេះ​គឺ​មិនមែន​ទើបតែ​កើតឡើង​ភ្លាមៗ​ហើយ​សមត្ថកិច្ច​ចុះ​ចាប់​នោះទេ គឺ​បាន​កើតឡើង​មួយរយៈ​ហើយ ប៉ុន្តែ​ទើបតែ​ថ្ងៃទី​ ១៨ ខែ​តុលា​នេះ ទើប​លោក​ទទួលបញ្ជា​ពី​អធិការ​ដើម្បី​ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ​។

លោក​ សុខៃ ថ្លែង​ថា​៖ «​រឿង​ហ្នឹង​ពលរដ្ឋ​គាត់​អត់​បាន​ទៅប្តឹង ទៅ​អី​ទេ​។ គាត់​បាន​នាំ​ជនរងគ្រោះ​ទៅ​ដេកពេទ្យ រួចហើយ​ពេទ្យ​ក៏បាន​ទូរស័ព្ទ​ទៅ​អធិការ​ទើប​បាន​អធិការ​បញ្ជា​ចុះ​មក​ខ្ញុំ​វិញ​»​។

បើតាម​លោក​ សុខៃ ជនសង្ស័យ​ឈ្មោះ ហាន រ៉េត ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​លេខ​ ៤ សង្កាត់​ស្វាយរលំ ក្រុង​តាខ្មៅ​។

រីឯ​ជនរងគ្រោះ​ឈ្មោះ ថ ម រ ឌ ភេទ​ស្រី អាយុ​ ១០ ​ឆ្នាំ​ជនជាតិ​ខ្មែរ ជា​សិស្ស​រស់នៅ​សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ម្តាយ​អាយុ​ ៣៥ ​ឆ្នាំ មុខរបរ​លក់​បន្លែ និង​ឪពុក​អាយុ ៣៨ ​ឆ្នាំ មុខរបរ​នេសាទ​ត្រី​៕