ភ្នំពេញៈ ចៅសង្កាត់ច្បារអំពៅ ២ មកពីគណបក្សប្រជាជនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅទៅសួរនាំពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាធ្វើសំបុត្រកំណើតឱ្យជនជាតិចិន និងលក់ទ្រព្យសម្បត្តិរដ្ឋឱ្យទៅសមាគមចិនប៉ុន្តែចៅសង្កាត់រូបនេះបានបដិសេធ និងស្នើឱ្យអង្គភាពធ្វើការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ។
ចៅសង្កាត់ច្បារអំពៅ ២ បម្រើការងារតាំងពីឆ្នាំ ២០០៧ លោក យ៉ិន វុធ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកាលោកបានទទួលដំណឹងពីមន្រ្តីរបស់លោកថា អង្គភាពប្រឆាំងអំពើពុករលួយចង់ជួបលោកដើម្បីសួរនាំរឿងធ្វើសំបុត្រកំណើតឲ្យជនជាតិចិនក្នុងតម្លៃប្រមាណជា ១២ ០០០ ដុល្លារ និងរឿងលក់ដីរបស់រដ្ឋឲ្យទៅសមាគមចិនក្នុងតម្លៃរាប់ម៉ឺនដុល្លារ និងបានយកដីរបស់គណបក្សប្រជាជនទៅធ្វើផ្ទះជារបស់ខ្លួនជាដើម។
យ៉ាងនេះក្តី បន្ទាប់ពីការសាកសួរជាច្រើនម៉ោងមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយមិនបានឃុំខ្លួនចៅសង្កាត់រូបនេះទេ។
លោកបញ្ជាក់ថា៖ «ចៅហ្វាយខណ្ឌគាត់ប្រាប់ថា ACU ចង់ជួបឱ្យបំភ្លឺរឿងធ្វើសៀវភៅស្នាក់នៅខ្ញុំក៏ទៅជាមួយអភិបាលរងគាត់មានឡានជូនខ្ញុំទៅនៅម៉ោង ៩ ព្រឹកហើយសួរដល់ម៉ោង ១២ គេឈប់សម្រាកហើយដល់ម៉ោង ១ គេសួរបន្តទៀតដល់ពេលគេចង់រកឯកសារខ្ញុំនាំគេមករកនៅសង្កាត់នៅម៉ោង ៥ ល្ងាចបន្ទាប់មកគេអត់មានឃាត់ខ្លួនខ្ញុំទេ»។
លោកបន្ថែមថា៖ «ក្រោយពីការសាកសួរគេឱ្យខ្ញុំនាំគេមករកឯកសារនៅសង្កាត់ច្បារអំពៅ ២ គេរកឃើញហើយត្រឡប់ទៅវិញតែគេមិនប្រាប់ថានឹងធ្វើយ៉ាងម៉េចទេគេគ្រាន់តែចង់ដឹងថាការធ្វើឯកសារនោះមានឯកសារគ្រប់គ្រាន់ឱ្យគេអត់គេប្រាប់ថាទាល់តែមានឯកសារបានយើងចេញបាន»។ «គេសួរថាមុនចេញសំបុត្រកំណើតឱ្យគេមានអីខ្លះខ្ញុំថាមានប័ណ្ណស្នាក់នៅ ឬក៏សៀវភៅគ្រួសារគេធ្វើកំណត់ហេតុចប់ដល់ពេលដល់សាលាសង្កាត់គេឱ្យយើងជួយរកឯកសារកាលពីឆ្នាំ ២០១៣ ដល់ពេលសើរើទៅមានឯកសារគ្រប់គ្រាន់បានគេធ្វើកំណត់ហេតុឱ្យយើងប្រគល់ឱ្យគេ និងផ្តិតមេដៃហើយគេឱ្យយើងថតចម្លងទៅ»។
ទាក់ទងនឹងលុយ ១២០០០ ដុល្លារវិញលោកថា «សួររឿងលុយចប់បាត់ហើយខ្ញុំអត់មានពាក់ព័ន្ធទេពេលគេយកឯកសារគ្រប់គ្រាន់ហើយបានស្មៀនសង្កាត់យកឯកសារមកដាក់ឲ្យខ្ញុំចុះហត្ថលេខាតាមក្រោយណាមួយខ្ញុំឃើញសៀវភៅស្នាក់នៅរបស់គេសុទ្ធតែឈ្មោះខ្មែរ ឈ្មោះ ចាន់ វណ្ណា កើតឆ្នាំ ១៩៦០ ជាងអ៊ីចឹងខ្ញុំមិនដឹងថាអ្នកនោះជាជនជាតិអីទេ»។
ចំណែកទាក់ទងនឹងការលក់ដីរដ្ឋ ឬទីស្នាក់ការបក្សប្រជាជនវិញលោកថា៖ «គេក៏សួរយើងទាក់ទិនការលក់ដីរបស់រដ្ឋទៅឱ្យចិនដែរតែខ្ញុំស្នើឱ្យមន្ត្រី ACU ចុះទៅអង្កេតសួរប្រជាពលរដ្ឋដែលនៅជិតហ្នឹងទៅចំពោះស្នាក់ការបក្សវិញគឺ ឯកឧត្តម ប៉ា សុជាតិវង្ស ពេលឃើញយើងជួលគេអស់លុយច្រើនគាត់ក៏សាងសង់ស្នាក់ការបក្សចៀសវាងកុំឱ្យលុយគេរាល់ខែហើយស្នាក់ការបក្សនេះគេមិនឱ្យអត់មនុស្សនៅទេគឺត្រូវតែមានមនុស្សស្នាក់នៅហើយខ្ញុំក៏យកកន្លែងស្នាក់ការបក្សជាកន្លែងប្រមូលផ្តុំកម្លាំងហើយធ្វើម្ហូបឱ្យសមាជិកហូប ឬអ្នកណាចង់ស្នាក់នៅក៏បានហើយខ្ញុំរស់នៅបណ្តោះអាសន្នបើសិនជាបក្សត្រូវការវិញគេយកវិញទៅមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាទេ»។
យ៉ាងនេះក្តី លោកថ្លែងថា លោកសប្បាយចិត្តនៅពេលដែល ACU ចុះធ្វើការស៊ើបអង្កេតផ្ទាល់ជាជាងស្តាប់តែម្ខាង។
លោកនិយាយថា៖ «ខ្ញុំសំណូមពរឱ្យគេស៊ើបអង្កេតដើម្បីរកភាពយុត្តិធម៌ឡើងវិញចំពោះបញ្ហាលក់ដីធ្លីខ្ញុំទទួលដោយការរីករាយចំពោះការស៊ើបអង្កេតដើម្បីបង្ហាញពីភាពស្មោះត្រង់ភាពសុច្ចរិតតែបើអត់ស៊ើបអង្កេតទេខ្ញុំប្រហែលជារឿងក្តីវែងឆ្ងាយហើយ»។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេកាលពីថ្ងៃម្សិលមិញ ខណៈទូរស័ព្ទរបស់លោកចូលតែពុំមានអ្នកទទួល៕