ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ ​លោក ​ឃួង ស្រេង ​បញ្ជា​ឲ្យ​អាជ្ញាធរ​ដែនដី​មាន​វិធានការ​ចំពោះ​អ្នក​ចាក់ដី​រំលោភ​លើ​ប្រឡាយ​លូ​ ៥ ​និង​ត្រូវ​រុះរើ​ការរំលោភ​នោះ​ចេញ​វិញ ​ចៀសវាង​ការ​មាន​វិធានការ​តាមផ្លូវ​ច្បាប់ ​ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​បង្កើត​គណៈកម្មការ​មួយ​ ដើម្បី​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ។

ការដាក់​បញ្ជា​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៨​ កក្កដា ​អំឡុង​ពេលលោក​ ឃួង ស្រេង ​ដឹកនាំ​មន្ត្រី​ជំនាញចុះ​ត្រួត​ពិនិត្យ​ស្ថានីយ​បូម​ទឹក​លូ ៥​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ៣ ​ខណ្ឌ​មានជ័យ ​ដែល​បាន​សាងសង់​រួច​រាល់។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន។

លោក​ ឃួង ស្រេង ​និយាយថា ​ប្រឡាយ​បង្ហូរ​ទឹក​មាន​សារប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ ​ដែល​អាច​រំដោះ​ទឹក​លិចលង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ទីក្រុង​បាន​យ៉ាង​ប្រសើរ។

លោក​បន្តថា​ មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់ពី​ដី​សាធារណៈ​របស់​រដ្ឋ ​និងដី​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ។ ព្រោះ​ប្រឡាយ​នេះ ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​សង់​លំនៅឋាន​រំលោភ ​ដោយ​ការចាក់ដី​បំពេញ​ប្រឡាយ ​យក​ជា​កម្ម​សិទ្ធិ។

លោក​បញ្ជាក់ថា​៖ «ហើយ​ការងារ​បន្ទាប់ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​មួយ ​ដែលមាន​ការចូលរួម​ពី​ការិយាល័យ​សូ​រិ​យោ​ដី​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​ដើម្បី​ចុះ​បាញ់ថ្នាំ​កំណត់​ទីតាំង​ឱ្យបាន​ច្បាស់ ​និង​ធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ​ដែល​រំលោភ​ប្រឡាយ​ខាងលើ​ឲ្យ​រុះរើ​ចេញ»។

លោក ​អ៊ុម ហឿង ​ចៅសង្កាត់​ស្ទឹង​មានជ័យ​ទី៣ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃនេះ​ថា​ ប្រឡាយ​លូ​ ៥ នេះ​ មាន​ទទឹង​ ៥០ ម៉ែត្រ​ ដោយ​គម្រោង​នៃ​ការអភិវឌ្ឍ ​គ្រោង​នឹងធ្វើ​ផ្លូវ​សងខាង​ប្រឡាយ។ លោក​ថា ​ដោយសារតែ​សាលា​រាជធានី​ភ្នំពេញ ​ទើប​ដាក់​ចេញ​នូវ​វិធានការ​នេះ ​ដូច្នេះ ​មកដល់​ពេលនេះ ​មិន​ទាន់មាន​ការរុះរើ​ណាមួយ​កើតឡើង​នោះទេ ​ដោយ​គ្រាន់​តែមាន​ប្រជាពលរដ្ឋ​មួយចំនួន ​បាន​យល់ព្រម​ផ្តិត​មេដៃ​លើ​ឯកសារ ​ដែល​អាជ្ញាធរ​ចុះ​ស្រង់​ស្ថិតិ ​ខណៈ​ពលរដ្ឋ​មួយចំនួន​ទៀត​ បាន​បដិសេធ។

