The Phnom Penh Post Search

Search form

ចៅសង្កាត់​ចាស់ សង្កាត់​សាលា​កំរើក​មិន​ប្រគល់​បន្ទប់​ឲ្យ​អ្នក​ឈ្នះ

Content image - Phnom Penh Post
សាលាសង្កាត់​សាលា​កំរើក​ក្នុង​ក្រុង​សៀមរាប​។ រូបថត ហ្វេសប៊ុក

ចៅសង្កាត់​ចាស់ សង្កាត់​សាលា​កំរើក​មិន​ប្រគល់​បន្ទប់​ឲ្យ​អ្នក​ឈ្នះ

សៀមរាបៈ ​ចៅសង្កាត់​សាលា​កំរើក​ក្នុង​ក្រុង​សៀមរាប​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​មកពី​គណបក្ស​ប្រឆាំង​មិន​ទាន់​បាន​ចូល​អង្គុយ​ធ្វើការ​នៅ​ក្នុង​បន្ទប់​ចៅសង្កាត់​នៅ​ឡើយ​ទេ ដោយសារ​តែ​ចៅសង្កាត់​ចាស់​មកពី​គណបក្ស​ប្រជាជន​បាន​ចាក់​សោ​ទ្វារ​បន្ទប់​មិន​ឲ្យ​លោក​ចូល​ធ្វើការ​បាន​។

លោក ជិន សុខង៉េង ចៅសង្កាត់​សាលា​កំរើក​ដែល​ទើប​តែ​មាន​វ័យ​ ២៦ ​ឆ្នាំ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​លោក​កំពុង​អង្គុយ​បម្រើ​សេវា​ដល់​ពលរដ្ឋ​នៅ​ក្រៅ​បន្ទប់​ចៅសង្កាត់​នៅ​ឡើយ គិត​ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​សុពលភាព​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ​ ២០១៧ ​មក​។

លោក ជិន សុខង៉េង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​កាលពី​ម្សិលមិញ​ថា ចៅសង្កាត់​ចាស់​បាន​ឲ្យ​លោក​រៀបចំ​បន្ទប់​ថ្មី​សម្រាប់​អង្គុយ​ធ្វើការ​តែ​លោក​ថា អគារ​សាលា​សង្កាត់​នេះ​មាន​ទំហំ​តូច​ដែល​ពិបាក​ក្នុង​ការ​រៀបចំ​បន្ទប់​ថ្មី​។

លោក​បន្ថែម​ថា​៖ «​ខ្លួនឯង​អស់​តួនាទី​ជា​ចៅសង្កាត់​ហើយ​នៅ​តែ​ក្រាញ​អ៊ីចឹង​ទៀត សូម​បញ្ឈប់​ទៅ វប្បធម៌​អស់​ហ្នឹង​ហើយ​យើង​ត្រូវ​ឲ្យ​គេ​អ្នក​ថ្មី​គេ​បំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ សំខាន់​យើង​គិតគូរ​បម្រើ​ពលរដ្ឋ បើ​យើង​គិត​ថា​យក​ (​បន្ទប់​) ​ហ្នឹង ដើម្បី​រារាំង​ការងារ​អស់​ហ្នឹង​ធ្វើ​ឲ្យ​ម្ខាង​មិន​សប្បាយ​ចិត្ត ធ្វើឲ្យ​ម្ខាង​ទៀត​អាក់អន់​ចិត្ត អាហ្នឹង​ការងារ​មិន​រលូន​ទេ​»​។

ទោះ​យ៉ាងណា​ លោក​ថា ​លោក​នឹង​រក​វិធី​ដោះស្រាយ​បញ្ហា​ទៅ​តាម​នីតិវិធី​។

ទោះ​ជា​យ៉ាង​ណា​អតីត​ចៅសង្កាត់​លោក សាម ឡន ឲ្យ​ដឹង​ថា​អគារ​សាលា​សង្កាត់​បច្ចុប្បន្ន ជា​អគា​សាលា​បុណ្យ​ពី​មុន​ដែល​គ្មាន​បន្ទប់​អ្វី​នោះ​ទេ​។

លោក​ថា​ ក្រោយ​មក​លោក​បាន​ធ្វើ​បន្ទប់​មួយ​សម្រាប់​លោក​ក្នុង​នាម​ជា​ចៅសង្កាត់​។

លោក​ថា​លោក​បាន​ណែនាំ​ឲ្យ​ចៅសង្កាត់​ជាប់​ឆ្នោត​ថ្មី​រៀបចំ​បន្ទប់​មួយ​នៅ​ក្បែរ​នោះ​ជា​ជាង​ទាមទារ​យក​បន្ទប់​របស់​លោក​។

