កំពង់ធំ: ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្តកំពង់ធំ​កំពុង​សាកសួរ​សាក្សី​ និង​អ្នកពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ចោទប្រកាន់​លោក ម៉ៅ ប៊ុនធូរ នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ធំ ជុំវិញ​បទល្មើស​មួយចំនួន​ក្នុងនោះ​ក៏មាន​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ផងដែរ ខណៈ​បក្ខ​ពួកគាត់​ម្នាក់​ទើប​ត្រូវបាន​សាលាដំបូង​ខេត្ត​ឃុំខ្លួន​បណ្ដោះអាសន្ន​។

លោក សាយ វាសនា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​បានបញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​លោក​ ម៉ៅ ប៊ុនធូរ ទៅ​ចៅក្រម​ស៊ើបសួរ ផូង វណ្ណ កាលពី​ថ្ងៃទី​ ២៦ ខែសីហា ដើម្បី​ពិនិត្យ​សម្រេច​ជុំវិញ​បទល្មើស​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​,​ បទ​កំហែង​យក និង​បទ​ជ្រៀតជ្រែក ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងារ​សាធារណៈ​។

លោក​បញ្ជាក់ថា​៖ «​ករណី​លោក ម៉ៅ ប៊ុនធូរ ខ្ញុំ​បាន​បញ្ជូន​សំណុំរឿង​ហ្នឹង​ទៅ​លោក​ចៅក្រម​គាត់​ពិនិត្យ​ហើយ​ព្រោះ​គាត់​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ហ្នឹង​ដែរ​។ ចៅក្រម​គាត់ មាន​ពេលវេលា​ច្រើន​សម្រាប់​ស៊ើបអង្កេត​ស្រាវជ្រាវ​ថា តើ​គាត់​ជាប់​ពាក់ព័ន្ធ​យ៉ាងណា​ ឬ​អ្នកណាខ្លះ​ពាក់ព័ន្ធ​ថែមទៀត បច្ចុប្បន្ន​លោក​ចៅក្រម​កំពុង​សាកសួរ​សាក្សី​ និង​អ្នកពាក់ព័ន្ធ​មួយចំនួន​»​។

លោក​បន្ថែមថា ចំពោះ​លោក អ៊ុច វណ្ណារិទ្ធ ដែលជា​បក្ខ​ពួកលោក ម៉ៅ ប៊ុនធូរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​សាលាដំបូង​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​ ២៥ ខែសីហា ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃទី​ ២៦ ខែ​សីហា ដោយ​ចោទ​ពី​បទ​ «​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​, បទ​កំហែង​យក និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងារ​សាធារណៈ​»​។

តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក​ សាយ វាសនា ចុះ​ថ្ងៃទី​ ២៥ ខែ​សីហា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១ ខែ កក្កដា​ ឆ្នាំ​ ២០២០ ឈ្មោះ​ ម៉ៅ ប៊ុនធូរ និង​ឈ្មោះ​ អ៊ុច វណ្ណារិទ្ធ ព្រមទាំង​បក្ខពួក​បាន​បើករថយន្ត​ទៅ​ចាប់ខ្លួន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ញឹម មុល ភេទ​ប្រុស ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​យក​បាយ​ទៅ​ឲ្យ​អ្នកបើកបរ​ត្រាក់ទ័រ​កាយ​ដី​ប្រឡាយ​ម្នាក់​នៅ​ចំណុច​បឹង​ផ្គរលាន់​ក្នុង​សង្កាត់​ស្រយូវព ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

ដីកា​បន្តថា បន្ទាប់ពី​ឃាត់ខ្លួន​ឈ្មោះ ញឹម មុល ក្រុម​ជនសង្ស័យ​បាន​បន្តទៅ​ចាប់ខ្លួន​ឈ្មោះ ជុត ថាន និង​ឈ្មោះ យក់ គុត ដែល​ជា​អ្នកបើកបរ​ត្រាក់ទ័រ​បន្ថែមទៀត​។ ក្នុង​នោះបាន​រឹបអូស​យក​ត្រាក់ទ័រ​ ២ ​គ្រឿង​,​ ម៉ូតូ​ ១ ​គ្រឿង និង​ទូរស័ព្ទ​ ២ ​គ្រឿង ប៉ុន្ដែ​ក្នុង​កំណត់ហេតុ​ដកហូត​ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​គឺ​មានតែ​ត្រាក់ទ័រ​ ២ ​គ្រឿង​ប៉ុណ្ណោះ រីឯ​វត្ថុតាង​ផ្សេងៗ​ទៀត​គ្មាន​កត់ចូល​ក្នុង​របាយការណ៍​ទេ​។

