ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​សួយសារ​ព្រៃឈើ​សរុប​ប្រមាណ ៥ លាន ៧ សែន​ដុល្លារ ដែល​ចំណូល​នេះ​មាន​ការកើនឡើង​ជិត ២ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កាលពី​ឆ្នាំ​ ២០១៨ ក្រសួង​កសិកម្ម​ទទួល​បាន​ចំណូល​ពី​សួយសារ​ផលអនុផល​ព្រៃឈើ​ប្រមាណ​ជិត ៤​ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រយៈពេល​ ៩ ​ខែ​របស់​ក្រសួង​នេះ​ចេញ​ផ្សាយ​កាលពី​ឆ្នាំមុន​។

ក្រសួង​កសិកម្ម​បាន​លើកឡើង​នៅក្នុង​របាយការណ៍​ថ្មី​ស្ដីពី​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​រយៈពេល​ ៩ ​ខែ​ ឆ្នាំ​ ២០១៩ និង​ទិសដៅ​អនុវត្ដន៍​បន្ដ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារថា​៖ «​សម្រាប់​នព្វមាស ឆ្នាំ​ ២០១៩ ​នេះ​ចំណូល​ពី​ថ្លៃ​សួយសារ​ព្រៃឈើ​សរុប​ចំនួន​ជាង ២២ ​ពាន់​លាន​រៀល និង​ ១២ ​ម៉ឺន​ដុល្លារ​»​។ ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ ៩ ​ខែ​នេះ​ក្រសួង​កសិកម្ម​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ការកាប់​រាន​ដី​ព្រៃ​សរុប​ចំនួន ៦៩១ ​ករណី​ ដោយ​ពិន័យ​អន្តរការល​ចំនួន ៣៦២ ​ករណី និង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៣២៩ ​ករណី​។

លោក ចាន់ ហេង នាយករង​ខុទ្ទកាល័យ​នៃ​ក្រសួងកសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អង្គារ​ថា​ចំណូល​បាន​ពី​សួយសារ​ព្រៃឈើ​នេះ​គឺ​ទទួល​បាន​ពី​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​នានា​ដែល​ទទួល​សិទ្ធិ​វិនិយោគ​។ លោក​បញ្ជាក់ថា​៖ «​កន្លងមក​គឺ​ក្រុមហ៊ុន​ទទួលបាន​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​គាត់​ឈូសឆាយ គាត់​មាន​ផល​ឈើ ផល​អីហ្នឹង ហើយ​គាត់​ប្រមូល​ផល​ហ្នឹង​។ គាត់​បង់ថ្លៃ​សួយសារ​ហ្នឹង ដោយសារ​បរិមាណ​ដែល​គាត់​មាន​គឺ​យើង​ឲ្យ​គាត់​បង់ថ្លៃ​សួយសារ​តាមរយៈ​ការ​បាន​ផល​អនុផល​ព្រៃឈើ​ដែល​ប្រមូល​បាន​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង ហើយ​បាន​ប៉ុន្មាន​គុប ហើយ​តម្រូវ​ឲ្យ​បង់ពន្ធ​ចូល​រដ្ឋ ដែល​ក្នុង​តម្លៃ​ឈើ​លេខ​ ១ ​ប៉ុន្មាន លេខ​ ២ និង​លេខ​ ៣ ត្រូវ​បង់​ប៉ុន្មាន​»​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩៥ ដល់​ឆ្នាំ​ ២០១៥ ​មក​កម្ពុជា​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​ជិត ២ ​លាន​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន ២៦៧ ដើម្បី​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​។ នេះ​បើ​យោង​តាម​របាយការណ៍ «​វិភាគ​ស្ថិតិ​ស្តីពី​សម្បទាន​ដីសេដ្ឋកិច្ច​នៅ​កម្ពុជា​» ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ តស៊ូ​មតិ និង​ទំនាក់ទំនង​​ (RACC) ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) កាលពី​ឆ្នាំ ២០១៦​។

បើទោះ​ជា​យ៉ាងណា​ក៏ដោយ​កាលពី​ឆ្នាំ​ ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជំហរ​ពី​ការបញ្ឈប់​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នានា​តាំងពី​ពេលនោះ​មក ហើយ​ថែមទាំង​បាន​សម្រេច​ដកហូត​យក​ដី​មក​វិញ​ពី​ក្រុមហ៊ុន​ជាច្រើន ដែល​ទទួល​បាន​សិទ្ធិ​នេះ ខណៈ​មាន​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​វិនិយោគ​ជូន​រដ្ឋាភិបាល​វិញ​ផង​ដែរ​។

លោក ចាន់ ហេង នាយករង​ខុទ្ទកាល័យ​នៃ​ក្រសួង​កសិកម្ម​មិន​អាច​បញ្ជាក់​បាន​ទេ​ថា រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប៉ុន្មាន​ដែល​កំពុង​បន្ត​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដីសម្បទាន​សេដ្ឋកិច្ច​ហើយ​លោក​ក៏​មិនទាន់​អាច​បញ្ជាក់​បានដែរ​ថា ចំណូល​សួយសារ​ផល​អនុផល​ព្រៃឈើ​សរុប​ប្រមាណ​ ៥ ​លាន​ ៧ ​សែន​ដុល្លារ​នេះ​ ទទួល​បាន​ពី​ក្រុមហ៊ុន​ប៉ុន្មាន​នោះដែរ​។

លោក​ គ្រើង តុលា ​សកម្មជន​ការពារ​ព្រៃឈើ​បាន​សម្តែង​​ការព្រួយបារម្ភ​នៅពេល​ដែល​ចំណូល​បាន​មកពី​ផល​អនុផល​ព្រៃឈើ​មាន​ការកើនឡើង​ ដូច្នេះ​ព្រោះ​សបញ្ជាក់​ថា​ការកាប់​បំផ្លាញ​ព្រៃឈើ​មាន​ការកើនឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន​ដែល​នៅ​បន្ត​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដីសម្បទាន​សេដ្ឋកិច្ច​។

លោក​បញ្ជាក់ថា​៖ «​បទល្មើស​ព្រៃឈើ​មិនមែន​ថយចុះ​ទេ គឺ​កើនឡើង​។ មូលហេតុ​អី​ដែល​ខ្ញុំ​ថា​ដូច្នេះ ដោយសារ​តែ​បច្ចុប្បន្ន​បើ​ទោះ​មាន​ប្រកាស​បិទ​ពី​ប្រមុខ​រដ្ឋាភិបាល និង​មាន​វិធានការ​រឹតបន្តឹង​យ៉ាងណា​ប៉ុន្តែ​ការលួចលាក់​ (​កាប់​ឈើ​) នៅតែ​មាន​ហើយ​ចំណូល​ចូល​រដ្ឋ​ប៉ុណ្ណឹង​គឺ​ស្តួចស្តើង​មែនទែន​ខណៈ​ដែល​ការទទួល​បាន​រៀងៗ​ខ្លួន​របស់​អ្នក​កាប់​លើស​ ១០ ​ទៅ​ ២០ ដង​ទៅ​ទៀត​»៕