កំពង់ស្ពឺៈ ព្រះចៅអធិការវត្ដមួយអង្គ ក្នុងខេត្តកំពង់ស្ពឺ កំពុងប្រឈមការបណ្ដេញចេញពីវត្ត បន្ទាប់ពីក្រុមអ្នកភូមិ រកឃើញថា ព្រះសង្ឃអង្គនោះ បានលួចស្លៀកពាក់ ក្លែងធ្វើជាគ្រហស្ថ ជិះម៉ូតូដើរច្រៀងខារ៉ាអូខេ។
លោក ប្រាជ្ញ យ៉េង មេឃុំ ពោធិ៍អង្ក្រង បានថ្លែងពីម្សិលមិញថា ព្រះតេជគុណ កា ធី ព្រះជន្ម ៣២ វស្សា ដែលជាព្រះចៅអធិការវត្តពោធិ៍ ស្ថិតក្នុងភូមិនិងឃុំ ពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ត្រូវបានពុទ្ធបរិស័ទ្ធ ចោទប្រកាន់ថា បានលួចដោះស្បង់ចីវរ ហើយស្លៀកពាក់ខោអាវ ជិះម៉ូតូដើរលេងយប់ និងចូលច្រៀងខារ៉ាអូខេ ឱបថើបស្រីក្មេង ព្រមទាំងលេងល្បែងភ្នាល់គប់ប៉េងប៉ោង។ លោក យ៉េង បន្តថា៖«ក្រុមពុទ្ធបរិស័ទ្ធ ទាមទារឲ្យអាជ្ញាធរយើង ផ្សឹក ឬ បណ្ដេញ ព្រះតេជគុណ កា ធី ចេញពីវត្ត ដោយពួកគាត់ថា ព្រះសង្ឃអង្គនេះ បានត្រូវអបត្តិ»។
លោកជុំ សាម៉ន ប្រធានការិយាល័យធម្មការ និងសាសនា ស្រុក បរសេដ្ឋឲ្យដឹងថា ករណីនេះ លោកបានសហការជាមួយគណៈកម្មការអាចារ្យវត្ត និងអាជ្ញាធរឃុំ ស្រុក ធ្វើការជួបប្រជុំសួរដេញដោលព្រះតេជគុណ កា ធី ពីរលើករួចមកហើយ។ ព្រះអង្គបានទទួលសារភាពថា ព្រះអង្គពិតជាបានស្លៀកពាក់ ដើរលេងគប់ប៉េងប៉ោង ដូចអ្វីដែលអ្នកភូមិបានឃើញពិតមែន ប៉ុន្តែបានបដិសេធថា ព្រះអង្គមិនបានចូលច្រៀងខារ៉ាអូខេ ឱបស្រី ដូចការចោទប្រកាន់នោះទេ។
លោកថ្លែងថា៖«ព្រះអង្គមានដីកាថា កាលដែលព្រះអង្គធ្វើបែបនោះព្រោះចង់សប្បាយ ព្រោះបួសរៀនតាំងពីក្មេងមក មិនដែលបានដើរលេងសប្បាយទេ»។ ដោយព្រះអង្គធ្លាប់មានស្នាដៃ ក្នុងការចូលរួមអភិវឌ្ឍន៍ភូមិឃុំ ដូចជាសង់ព្រះវិហារ ផ្លូវថ្នល់ និងសាលារៀនទើបក្រុមគណៈកម្មការអាចារ្យវត្ត បានស្នើសុំឲ្យមានការសម្រុះសម្រួល ជាមួយពុទ្ធបរិស័ទ្ធ ឲ្យមានការអនុគ្រោះកុំផ្សឹកប៉ុន្តែអ្នកភូមិមិនព្រម។
លោកណុប គឹមស្រេង អភិបាលស្រុកបរសេដ្ឋ បានថ្លែងថា៖«តាមគំនិតខ្ញុំ ដើម្បីការពារកុំឲ្យមានភាពឆ្គាំឆ្គងទៅនឹងធម្មវិន័យព្រះពុទ្ធ សាសនា មន្ត្រីសង្ឃ គួរតែផ្សឹកចៅអធិការវត្ត ព្រះនាម កា ធី ទើបជាការប្រសើរ»៕