ដីកា​បន្តថា ក្រោយពី​ពិនិត្យ​សំណុំ​រឿង និង​វត្ថុតាង​នេះ​បង្ហាញ​ថា ឈ្មោះ ញឹម មុល​, ឈ្មោះ ជុត ថា​ន និង​ឈ្មោះ យក់ គុត ពុំបាន​ជីករណ្ដៅ ឬ​កាយ​ប្រឡាយ​ខុសច្បាប់​ទេ​។ ឈ្មោះ ញឹម មុល គ្រាន់តែ​ជា​អ្នកយក​បាយ​ឲ្យ​កម្មករ​បើកបរ​ត្រាក់ទ័រ​កាយ​ប្រឡាយ​ប៉ុណ្ណោះ​។

ចំណែក​ត្រាក់ទ័រ​យក​ទៅ​កាយ​ប្រឡាយ​ដែលមាន​ឈ្មោះ​ យក់ គុត និង​ឈ្មោះ ជុត ថាន ជា​អ្នកបើកបរ​គឺជា​របស់​ក្រុមហ៊ុន ប៊ី វី ប៊ី តែ​មិនបាន​ជីក​ប្រឡាយ​ថ្មី​ខុសច្បាប់​ទេ ហើយ​ក៏​មិនមែន​ធ្វើ​លើដី ឈ្មោះ អ៊ុច វណ្ណារិទ្ធ ឬ​របស់​អ្នកផ្សេង​ដែរ​។ ​ពិសេស​ក្រុម​ស្ដារ​ប្រឡាយ​នេះ​គឺមាន​ការឯកភាព​ពី​លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុង​ស្ទឹងសែន​, លោក យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ និង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ត្រឹមត្រូវ​តាមច្បាប់​ទាំងអស់​។

ដីកា​បញ្ជាក់ថា ដូច្នេះ​អំពើ​របស់​ឈ្មោះ អ៊ុច វណ្ណារិទ្ធ ភេទ​ប្រុស​អាយុ​ ៣២ ​ឆ្នាំ និង​ឈ្មោះ ម៉ៅ ប៊ុនធូរ គឺជា​បទល្មើស​ «​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​, បទ​កំហែង​យក និង​បទជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅក្នុង​ការបំពេញ​មុខងារ​សាធារណៈ​» ​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បទប្បញ្ញត្តិ​មាត្រា​ ២៥៣, មាត្រា​ ៣៦៣, មាត្រា​ ៣៦៤ និង​មាត្រា​ ៦០៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​ ២០០៩​។

លោក ញឹម មុល​, លោក​ យក់ គុត និង​លោក ជុត ថាន ដែល​ត្រូវបាន​ក្រុម ម៉ៅ ប៊ុនធូរ និង​ឈ្មោះ អ៊ុច វណ្ណារិទ្ធ ចាប់ឃុំខ្លួន​រយៈពេល​ ២ ​យប់ ២ ​ថ្ងៃ​ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ មិន​​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​។

លោក​ យូ ឡា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ​បាន​ថ្លែង​​ពីថ្ងៃ​ទី​ ៣១ ​សីហា​ ថា ជនរងគ្រោះ​ទាំង​ ៣ ​នាក់ ពិតជា​បាន​សុំច្បាប់ និង​ស្នើសុំ​ការឯកភាព​ពី​មន្ត្រី​ជំនាញ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ ប៉ុន្ដែ​លោក​មិនបាន​ដឹងថា​ក្រុម​លោក ម៉ៅ ប៊ុនធូរ ចាប់​បង្ខាំង​ពួកគេ​ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​បែបនេះ​ទេ​។