លោក​ចៅសង្កាត់បាន​ឲ្យ​ដឹងថា ​តាម​ការ​ស្រង់​ស្ថិតិ​នៅក្នុង​សង្កាត់​របស់​លោក ​គឺមាន​ប្រជាពលរដ្ឋ​ចំនួន​ ៩៧ ខ្នង​ផ្ទះ​ ដែល​រកឃើញ​ថា ​បាន​រំលោភ​លើ​ប្រឡាយ​លូ ៥​ នេះ ​ហើយ​ក្នុងនោះ​មាន ​៣៨ ខ្នង​ផ្ទះ ​ត្រូវបាន​ប្រកាស​ឲ្យ​រុះរើ​ផ្ទះ​ចេញ​។

លោក​បញ្ជា​ក់ថា​៖ «តាម​ប្រឡាយ​នេះ ​គឺមាន​ភូមិ ២ ​ដែល​ពាក់ព័ន្ធ ​គឺ​ភូមិ​ឫស្សី ១ ​និង​ឫស្សី ២ ​ហើយ​បានឲ្យ​មន្ត្រី​ស្រង់​ស្ថិតិ​ហើយ។ បើ​និយាយ​ឲ្យ​មែនទែន​ទៅ​ ការរស់នៅ​របស់​ពួកគាត់ ​គឺ​កើតមាន​យូរ​ហើយ ​គឺ​ជាង​ ១០ ឆ្នាំ​មកហើយ​ គ្រាន់តែ​ថ្មី​នេះ ​មានការ​រំលោភ​ថ្មី​ខ្លះៗ​ ដោយ​សារតែ​ពួកគាត់​សង់​បន្ត​គ្នា ​ឃើញ​អ្នក​ចាស់​ធ្វើ ​ក៏​ធ្វើ​ដែរ ​ហើយ​ឃាត់​យ៉ាង​ណាក៏​មិន​ស្តាប់»។

លោក ​អ៊ុម ហឿង​ រំពឹងថា ​សាលា​រាជធានី​ភ្នំពេញ​នឹង​បង្កើត​គណៈកម្មការ​ដោះស្រាយ​ដោយ​យុត្តិធម៌ ​និង​មាន​វិ​ធាន​ការ​ដ៏​ត្រឹមត្រូវ​នៅក្នុង​រឿងនេះ ​ដើម្បី​ចៀសវាង​ការកើត​ទុក​មិន​សុខចិត្ត​ពី​សំណាក់​ពលរដ្ឋ​មួយចំនួន​ ដែល​នាំ​ឲ្យកើត​មាន​ការតវ៉ា​នៅពេល​ខាង​មុខ។

លោក​ ឡុង សាក់ ​ប្រជាពលរដ្ឋ​ម្នាក់​ ដែលមាន​ដី​ជាប់​ប្រឡាយ​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថ្ងៃនេះ​ដែរ​ថា ពី​ដើម​ឡើយ​ប្រឡាយ​​នេះមាន​ទំហំ​ធំ ហើយ​ពលរដ្ឋក៏បាន​រស់នៅ​តាម​ប្រឡាយ​នេះ យូរ​ឆ្នាំ​ហើយ​ដែរ។

ប៉ុន្តែ​លោក​ថា ​ការ​ដែល​ឃើញ​ប្រឡាយ​មាន​លក្ខណៈ​តូច​ជាង​មុន ​ក៏​ព្រោះតែ​ក្រុមហ៊ុន​ដែល​បាន​សាងសង់​ជា​បុរី បាន​ចាក់​រំលោភ​ចូល​ប្រឡាយ ​ហើយ​នៅពេល​មាន​ជា​បញ្ហា គឺ​ត្រូវ​ធ្លាក់​មកលើ​ប្រជាពលរដ្ឋ ដែល​ផ្ទះ​របស់​ពួកគាត់ មិនបាន​ចាក់ដី​ធ្វើ​គ្រឹះ​ត្រឹមត្រូវ។

