ភ្នំពេញៈចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ៤ ធ្នូនេះ បានបដិសេធសំណើសុំឲ្យដោះលែងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២ នាក់ឲ្យនៅក្រៅឃុំប៉ុន្តែមេធាវីអ្នកទាំងពីរគ្រោងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។
លោក កែវ វន្នី មេធាវីការពារក្តីឲ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលប្រឈមនឹងការចោទពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ»បានថ្លែងថាការបដិសេធនេះត្រូវបានចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ លោក ពេជ្រ វិជ្ជាធរនិងព្រះរាជអាជ្ញាសេងហ៊ាង។
លោកថា៖ «ពួកគេព្រួយបារម្ភអំពីការរត់គេចខ្លួននិងការបំផ្លាញភ័ស្តុតាងផ្សេងៗដែលចាំបាច់សម្រាប់ធ្វើការស៊ើបអង្កេត»។
លោកបានបន្ថែមថា ការសម្រេចនេះគឺមិនត្រឹមត្រូវនិងយុត្តិធម៌សម្រាប់កូនក្តីលោកទេពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសដូចការចោទឡើយ។
លោក វន្នី បន្តថា កូនក្តីលោកបានសហការតាំងពីដំបូងមកហើយពួកគេមិនអាចគេចខ្លួនបានទេហើយក៏គ្មានភ័ស្តុតាងអ្វីផ្សេងដែលត្រូវបំផ្លាញដែរ ពីព្រោះកូនក្តីរបស់លោកមិនបានប្រព្រឹត្តខុសទេ។
លោកឈិន និងសុធារិន្ទ ត្រូវបានចាប់ខ្លួនកាលពីដើមខែវិច្ឆិកាដោយពីដំបូងប៉ូលិសបានប្រាប់ថា អ្នកទាំងពីរត្រូវបានឃុំខ្លួនពីបទបើកបន្ទប់ស្ទូឌីយោដោយគ្មានអាជ្ញាប័ណ្ណ។ ប៉ុន្តែក្រោយមកក្រសួងមហាផ្ទៃបាន ស៊ើបអង្កេតពីរឿងបង្កើតស្ទូឌីយោសម្រាប់វិទ្យុអាស៊ីសេរី ប៉ុន្តែអ្នកទាំងពីរបានបដិសេធ។
វិទ្យុដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកត្រូវបានបង្ខំឱ្យបិទប្រតិបត្តិការនៅកម្ពុជាកាលពីខែកញ្ញា ហើយក៏បានឃុំខ្លួនអ្នកទាំងពីរដែលឈប់ធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយមួយនេះទៅហើយនោះ។
លោកវន្នី បានបញ្ជាក់ថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះគឺប្រហែលជានៅសប្តាហ៍នេះ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ កាលពីថ្ងៃចន្ទបានបន្តសាកសួរលោកឈិន និងសុធារិន្ទ។ ប៉ុន្តែលោក វន្នី មិនទាន់ទទួលបានការជូនដំណឹងណាមួយអំពីការសាកសួរបន្ថែមនេះទេ៕ NS