លោក​បន្តថា ប្រឡាយ​នៅ​ចំណុច​បឹង​ផ្គរលាន់​នេះ​ត្រូវ​បាន​ពលរដ្ឋ និង​អាជ្ញាធរ​រៀបចំ​គម្រោង​ស្នើសុំ​ការឯកភាព​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ស្ដារ​​ឡើងវិញ ព្រោះ​វា​ជា​ប្រឡាយ​ចាស់ រាក់ និង​មិនអាច​ផ្ទុក​ទឹក​សម្រាប់​ប្រើប្រាស់​ដល់​រដូវប្រាំង​បាន​។ រីឯ​ក្រុមហ៊ុន ប៊ី វី ប៊ី បាន​ជួយ​ស្ដារ​ប្រឡាយ​​នេះ​ដោយ​មិន​គិត​កម្រៃ​សេវា​ទេ ប៉ុន្ដែ​ពេលនេះ​ទើបតែ​ស្ដារ​បាន​ជាង​ ១០០ ​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ប្រឡាយ​ទាំងមូល​មាន​ប្រវែង​ជាង​ ១ ០០០ ​ម៉ែត្រ​។

លោក​ថា​៖ «​ខ្ញុំ​អត់​ដឹង​ពី​នីតិវិធី​របស់​តុលាការ​មាន​ចំណាត់ការ​ទៅលើ​ឈ្មោះ ម៉ៅ ប៊ុនធូរ ឬ​ឈ្មោះ អ៊ុច វណ្ណារិទ្ធ យ៉ាងណា​ទេ ប៉ុន្ដែ​គ្រាន់តែ​ដឹងថា ជនរងគ្រោះ​ទាំង​ ៣ ​នាក់​នេះ​បាន​សុំច្បាប់​ត្រឹមត្រូវ ហើយ​ក៏​មានការ​ដឹងឮ​ពី​អាជ្ញាធរ​ដែរ​»​។

លោក ម៉ៅ ប៊ុនធូរ នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​ថ្លែង​នៅ​ថ្ងៃទី ០២ ខែ​កញ្ញា​ថា ក្នុង​ប្រតិបតិ្តការ​នេះ​ ​ក្រោមការបញ្ជាពីអភិបាលខេត្តលោក សុខ លូ និងមន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពង់ធំ ដោយមិនមែនលោក​ជា​អ្នក​ដឹកនាំ​កម្លាំង​ទៅ​ធ្វើ​សកម្មភាព​ទេ ដោយ​គ្រាន់​តែចូលរួម​ជាមួយ​មន្រ្តី​ក្នុង​នាម​ជា​សមាជិក​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពង់ធំ។

ករណី​នេះ ពលរដ្ឋ​ម្នាក់ឈ្មោះ អ៊ុច វណ្ណារិទ្ធ បាន​រាយការណ៍​ថា មាន​ការ​រំលោភ​បំពាន​ព្រៃ​លិច​ទឹក​នៅ​តំបន់​ខាង​លើ​នេះ ទើប​មន្រ្តី​ជំនាញ​នៃ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​បង្រ្កាប​នៅ​ចំណុច​ប្រឡាយ​ផ្ទរលាន់​នោះ​ បន្ទាប់​ពី​ឃាត់​ខ្លួន​​មនុស្សម្នាក់​នេះ មន្រ្តី​ជំនាញ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​សាកសួរ​តាមនីតិ​វីធី​ច្បាប់។

លោក​បន្ត​ថា ខណៈ​កំពុង​សាកសួរ​លោក​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មុន​គេ ដោយសារ​លោក​មិនមែន​ជា​មន្រ្តី​ជំនាញ​ចាត់ចែង​ក្នុង​ករណី​នេះ ប៉ុន្ដែ​មន្រ្តី​រដ្ឋបាល​ជលផល​ជា​ចាត់ចែង​សំណុំ​រឿង​នេះ។ ចំពោះ​វត្ថុតាង​នានា មន្រ្តី​រដ្ឋបាល​ជលផល​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគបាល​ខេត្ត ដោយ​លោក​មិន​បាន​ពាក់ព័ន្ធ​ទេ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ដឹង​ថា សំណុំ​រឿង​ខ្ញុំ​នេះ​គេ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ចូល​បំភ្លឺ​នៅ​ថ្ងៃទី ០១ ​ខែ​កញ្ញា រួចរាល់​ហើយដែរ ប៉ុន្ដែ​តុលាការ​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ។ ខ្ញុំ​មិន​មាន​ការ​បារម្ភ​អ្វី​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់ ហើយ​ទុក​លទ្ធភាព​ឲ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​»៕