លោក​បន្ថែម​ថា​៖ «​កន្លែង​ធ្វើការ​មួយ​គំនរ​មិន​រៀបចំ​ទៅ​តុ​កៅអី​មួយ​គំនរ ខ្ញុំ​ប្រាប់​ហើយ​តើ កន្លែង​ណា​រៀប​បាន​ក៏​រៀប​ធ្វើ​ការងារ​ទៅ​...​បន្ទប់​ខ្ញុំៗ​ចាក់សោ​អ៊ីចឹង​ហើយ​...​ខ្ញុំ​មាន​ទាន់​អស់​តួនាទី​ឯណា ខ្ញុំ​មាន​ទៅ​ទាមទារ​អី​ខ្ញុំ​មាន​ទៅ​ប្រឆាំង​អី​...​យើង​អង្គុយ​ទៅ​រក​កន្លែង​អង្គុយ​សមរម្យ​ទៅ ទៅ​ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​អី​កន្លែង​មាន​ល្ហល្ហាច​រឿង​តូច​យក​មក​ធ្វើ​ជា​រឿង​ធំដុំ មិនមែន​ជា​អ្នក​ដឹកនាំ​ទេ​»​។

ដោយឡែក​នៅឯ​ក្រុង​ប៉ោយប៉ែត​ឯណោះ​វិញ​លោក ចៅ វាសនា ដែល​បាន​ជាប់ឆ្នោត​ជា​ចៅសង្កាត់​ប៉ោយប៉ែត​មកពី​គណបក្ស​ប្រឆាំង​មិន​អាច​ដឹកនាំ​ការងារ​ក្នុង​សង្កាត់​នេះ​បាន​ទេ​ដោយសារ​លោក​នៅ​បន្ត​ជាប់​ពន្ធនាគារ​រឿង​ដែល​តុលាការ​ចោទ​លោក​ថា​បាន​ញុះញង់​ក្នុង​បាតុកម្ម​មួយ​កាលពី​ឆ្នាំ ២០១៥ ​។

លោក​បាន​ផ្ញើ​លិខិត​ផ្ទេរ​ភារកិច្ច​ទៅ​ចៅសង្កាត់​រង​ទី​ ១ លោក កង សុខឿន មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​។

លោក កង សុខឿន បាន​ឲ្យ​ដឹង​ថា​បើ​ទោះបី​ជា​លោក​ចៅ​ វាសនា បាន​ប្រគល់​ភារកិច្ច​ឲ្យ​លោក​សម្រេច​កិច្ចការ​ទាំងអស់​ក្នុង​សង្កាត់​ក្តី ប៉ុន្តែ​លោក​ថា​លោក ចៅ វាសនា នៅ​បន្ត​នៅ​ពី​ក្រោយ​ដោយ​ផ្តល់​យោបល់​ដាស់តឿន​ឲ្យ​លោក​ខិតខំ​បម្រើ​ពលរដ្ឋ​ក្នុង​សង្កាត់​ឲ្យ​បាន​ល្អ​។ «​គាត់​ទាក់ទង​មក​យើង​តាម​​ទូរស័ព្ទ តែ​យើង​មិន​អាច​ទូរស័ព្ទ​ទៅ​គាត់​វិញ​ទេ​ដោយសារ​ជា​ទូរស័ព្ទ​ពន្ធនាគារ​។ គាត់​បាន​ប្រាប់​ឲ្យ​យើង​ខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ពលរដ្ឋ និង​កុំ​ឲ្យ​មាន​បញ្ហា​ផ្ទៃក្នុង​»​។

ចំពោះ​ការ​ផ្ទេរ​ភារកិច្ច​ពី​ចៅសង្កាត់​ចាស់​លោក​ថា​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​ដោយសារ​ចៅសង្កាត់​ចាស់​មិន​បាន​ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​នេះ​ទេ​។

លោក​ថា ​ផ្ទុយ​ទៅ​វិញ​ចៅសង្កាត់​ចាស់​បាន​ជួយ​ជួសជុល​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ទៀត​ផង​។

កាលពី​សប្តាហ៍​មុន​ក៏​មាន​ការ​មិន​ប្រគល់​បន្ទប់​ឲ្យ​ចៅសង្កាត់​ថ្មី​នៅ​សង្កាត់​លេខ ១ ក្រុង​ព្រះសីហនុ​ដែល​លោក អ៊ុក ចេត្តនី ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ឡើង​កាន់​តំណែង​ផង​ដែរ​។ ប៉ុន្តែ​លោក អ៊ុក ចេត្តនី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ហើយ ដោយ​លោក​ឈប់​ទាមទារ​បន្ទប់​នោះ​ពី​ចៅសង្កាត់​ចាស់​ហើយ ប៉ុន្តែ​លោក​ថា​លោក​នឹង​រៀបចំ​បន្ទប់​ថ្មី​មួយ​សម្រាប់​លោក​អង្គុយ​ធ្វើ​ការងារ​វិញ​។

ចំណែក​ចៅសង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា រាជធានី​ភ្នំពេញ លោក ឈួត ឆាត ដែល​មាន​បញ្ហា​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​ចៅសង្កាត់​រង​ទី​ ១ លោក ហេង ស៊ាងលាង មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ​ថ្លែង​ថា​បញ្ហា​ដោះដូរ​បន្ទប់​នេះ បាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ដោយ​ចៅសង្កាត់​ចាស់​យល់​ព្រម​ប្រគល់​បន្ទប់​ដល់​ចៅសង្កាត់​ថ្មី​៕

រាយការណ៍​បន្ថែម​ដោយ នៀម ឆេង

អត្ថបទគួរចាប់អារម្មណ៍