ភ្នំពេញៈ បន្ទាប់ពី​ជំនុំជម្រះ​ជា​អសាធារណៈ​ចៅក្រម​សាលា​ឧទ្ធរណ៍​កាលពី​ម្សិលមិញ​បាន​សម្រេច​ច្រានចោល​ភ្លាមៗ បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បណ្តឹង​ប្រឆាំង​នឹង​ដីកា​ឃុំខ្លួន​របស់​លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ពាក់ព័ន្ធ​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

ខណៈ​តុលាការ​កំពុង​បើក​សវនាការ​នៅ​ខាងក្រៅ​សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ម្សិលមិញ​មាន​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុមយុវជន​ប្រមាណ​ជាង​ ២០ ​នាក់​ បាន​ឈរ​លើក​បដា​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់​ និង​ដោះលែង​លោក​ រ៉ុង ឈុន​។

បើ​តាម​លោក ជូង ជូងី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក​ រ៉ុង ឈុន បាន​ថ្លែង​នៅក្រៅ​បន្ទប់​សវនាការ បន្ទាប់ពី​ចូលរួម​សវនាការ​អស់ពេល​ជាង​ ២ ​ម៉ោង​មក​ថា ការ​ជំនុំជម្រះ​នេះ​មាន​ចៅក្រម​ ៣ ​រូប​ដែលមាន​លោក ឃុន លាងម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​លោក អ៊ឹម សុផាន ជា​តំណាង​មហាអយ្យការ​។ ចំណែកឯ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន មាន​លោក ឡោ ជុនធី លោក សំ សុគង់ និង​មាន​រូបលោក​ផ្ទាល់​។

លោក ជូងី ​បាន​ថ្លែង​ជំទាស់​នឹង​សាលដីកា​ថា សេចក្តី​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​គឺ​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំណាត់ការ​របស់​នគរបាល​យុត្តិធម៌ ដែល​អនុវត្ត​កន្លងមក​។

លោក​បាន​ថ្លែងថា​៖ «​ចំណាត់ការ​របស់​សាលាឧទ្ធរណ៍​នេះ​គឺ​អត់​ត្រឹមត្រូវ ព្រោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិសេរីភាព​របស់​លោក​ រ៉ុង ឈុន​។ ក្រុម​មេធាវី​ខ្ញុំ​នឹង​ជួប​លោក​ រ៉ុង ឈុន ដើម្បី​ប្តឹងទៅ​តុលាការ​កំពូល​ទៀត​»​។

លោក​បន្តថា អ្វី​ជា​មូលហេតុ​ដែល​សាលាឧទ្ធរណ៍​បដិសេធ​លោក រ៉ុង ឈុន នៅ​ក្រៅឃុំ​នោះ ដោយ​សំអាង​ថា​លោក រ៉ុង ឈុន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​សង្គម និង​សំអាង​ថា ដើម្បី​បញ្ចប់​បទល្មើស​ និង​បង្ការ​បទល្មើស​កុំ​ឲ្យ​កើតឡើង​សាជាថ្មី និង​រក្សា​លោក រ៉ុង ឈុន ទុក​ជូន​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ លោក​បន្ត​ថា ដោយសារ​សាលាឧទ្ធរណ៍​យល់ឃើញ​បែប​នេះ ទើប​សម្រេច​ច្រានចោល​ទាំង​បណ្តឹង​ប្រឆាំង​នឹង​ដីកាឃុំខ្លួន​ក៏​ច្រានចោល​ទាំង​បណ្តឹង​ប្រឆាំង​នឹង​ដីកា​មិន​ព្រម​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ គឺ​រក្សា​ដីកា​ទាំង​ ២ ​ខាងលើ​ទុក​ជា​បានការ​ដដែល​។

លោក​បាន​ពន្យល់​ថា ការដែល​សមត្ថកិច្ច​ចាប់​លោក រ៉ុង ឈុន គឺ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់ ព្រោះ​នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​ចែង​ច្បាស់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ការចាប់ខ្លួន​មនុស្ស​ពេលយប់​ដូច្នេះ​ទេ​លើកលែង​តែ​ករណី​កំពុង​ប្រព្រឹត្ត​បទល្មើស​ដូចជា​គ្រឿងញៀន គឺជា​បទល្មើស​ជាក់ស្តែង​ទើប​អាច​អនុវត្ត​ការចាប់ខ្លួន​នៅពេល​យប់​បាន​។ «​ដូច្នេះ​នីតិវិធី គឺ​មិន​អនុញ្ញាត​ឲ្យ​ចាប់ខ្លួន​គាត់​ទាំងយប់​បាន​ទេ តែ​បែរ​ជា​សមត្ថកិច្ច​ចាប់​បំពាន​លើ​គាត់​»​។

