
ពលរដ្ឋតវ៉ាសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ខែមុននៅកំពង់ធំដោយថាមន្ត្រីបំផ្លាញដំណាំពួកគេ។ រូប FN
កំពង់ធំៈ អភិបាលខេត្តកំពង់ធំលោក សុខ លូ បានបញ្ជាក់ថាលោកនឹងចុះស្រាវជ្រាវលើទំនាស់ដីធ្លីមួយកន្លែងនៅឃុំបឹងល្វា ស្រុកសន្ទុកដែលពលរដ្ឋចោទមន្ត្រីខាងកសិកម្មថា បានបំផ្លាញដំណាំស្វាយចន្ទីរបស់ពួកគាត់។ ប៉ុន្តែមន្ត្រីកសិកម្មបានចោទត្រឡប់វិញថា ពលរដ្ឋទាំងនោះគឺជាអ្នកលួចចូលទៅកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
លោក សុខ លូ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ៥ ឧសភា ថាលោកមិនទាន់ហ៊ានអះអាងថា ភាគីខាងណាខុស ឬត្រូវឡើយ។ ឯការចោទប្រកាន់របស់ពលរដ្ឋដែលថា ខាងមន្ត្រីកសិកម្មបានបំផ្លាញដំណាំស្វាយចន្ទីរបស់ពួកគាត់គឺមិនមានការចូលរួមពីមន្ត្រីថ្នាក់ខេត្តឡើយ គឺជាការសម្រេចរបស់អធិការដ្ឋាន រដ្ឋបាលព្រៃឈើដែលជាមន្ត្រីថ្នាក់ជាតិ។ ទោះបីលោកសន្យាថានឹងចុះទៅស្រាវជ្រាវផ្ទាល់ទៅលើដីទំនាស់នោះក៏ដោយ ប៉ុន្តែលោកអភិបាលខេត្តមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការចុះទៅដល់ទីតាំងនោះឡើយ។
លោកអះអាងថា៖ «ខ្ញុំនឹងចុះពិនិត្យស្រាវជ្រាវជាក់ស្ដែង ប៉ុន្តែការពិតពីដើមតំបន់ហ្នឹងមិនមានបងប្អូនប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែងទេគឺជាដីការពារដីព្រៃ ហើយកន្លងទៅថ្មីៗនេះក្រសួងកសិកម្មក៏បានដាក់ជាតំបន់ស្ថានីយស្ដារព្រៃឡើងវិញ ហើយបងប្អូនថាជាដីទំនាស់ដែលត្រូវដោះស្រាយ។ អ៊ីចឹងយើងមិនអាចជឿតែខាងណាម្ខាងបានទេ»។
ការលើកឡើងនេះបន្ទាប់ពីមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ប្រជាពលរដ្ឋប្រមាណជិត ១០០ គ្រួសារបានផ្ទុះការតវ៉ា បន្ទាប់ពីមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបានសម្រេចកាត់ដីចម្ការស្វាយចន្ទីរបស់ពួកគាត់ដែលអាស្រ័យផលតាំងពីឆ្នាំ ២០០៦ និងឆ្នាំ ២០១១ ស្ថិតក្នុងតំបន់អន្លង់ថ្ម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ចូលក្នុងតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឡើងវិញ។
សារព័ត៌មានទាំងនោះបន្តថា ពលរដ្ឋបានសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីខេត្តដោយសារការតវ៉ាកន្លងមកពលរដ្ឋធ្លាប់ទទួលរង ការគំរាមកំហែងតាមរយៈការវាយដំ ការចាប់ដាក់គុក និងការផ្ទុះអាវុធចំនួន ២ គ្រាប់កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ ជាដើម។
ប៉ុន្តែលោក តិប ញាតា នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈខាងជើងបឹងទន្លេសាបបានបញ្ជាក់ថា ពលរដ្ឋប្រហែល ១០០ គ្រួសារនេះ មិនមែនរស់នៅក្នុងឃុំបឹងល្វានោះទេ។ ប៉ុន្តែភាគច្រើនគឺមកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងខ្លះមកពីខេត្តត្បូងឃ្មុំ ហើយបាននាំគ្នាមកដាំស្វាយចន្ទីលើដីស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ។
លោកបន្តថាខាងមន្ត្រីរបស់លោកបន្តឱ្យអាស្រ័យផលចំពោះដើមស្វាយចន្ទីណាដែលបានដុះលូតលាស់បានធំៗមានអាយុលើសពី ១ ឆ្នាំ។ ចំពោះដើមចន្ទីដែលទើបដាំដែលមានអាយុចាប់ពី ១ ខែដល់ជិត ១ ឆ្នាំគឺមិនអនុញ្ញាតទុកឱ្យអាស្រ័យផលឡើយ។
លោកបញ្ជាក់ថា៖ «តាមពិត ស្វាយចន្ទីហ្នឹងគឺមានតែ ១៥ ម្ចាស់ទៅ ២០ ម្ចាស់ប៉ុណ្ណោះ ហើយមានការលួចដាំថ្មីៗដែលកន្លែងខ្លះមាន ៣ ហិកតាទៅ ៥ ហិកតាគឺយើងមិនអាចអនុញ្ញាតឱ្យដាំឡើយ»។
លោកថា គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ជាតិនឹងសិក្សាវាយតម្លៃអំពីការប្រើប្រាស់ដីរបស់ពលរដ្ឋទាំងនេះ ដើម្បីបញ្ជាក់ថា តើពួកគាត់ពិតជាបានគ្រប់គ្រង និងអាស្រ័យផលមុនថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១២ ដែរឬទេ។ ប្រសិនបើចូលមកឈូសឆាយទន្ទ្រានហ៊ុមព័ទ្ធដីព្រៃឈើក្រោយថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១២ គឺតាមបទបញ្ជា ០១ របស់រដ្ឋាភិបាលមិនអាចអនុញ្ញាតឱ្យកាន់កាប់ឡើយ។
លោកបញ្ជាក់ទៀតថា ពលរដ្ឋទាំងនេះបានចូលដាំដំណាំដោយគ្មានមេភូមិ និងមេឃុំស៊ីញ៉េទទួលស្គាល់ ឬអាជ្ញាធរដែនដីដឹងឮនោះទេ។ កន្លងមកខាងលោកធ្លាប់បានប្ដឹងទៅតុលាការ ដោយតុលាការបានចេញដីកាកោះហៅមនុស្សចំនួន ៣ នាក់ ប៉ុន្តែមិនហ៊ានចូលខ្លួន។ លោកថាតាមការពិនិត្យជាក់ស្ដែងនៅក្នុងតំបន់ដែលមានទំនាស់នេះ មិនមានផ្ទះរបស់ពលរដ្ឋរស់នៅជាក់ស្ដែងឡើយ គឺមានតែផ្ទះថ្មីចំនួន ៤ ខ្នងដែលគេលួចសាងសង់ឡើងដោយមិនទាន់មានជញ្ជាំងនៅឡើយទេ៕