លោក​ សាក់ ​បញ្ជាក់ថា​៖ «ពី​ដើម​ឡើយ ​ដូច​ខ្ញុំ​ថាអ៊ី​ចឹង ប្រជាពលរដ្ឋ​យើង​ខាង​ណេះ ​មិនមាន​ការទន្ទ្រាន​យក​ប៉ុន្មាន​ទេ ​គឺ​ខ្លាំងៗ​ខាង​បុរី​ឯណោះ​ ដែល​ចាក់ដី​លុប​ចូលមក​ប្រឡាយ​ហ្នឹង ​ហើយ​ធ្វើ​ផ្លូវ​ស្អា​តទៅ។ បើ​គ្រាន់តែ​ធ្វើ​ប្រឡាយ​ ត្រឹម​ ១០ ម៉ែត្រ ​មិន​គួរណា​ឲ្យ​ប្រជាជន​រុះរើ​ទេ ​ព្រោះ​ប្រជាជន​មាន​ដី​តែ​ប៉ុណ្ណឹង​សង់ផ្ទះ ​ហើយ​បើ​ឲ្យ​រើចេញ​គាត់​មាន​ដី​ឯណា?»។

តាម​ការចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មានបាន​ឲ្យ​ដឹងថា ​ស្ថានីយ​បូមទឹក​លូ ៥ ​នេះ ​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​មុំ​បី ចំណុច​ប្រសព្វ​ ៣ ខណ្ឌ ​គឺ​ខណ្ឌ​មានជ័យ ​ពោធិ៍​សែន​ជ័យ ​និង​ខណ្ឌ​ដង្កោ។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​រំដោះ​ទឹក​ជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ជាច្រើន​នៅក្នុង​ខណ្ឌ​ទាំង ៣ ​នេះ​តែម្តង។ ស្ថានីយ​បូមទឹក ​និង​ប្រឡាយ​នេះ ក៏​ជាទី​តាំង​យុទ្ធសាស្ត្រ​មួយ​ ក្នុងការ​បូមទឹក​ចេញពី​តំបន់​ខាងកើត​ព្រលាន​យន្តហោះ​ តំបន់​ចោមចៅ ​តំបន់​ត្រពាំង​ថ្លឹង ​ភូមិ​គោក​បញ្ជាន់ ​តំបន់​ផ្សារ​ស៊ិន​ជូរី​ផ្លា​ហ្សា ​តំបន់​ថ្មគោល​ ផ្លូវ​ ២០០៤ ​និង​មួយផ្នែក​ទៀត​ពី​សង្កាត់​ទឹកថ្លា ​ខាងត្បូង​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ​ដែលមាន​ទំហំ​ផ្ទៃ​រងទឹក​ភ្លៀង​រហូត​ដល់​ ១ ០២៨ ​ហិកតា។

ក្រសួង​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀតថា ​ស្ថានីយ​បូមទឹក​លូ ៥ ​ត្រូវបាន​សាងសង់​ឡើងជា​អគារ​ថ្មី មាន​បណ្តោយ​ ១៨,៩​ ម៉ែត្រ ​ទទឹង​ ១០,៩ ម៉ែត្រ ​បំពាក់​បំពង់​បូមទឹក​ ៤ គ្រឿង។ ក្នុង​នោះ​ បំពង់ ​មុខកាត់​ ៨ តឹក​ ២ គ្រឿង ​និង​បំពង់​មុខកាត់​ ១ ម៉ែត្រ​ចំនួន ​២ គ្រឿង ​ដែល​អាចមាន​សម​ត្ថភាព​បូម​ទឹក​បាន ​៥ ម៉ែត្រ​គុប​ក្នុង​មួយ​វិនាទី​ និង​ស្មើ​និង​ ២៨ ៨០០​ ម៉ែត្រ​គុប​ ក្នុង​ ១ ម៉ោង។ ប្រឡាយ​នេះ​នាំ​ទឹក​ហូរ​ទៅ​ប្រឡាយ​ម័រ ​បន្តទៅ​ជើង​ឯក ​និង​បន្តទៅ​ស្ទឹង​ជ្រៅ ​ខេត្ត​កណ្តាល​ទើប​ហូរ​ចូល​ទន្លេ៕