លោក ជូង ជូងី បាន​បញ្ជាក់​ថា សាលាឧទ្ធរណ៍​បាន​ជំនុំជម្រះ​លោក​ រ៉ុង ឈុន ​ក្នុង​សំណុំរឿង ២ ក្នុង​ពេល​តែមួយ​ដែល​សំណុំរឿង​ទី​ ១ ​ជា​បណ្តឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំខ្លួន​ និង​ទី​ ២ ​គឺ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ដីកា​សម្រេច​មិន​ព្រម​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។

បើ​តាម​លោក ជូងី នៅក្នុង​សវនាការ​ជា​អសាធារណៈ​នោះ លោក​ រ៉ុង ឈុន ​បាន​រៀបរាប់​ប្រាប់​ចៅក្រម​ថា គាត់​មិនបាន​ធ្វើ​អ្វី​ខុស​ទេ ព្រោះ​ថា​នៅ​អំឡុង​ខែកក្កដា​ឆ្នាំ ២០២០ គាត់​បាន​ចុះទៅ​ពិនិត្យមើល​បង្គោលព្រំ​ដែន​ពី​បង្គោល​លេខ ១១៤ ​ដល់ ១១៩ ​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ក្នុង​នាម​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​គាត់​បាន​សរសេរ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នេះ​។

មាន​ន័យថា សុំ​ឲ្យ​មាន​ការតវ៉ា ព្រោះ​ថា​ប្រទេស​វៀតណាម​បាន​រំលោភ​បូរណភាព​ទឹកដី​ខ្មែរ​ និង​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ពង្រឹង​ការការពារ​បូរភាព​ទឹកដី និង​សុំឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ដី​ទំនាស់​ ៦០ ​ហិកតា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្រង​វិញ​ទៅ​តាម​សំណើ​របស់​ពលរដ្ឋ​។

លោក​ប្រាប់​តាម​សម្តី​លោក​ រ៉ុង ឈុន ​ថា​៖ «​គាត់​ទៅ​មើល​ព្រោះ​គាត់​ចង់ឃើញ​ការពិត ហើយ​មាន​ការត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដី​ទំនាស់​ ៦០ ​ហិកតា​នោះ​។ គាត់​ថា គាត់​គ្មាន​ញុះញង់​ឲ្យ​កើត​វឹកវរ​អី​ទេ ហើយ​អំពើ​របស់គាត់ ដើម្បី​បម្រើ​សង្គម​ប៉ុណ្ណោះ​»​។

មិនអាច​ទាក់ទង​លោក​ ឃុន លាងម៉េង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​បានទេ​កាលពី​ម្សិលមិញ​។

បើ​តាម​លោក​ ជូង ជូងី នៅក្នុង​អង្គ​សវនាការ​ពី​ម្សិលមិញ​នោះដែរ សហមេធាវី ការពារ​សិទ្ធិ​ឲ្យ​លោក​ រ៉ុង ឈុន បាន​លើក​សេចក្តី​សន្និដ្ឋាន​ជា​ទឡ្ហីករណ៍​ច្បាប់​មួយចំនួន​ដើម្បី​ការពារ​សិទ្ធិ​លោក​ រ៉ុង ឈុន ​ដោយ​ទាមទារ​ឲ្យ​សាលាដំបូង​រាជធានីភ្នំពេញ​ក៏ដូចជា សាលាឧទ្ធរណ៍​ដែរ គឺ​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ទាំងអស់​គ្នា​។

លោក​ រ៉ុង ឈុន ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​ ៣១ ​ខែ​កក្កដា​ឆ្នាំ​ ២០២០ នៅក្នុង​ផ្ទះ​របស់​លោក ហើយ​នៅ​ថ្ងៃទី​ ១ ​ខែ​សីហា​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​មាត្រា​ ៤៩៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​៕