ភ្នំពេញៈ ចៅ​អធិ​ការ​វត្ត​ពោធិ៍​ចិន​តុង​ វ៉ាន​ វន្នី​ បាន​លា​ចាក​សិក្ខា​បទ​ស្ងាត់ៗ​បន្ទាប់​ពី​មាន​​រឿង​រ៉ាវ​ទំនាក់​ទំនង​ជា​មួយ​ស្ត្រី​មា្នក់​ ដែល​រង​ការ​រិះ​គន់​ពី​សាធារ​ណ​​ជន​កាល​ពី​កន្លង​ទៅ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​ព្រះ​ធម្ម​ធរ​អនុ​គណ​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ​ព្រហ្ម​ សុភី​ ។​

កាល​ពី​ចុង​ខែ​មិថុនា ​ព្រះ​សង្ឃ​ វ៉ាន​ វន្នី ​ចៅ​អធិ​ការ​វត្ត​ពោធិ​សត្ថា​រាម​ ​ហៅ​វត្ត​ពោធិ៍​ចិន​តុង​ និង​ស្ត្រី​ឈ្មោះ ​លីម​ ​ធីតា ​បាន​ចេញ​មុខ​​បដិសេធ​ថា​ពួក​គេ​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​ទេ ​ហើយ​បាន​បដិ​សេធ​ថា​ រូប​ដែល​សាធារ​ណ​ជន​បាន​ឃើញ​នៅ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដែល​ថត​​កៀក​កើយ​គ្នា​ ​គឺ​ជា​រូប​កាត់​ត​។​ ​​ប៉ុន្តែ ​កាល​ពី​ម្សិល​មិញ​ ​ស្ត្រី​ម្នាក់​​មាន​ហ្វេស​ប៊ុក​ឈ្មោះ ​Jou Mary ​ដែល​មាន​រូប​ថត​​របស់​ លីម​ ធីតា​ ​បាន​បង្ហោះ​សារ​ឈឺ​ចាប់ ព្រម​ទាំង​បាន​បង្ហោះ​រូប​​លោក​ ​វ៉ាន​ ​វន្នី​ ​ទាំង​នៅ​ជា​សង្ឃ​ពាក់​អាវ​ ​និង​ក្រោយ​ពេល​លា​ចាក​សិក្ខាបទ​។​

​ហ្វេស​ប៊ុក​ Jou Mary​ សរសេរ​ថា​៖ ​«អូន​ជា​អ្នក​ទិញឲ្យ​បង​ តែ​បង​គួរ​តែ​កុំ​ទុក​វា​ពាក់​ទៀត​ធ្វើ​អី​បើ​អូន​លែង​មាន​ន័យ​សម្រាប់​បង ហើយ​អរគុណ​គ្រប់​យ៉ាង​សម្រាប់​កា​របោក​ប្រាស់ ​អរគុណ​ព្រហ្ម​លិខិត​ដែល​ធ្វើ​បាប​ខ្ញុំ។ ​កម្សត់​កម្រជា​មួយ​គ្នា​ជិត​ ១ ឆ្នាំ​ មាន​ទាំង​ផ្អែម​បាន​ទាំង​ជូរ​ចត់​ ដោះ​ស្រាយ​បញ្ហា​​ជាមួយ​គ្នា។​ ពេល​ចប់​រឿង​បាន​សឹក​បង​បោះ​បង់​អូន​ចោល​ ព្រោះ​ជឿ​គ្រួសារ​បង។ អរគុណ​មេ​រៀន​ជីវិត​»​។​

​ព្រះ​តេជ​ព្រះគុណ ​ព្រហ្ម​ សុភី ​បាន​មាន​សង្ឃ​ដីកា​កាល​ពី​ម្សិល​មិញ​ថា៖ ​«សឹក​បាត់​យូរ​ហើយ​តើ!​ សឹក​ហើយ! ​គាត់​លា​ទៅ​ស្រុក​ លា​ឈប់​ពី​តំណែង​ចៅ​អធិ​ការ​»​ ។​

​ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា៖​ ​«​លោក​អត់​មាន​នៅ​ហ្នឹង​ទៀត​ទេ ។ ​ព្រោះ​ដើម្បី​កាត់​បន្ថយ​ ចង់​និយាយ​ថា​​​រស់​ដោយ​មន្ទិល​សង្ស័យ​ ក្នុង​លក្ខណៈ​ដែល​រូប​ភាព​វា​ចេញមក​បែប​នេះ​ហើយ វា​មិន​ល្អ ។​ អ៊ី​ចឹង​អ្វី​ដែល​លោក​អាច​ធ្វើ​បាន​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​ដែរ​គឺ​សុំ​លា​លែង​ពី​តំណែង​ជា​ចៅ​អធិការ»។​

ទោះ​​យ៉ាង​ណា ​ព្រះ​តេជ​ព្រះគុណ ​ព្រហ្ម​ សុភី ​មិន​បញ្ជាក់​ថា​ទំនាក់​ទំនង​រវាង​ឈ្មោះ ​លីម​ ​ធីតា ​និង​ វ៉ាន​ វន្នី​ ជា​រឿង​ពិត​ឬ​អត់​ទេ គឺ​ជា​ឆន្ទា​នុសិទ្ធិ​សម្រេច​របស់​អ្នក​ដទៃឬ​ការ​គិត​របស់​សាធារណ​ជន​យល់​ឃើញ​រៀងៗ​ខ្លួន​ទៅ។

