សៀមរាប: បំណែក​បដិមា​បុរាណ​ចំនួន ៤១ ​ដុំ ​ត្រូវបាន​ព្រះចៅអធិការវត្ត​ព្រះឥន្ទទេព ព្រះនាម សែម សំ ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យកទៅ​ថែរក្សា​ទុក​នៅ​ទីតាំង​មាន​សុវត្ថិភាព​ដោយ​ចម្លាក់​ខ្លះ​ជា​ព្រះពុទ្ធ​បដិមា​ដែល​នៅសល់​តែ​ព្រះ​ភ្នែន និង​បល្ល័ង្ក​ផ្កាឈូក បន្ទាប់ពី​ព្រះអង្គ​បាន​ប្រមូល​មក​រក្សាទុក​បណ្តោះអាសន្ន​នៅក្នុង​បរិវេណវត្ត​។

លោក សំ សារ៉េត ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ពីថ្ងៃ​ទី​ ១៣ តុលា ​ថា ក្រុម​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ទទួល​បំណែក​បដិមា​ទាំង​ ៤១ ​ដុំ​ ពី​ព្រះចៅអធិការវត្ត​ព្រះឥន្ទទេព​ព្រះនាម សែម សំ យកមក​រក្សាទុក​នៅ​ការិយាល័យ​នាយកដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី ថតរូប និង​ទុកជា​ឯកសារ​សម្រាប់ធ្វើ​ការជួសជុល​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនសូវ​ដឹង​ច្បាស់​ពី​សាវតារ​បំណែក​ចម្លាក់​បុរាណ​ទាំងអស់នេះ​ទេ គឺ​យើង​យក​មក​រក្សាទុក​សិន ហើយ​ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​ក្រោយ​ទៀត​»​។

លោក ឈូក សុម៉ាឡា មន្ត្រី​ក្រុម​ចុះបញ្ជី​សារពើភណ្ឌ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ជា​អ្នក​ទៅ​ទទួល​យក​បំណែក​ចម្លាក់​បដិមា​ទាំងនេះ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​។

ប៉ុន្ដែ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដកស្រង់​សម្ដី​លោក​កាលពី​ថ្ងៃទី​ ១៣ តុលា​ ថា ក្នុងចំណោម​ចម្លាក់​បដិមា​បុរាណ​ទាំងនេះ​មាន​មួយចំនួនធំ​ជា​ព្រះពុទ្ធបដិមា ដែល​នៅ​សល់​តែ​ព្រះភ្នែន និង​បល្ល័ង្ក​ផ្កាឈូក ចំណែក​ខ្លះទៀត​ឃើញ​មាន​ត្រឹម​ព្រះបាទ​ទ្រង់​ឈរលើ​ជើង​ទម្រ​ប៉ុណ្ណោះ​។

លោក​បាន​បន្តថា តាម​ការពិនិត្យ​ឃើញ​ថា ព្រះពុទ្ធ​បដិមា​ទាំងនេះ​មាន​មួយចំនួន​ស្ថិត​នៅក្នុង​រចនាប័ទ្ម​បាយ័ន​ប្រហែល​នា​ចុង​សតវត្សរ៍​ទី​ ១២ ​ទៅ​ដើម​សតវត្សរ៍​ទី​ ១៣ និង​ខ្លះទៀត​ស្ថិតនៅ​​ក្នុង​រចនាប័ទ្ម​សម័យ​កណ្តាល ប្រហែល​ជា​នៅ​សតវត្សរ៍​ទី ១៥ ឬ ១៦ នៃ គ.ស​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​ចុះទៅ​ទទួល​បំណែក​បដិមា​ខាងលើ​មក​រក្សាទុក​ដើម្បី​ធ្វើការងារ​ចុះបញ្ជី ថតរូប​ និង​ទុកជា​ឯកសារ​សម្រាប់​ធ្វើការ​ជួសជុល​នៅ​​ថ្ងៃក្រោយ​»​។

ព្រះតេជគុណ សែម សំ មិនមាន​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។ ប៉ុន្តែ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដកស្រង់​សង្ឃដីកា​ព្រះអង្គ​ថា ដើមឡើយ​បំណែក​ចម្លាក់​ទាំង ៤១ ​ដុំ នេះ​ស្ថិត​នៅ​ក្នុង​សភាព​រាយប៉ាយ ក្នុង​បរិវេណ​វត្ត​ព្រះឥន្ទទេព​ដែល​ស្ថិតនៅក្នុង​តំបន់​អង្គរ​ក្រុង​សៀមរាប ហើយ​ខ្លះ​ទៀត​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខឿន​ព្រះវិហារ​ក្នុង​វត្ត​ព្រះឥន្ទទេព​។

ព្រះ​តេជគុណបាន​មាន​សង្ឃដីកា​ថា ដូច្នេះ​ដើម្បី​ឱ្យមាន​សុវត្ថិភាព ព្រះអង្គ​ក៏បាន​ប្រមូល​យក​មក​រក្សាទុក​នៅក្នុង​រោង​ផ្នែក​ខាងត្បូង​វត្ត ការពារ​ការបាត់បង់​ និង​ខូចខាត​ដោយ​ប្រការ​ផ្សេងៗ​៕