ទោះ​យ៉ាង​ណា​ ព្រះ​តេជ​ព្រះគុណ​ ​ព្រហ្ម​ សុភី​ មាន​សង្ឃ​ដីកា​ថា៖​ «អាត្មា​គិត​ថា​រឿង​នេះ​ចប់​ហើយ ប​ង​ឯង​មក​សួរ វិញ។​ រឿង​វា​អត់​បាន​ប្រ​យោជន៍​អី​ ​រឿង​ក្នុង​សង្គម​ម៉ា​គរគោក​ បង​ឯង​មក​តាម​ប្រមាញ់​អី​រូប​ភាព​បែប​នេះ?»។

ព្រះ​អង្គ​បាន​ពន្យល់​បន្ថែម​​ថា វា​ជា​រឿង​ធម្មតា​​ទេ​ដែល​ព្រះ​សង្ឃ​ក៏​មាន​កំហុស​ដែរ ​ព្រោះ​ព្រះ​សង្ឃ​ជា​មនុស្ស ​មិន​មែន​ជា​ព្រះ ហើយ​អ្នក​កាសែត​ក៏​មាន​កំហុស​ដែរ ។ ​

ព្រះ​អង្គ​បន្ត​ថា ​រឿង​នេះ​មិន​មែន​ជា​រឿង​ព្រហ្មទ​ណ្ឌ​ទេ ​លើក​លែង​តែ​មាន ​«ខាង​ប្រុស​ប្រកែក​ស្រី​ប្រកាន់» ​ហើយ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ពី​បទ​ព្រហ្ម​ទណ្ឌ​។​

​កាល​ពី​ថ្ងៃ​ទី​ ២៤ ​មិថុនា ​កន្លង​ទៅ ​មាន​ការ​ចុះ​ស្រាវ​ជ្រាវ​មួយ​ដោយ​គណៈ​កម្មការ​បាន​ហៅ​ព្រះ​សង្ឃ ​វ៉ាន វ​ន្នី​ និង​ស្ត្រី​ឈ្មោះ ​លីម ធីតា ​ម​ក​សួរ​នាំ​ពីរឿង​រូបភាព​ស្និទ្ធស្នាល​គ្នា​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។​ ប៉ុន្តែ​​ បុគ្គល​ទាំង​ ២ បាន​ឆ្លើយ​ថា​ ពួក​គេ​មិន​ដែល​ស្គាល់​គ្នា​ទេ ​ហើយ​រូប​ដែល​បង្ហោះ​នោះគឺ​ជា​រូប​កាត់​ត ។​

​ព្រះ​ធម្ម​បញ្ញា​ មុនី ​សែម​ សុភា ​ព្រះ​អនុ​គណ​ស្តីទី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ព្រះ​​សង្ឃ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​លេង​ហ្វេសប៊ុក​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​តម្លៃ​ព្រះ​សង្ឃ​ខ្មែរ​។​

​លោក សន ​ជ័យ ​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ថា​ នៅ​ពេល​ដែល​មាន​ការ​ចេញ​បកស្រា​យ​របស់​ហ្វេស​ប៊ុក ​Jou Mary​ ​បែប​នេះ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ការ​អះអាង​របស់ក្រុម​ការងារ​ស៊ើប​អង្កេត​កន្លង​មក​ជា ​«រឿង​អត់​ប្រ​យោជន៍»​ ហើយ​ជា​ការ​ស៊ើប​អង្កេត​​គ្មាន​គុណភាព។​

លោក​ថា​ ការ​លើក​ឡើង​ថា​ រូប​ភាព​ទាំង​នោះ​ជា​រូបភាព​កាត់​ត​នោះ ​ជា​ការ​លើក​ឡើង​តាម​គ្នា ​ជា​ការ​សន្និ​ដ្ឋាន​ខុស​ ​ហើយ​វា​ធ្វើ​ឲ្យ​មហាជន​បាត់​ជំនឿ​។​

​លោក​បន្ត​ថា រឿង​​បែប​នេះ​មិន​មែន​តូច​តាច​ទេ​ ព្រោះ​​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សាស​នា​របស់​រដ្ឋ។

លោក​បាន​បន្ត​ទៀត​ថា​៖ ​«បុគ្គល​ទាំង​ឡាយ​ណា​ដែល​យក​សាសនា​ទៅ​ធ្វើ​ផ្ដេសផ្ដាស បែប​នេះ​ គួរ​តែ​ពិនិត្យ​មើល​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បា​ន​តឹង​រ៉ឹង​ បើ​មិន​ដូច្នេះ​ទេ​ ព្រះ​ពុទ្ធ​សាស​នា​អាច​អាប់​ឱន​ដោយ​សារ​តែ​បុគ្គល​មួយ​ចំនួន​»​ ៕​​